TOP NEWS: សម្ដេចតេជោ ហ៊ុន សែន៖ ការដកអភិបាលរងខេត្តព្រះសីហនុ២រូប ចេញពីតំណែង មានន័យថា ជាការយកគ្រាប់គ្រួស និងខ្សាច់ចេញពីស្បែកជើង ទើបអាចដើរទៅមុខទៀតបាន (Video Inside)
01-03-2019 11:08
(ភ្នំពេញ)៖ បន្ថែមពីលើអនុក្រឹត្យដែលសម្រេចដកអភិបាលរងខេត្តព្រះសីហនុ ២រូប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានបញ្ជាក់ខ្លឹមសារ នៅលើ Facebook របស់សម្ដេចដោយចាត់ទុកថា ការដកអភិបាលរងខេត្តព្រះសីហនុទាំង២រូបនេះ គឺជាការយកគ្រាប់គ្រូស និងខ្សាច់ចេញពីស្បែកជើង ទើបអាចដើរទៅមុខទៀតបាន។
នៅក្នុង Facebook ដែលទើបបង្ហោះនៅប៉ុន្មាននាទីមុននេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥ គឺកា វះកាត់ដោយដកអភិបាលរង ខេត្តព្រះសីហនុ ពីររូបចេញពីតំណែង។ ខ្ញុំត្រូវតែយកគ្រាប់គ្រួស និងខ្សាច់ចេញពីស្បែ ជើងទើបអាចដើរទៅមុខទៀតបាន។ ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រីខិលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ។ ដល់ពេលនេះខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយឲ្យតែបំពានលើផលប្រយោជន៍ប្រជាជន»។
អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ចំនួន២រូប ដែលត្រូវដកតំណែងរួមមាន៖
*ទី១៖ លោក ស្រ៊ុន ស្រ៊ន់ ឋានន្ដរស័ក្ដិ ឧត្តមមន្ដ្រីថ្នាក់លេខ៣
*ទី២៖ លោក ផៃ ប៊ុនវណ្ណៈ ឋានន្ដរស័ក្ដិ ឧត្តមមន្ដ្រីថ្នាក់លេខ៥»។
សូមបញ្ជាក់ថា កាលពីម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបញ្ជាឲ្យសិក្សាដកមេបញ្ជាការយោធា និងអភិបាលរងខេត្តព្រះសីហនុ២រូប ពាក់ព័ន្ធទៅនឹងបញ្ហាដីធ្លីនាពេលកន្លងមក៕