(ភ្នំពេញ)៖ មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីបងប្អូន ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ ដែលគេស្គាល់ថា ជាបុគ្គលិកផ្នែកសន្តិសុខ នៃមន្ទីរពេទ្យកាល់ម៉ែត បានសម្រេចបញ្ចប់ជីវិតរបស់ខ្លួនដោយការចង-កនៅលើម៉ូតូកង់បីឥណ្ឌា។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកព្រលឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅមុខមជ្ឃមណ្ឌលពេទ្យជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត ផ្លូវ៨០ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឃឹម វាសនា ហៅសុខា អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខមន្ទីរពេទ្យកាល់ម៉ែត ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយពិនិត្យសពជនរងគ្រោះ សន្តិសុខមន្ទីរពេទ្យកាល់ម៉ែត បានរាយការណ៍ទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋស្រះចក ដើម្បីចុះមកពិនិត្យសាកសពនៅទីតាំងកើតហេតុ។
តាមព័ត៌មានពីអ្នកស្គាល់ជនរងគ្រោះ បាននិយាយថា មូលហេតុដែលបង្ខំឲ្យគាត់ចង-ក សម្លាប់ខ្លួនបែបនេះ ដោយសារគាត់តូចចិត្តធ្វើការអស់រាប់ឆ្នាំមកហើយ
តែមេរបស់គាត់ ផ្អាកការងារដោយមិនដឹងមូលហេតុ។ មួយទៀត ជនរងគ្រោះ នៅជំពាក់បំណុលគេ មិនទាន់អស់ ហើយរាល់ថ្ងៃគាត់មានកូនទាំងអស់ចំនួន៥នាក់ (ប្រុស៣នាក់ ស្រី២នាក់) ដែលត្រូវចិញ្ចឹម។
អ្នកស្គាល់ជនរងគ្រោះ បានឲ្យដឹងថា សម្រាប់ជនរងគ្រោះជាមនុស្សល្អម្នាក់តែងតែយកអាសារគេ និងអ្នកដែលស្គាល់។ ជាក់ស្តែងនរណាដែលស្គាល់គាត់ ពេលមានបញ្ហាអ្វីនៅក្នុងមន្ទីរពេទ្យ ដូចជាឈឺស្កាត់ និងបញ្ជូនសាច់ញាតទៅកាន់មន្ទីរពេទ្យ គឺរូបតែងតែជួយសម្រួលរហូត។
យ៉ាងណាក៏ដោយ ប្រធានរដ្ឋបាលមន្ទីរពេទ្យកាល់ម៉ែត លោក រាសី បានបញ្ជាក់ថា តាមពិតជនរងគ្រោះ មិនមែនជាសន្តិសុខរបស់មន្ទីរពេទ្យកាល់ម៉ែតនោះទេ គឺជាសន្តិសុខក្រុមហ៊ុនឯកជន ដែលត្រូវបានខាងមន្ទីរពេទ្យជួលដើម្បីរៀបចំរថយន្ត និងម៉ូតូប៉ុណ្ណោះ ដោយសារខាងមន្ទីរពេទ្យ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសន្តិសុខឯកជននោះ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕