(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាឱឡារិកថា ខ្មែរដាច់ខាតមិនឱ្យចិន ត្រួតត្រាប្រទេសកម្ពុជានោះឡើយ ហើយសម្តេចជឿជាក់ថា ក្នុងទំនាក់ទំនងដ៏ស្អិតរមួតជាមួយចិននេះ ចិនក៏មិនមកត្រួតត្រាកម្ពុជានោះដែរ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» មានតម្លៃជិត ៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់ចិន នៅថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ នៅខេត្តត្បូងឃ្មុំ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា៖ «កសាងប្រទេសបានប៉ុណ្ណឹង គេថាឯងនាំចិនមកត្រួតត្រា ត្រូវយល់ឱ្យច្បាស់នៅទីនេះ ទី១៖ ខ្មែរមិនឱ្យចិនត្រួតត្រាខ្លួនទេ បញ្ជាក់ចំពោះមុខអគ្គរដ្ឋទូតចិន ក៏ដូចជាប្រិយមិត្តចិនទាំងអស់ ខ្មែរមិនព្រមដាច់ខាតឱ្យចិនត្រួតត្រាទេ ទី២៖ ចិនក៏មិនចង់ត្រួតត្រាខ្មែរដែរ អាហ្នឹងនិយាយឱ្យច្បាស់ គោលនយោបាយការបរទេសចិន គឺចិនមិនចង់ត្រួត្រានរណាទេ ចិនគ្រាន់តែចង់ធ្វើមិត្តជាមួយប្រទេសនានានៅលើពិភពលោក»។
សម្តេចបានបន្តទៀតថា «ខ្ញុំបញ្ជាក់នៅមុខអគ្គរដ្ឋទូតចិន បញ្ជាក់ជាសាធារណៈ និងជាសារសម្រាប់ប្រជាជនទូទាំងប្រទេស និងទៅកាន់ពិភពលោកថា ខ្ញុំមិនយល់ព្រមឱ្យចិនត្រួតត្រាទេ ហើយខ្ញុំស្គាល់ច្បាស់នយោបាយរបស់ចិន ចិនក៏មិនចង់ត្រួតត្រានរណាទាំងអស់។ ចិនគ្រាន់ការពារឯករាជ្យអធិបតេយ្យរបស់ខ្លួន គឺគ្រប់គ្រាន់ណាស់ទៅហើយ កុំឱ្យតែគេបំបែកតៃវ៉ាន់ចេញ កុំឱ្យតែគេបង្កើតបញ្ហានៅទីបេ កុំឱ្យតែគេបង្កើតបញ្ហានៅស៊ីជាំង ចិនពេញចិត្តណាស់ទៅហើយ អញ្ចឹងបានជាយើងអនុវត្តនយោបាយចិនតែ១ជាទៀងទាត់»។
កម្ពុជា-ចិន បានភ្ជាប់ទំនាក់ទំនងកាលពីឆ្នាំ១៩៥៥ តាមរយៈសន្និសីទរួមមួយរវាងព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ និង លោកជូ អេនឡាយ អតីតនាយករដ្ឋមន្ត្រីចិន។ ទំនាក់ទំនងការទូតប្រទេសទាំងពីរ បានចាប់ផ្តើមជាផ្លូវការ នៅឆ្នាំ១៩៥៨។
ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បច្ចុប្បន្ននេះ ត្រូវបានគេកត់សម្គាល់ថា កំពុងឈានដល់ចំណុចកំពូល ដែលជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ ចិនផ្តល់ជំនួយ និងហិរញ្ញប្បទាន យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា ជាមួយនឹងការប្រើប្រាស់ពាក្យថា កម្ពុជា-ចិន គឺជាបងប្អូន ដែលមានមិត្តភាពជាដែកថែប ហើយកម្ពុជាបានផ្តល់ជូនចិនវិញរក្សាជំហរប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយផងដែរ ពោលគឺកម្ពុជា មិនទទួលស្គាល់តៃវ៉ាន់ជារដ្ឋបំបែកខ្លួននោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា៖ «តៃវាន់គ្រាន់តែជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ យើងអនុញ្ញាត ឱ្យក្រុមហ៊ុនមកពីតៃវ៉ាន់មករកស៊ីនៅកម្ពុជា ក៏ប៉ុន្តែមិនអាចឱ្យមានស្ថានទូត ឬស្ថានតំណាងរបស់តៃវ៉ាន់ នៅកម្ពុជាទេ មិនអាចឱ្យមានការលើកទង់ជាតិតៃវ៉ាន់ នៅក្នុងសណ្ឋាគារ ឬកន្លែងណាមួយ ដែលក្រុមហ៊ុនតៃវ៉ាន់ធ្វើការនោះទេ នេះជាបទបញ្ជារបស់ខ្ញុំតាំងពី២០ឆ្នាំមុន»។
សម្តេចបានបន្តទៀតថា៖ «ការគោរពអធិបតេយ្យភាពរបស់ចិន មានតម្លៃស្មើនឹងការគោរពអធិបតេយ្យភាពរបស់កម្ពុជា យើងសាកល្បងគិតមើលបើប្រទេសណាមួយ មកបំបែកខេត្តរបស់កម្ពុជាចេញពីប្រទេស តើយើងខឹងទេ? គឺយើងខឹង ចិនក៏ចេះខឹងដូចគ្នាដែរ បើសិនជានរណាបំបែកតៃវ៉ាន់ចេញពីចិន»។
ជាមួយគ្នានេះ សម្តេចបានរំលឹកអំពីប្រសាសន៍របស់ អតីតប្រធានរដ្ឋចិន កាលពីទសវត្ស៩០ ដែលបានបានហៅសម្តេចតេជោ ហ៊ុន សែន គឺជាមិត្តចាស់របស់ចិន៕