(ព្រះវិហារ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលដឹកនាំដោយ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោគ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ បានសហការជាមួយ រដ្ឋបាលខេត្តព្រះវិហារ ដែលដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ បានរៀបចំពិធីផ្សព្វផ្សាយ និងបើកយុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ពិធីនេះដែរ ធ្វើឡើងដោយមានការចូលរួមពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ព្រមទាំងថ្នាក់ដឹកនាំតាមមន្ទីរអង្គភាព យុវជនកាកបាទក្រហម យុវជនសហភាពសហពន្ធ័យុវជនកម្ពុជា យុវជនកាយឫទ្ធិ និងបងប្អូនសមាគមន៍អ្នករត់ម៉ូតូជាច្រើនរូបផងដែរ។
លោក សំ លាងទ្រី បានថ្លែងថា ការរៀបចំពិធីបើកយុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅពេលនេះ ក្នុងគោលបំណងពញ្ញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកបើកបរទោចក្រយានយន្ត ក៍ដូចជាការផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីផលប្រយោជន៍នៃការប្រើប្រាស់មួកសុវត្ថិភាព សំដៅចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តព្រះវិហារឱ្យថយមកកម្រិតទាប។
លោក សំ លាងទ្រី បានលោកឡើងបង្ហាញ អំពីលទ្ធផលការងារ របស់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ ដែលអនុវត្តសម្រេចបានកន្លងមករួមមាន៖ ការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោគ ការងារចុះត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេសជាច្រើនផងដែរ។ លោកក៍បានធ្វើការសំណូមពរទៅលោកស្រី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន សូមជួយសម្រួលក្នុងការដាក់ស្ថានីយ៍ថ្លឹងរថយន្តនៅក្នុងខេត្តព្រះវិហារ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យមើល រថយន្តដឹកលើសទម្ងន់ផងដែរ។
នៅក្នុងឱកាសនោះលោកស្រី មឹន មាណវី និងលោក អ៊ុន ចាន់ដា បានមានប្រសាសន៍ណែនាំ ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវគោរពច្បាប់ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវមានសុជីវធម៍ល្អ និងចេះអធ្យាស្រ័យក្នុងការបើកបរ សូមពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងមួកសុវត្ថិភាពឱ្យបានត្រឹមត្រូវទាំងអស់គ្នា ក្នុងពេលធ្វើដំណើរ ទាំងអ្នកបើកបរ និងអ្នករួមដំណើរ។
ថ្នាក់ដឹកនាំទាំង២បានបន្តថា ការចូលរួមគោរពច្បាប់ចរាចរណ៍ ប្រៀបបាននឹងយើងចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងគ្រួសារ និងក្នុងសង្គមជាតិផងដែរ។ ជាមួយគ្នានោះលោកបានបំពាក់មួកសុវត្ថិភាពដល់អ្នកចូលរួម និងបានជិះម៉ូតូដង្ហែរក្បួនផងដែរ៕