(កំពង់ចាម)៖ ឆ្លងតាមការបង្កើតចលនាប្រឡងប្រណាំង មេឃុំ-ចៅសង្កាត់ ដើម្បីចលនាឲ្យប្រជាពលរដ្ឋ ធ្វើបន្ទប់អនាម័យគ្រប់ខ្នងផ្ទះ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានរំពឹងទុកថា ប្រជាពលរដ្ឋនឹងមានបន្ទប់អនាម័យគ្រប់ខ្នងផ្ទះនៅឆ្នាំ២០២៥។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលាស្រុកកោះសុទិន គណៈពេលដែលលោកអភិបាលខេត្ត បានចូលរួមជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលស្រុកកោះសូទិនថ្មី។
លោកអភិបាលខេត្តបានថ្លែងបន្តថា ពិតណាស់ចលនាប្រឡងប្រណាំងរបស់មេឃុំ-ចៅសង្កាត់ ក្នុងការបំផុសចលនាឲ្យប្រជាពលរដ្ឋធ្វើបន្ទប់អនាម័យគ្រប់ខ្នងផ្ទះ ដែលបានរៀបចំដោយរដ្ឋបាល ខេត្តកំពង់ចាម នៅដើមឆ្នាំ២០១៩នេះ គឺជាកិច្ចការសំខាន់ នៃការបំរើសេវាផ្នែកសុខភាពជូនប្រជាពលរដ្ឋ ដោយហេតុថា ប្រសិនបើប្រជាពលរដ្ឋនៅមិនទាន់មានបន្ទប់អនាម័យគ្រប់ខ្នងផ្ទះទេនោះ ការបន្ទោបង់ពាសវាលពាលកាល នឹងកើតមានឡើង ដែលប្រការនេះពួកគាត់អាចនឹងកើតជំងឺឆ្លងផ្សេងៗ តាមរយៈការបន្ទោបង់ពាសវាលពាលកាលនោះ។
ទន្ទឹមនិងនោះ ពេលដែលបងប្អូនប្រជាពលរដ្ឋមានជំងឺ ធ្វើឲ្យមានការខាតបង់ទាំងពេលវេលា និងការចំណាយប្រាក់អស់ជាច្រើនទៀត ដែលជាបច្ច័យនាំឲ្យបងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាតដោយសារតែការខ្វះបង្គន់អនាម័យបន្ទោរបង់នេះផងដែរ។
សូមបញ្ជាក់ថា លោក យី វណ្ណៈ ត្រូវបានប្រកាស់ឲ្យចូលកាន់មុខតំណែងជាអភិបាលស្រុកកោះសុទិន ដែលផ្លាស់មកពីអភិបាលរងស្រុកកំពង់សៀម ចំណែកលោក ផេន សុផល អភិបាលស្រុកចាស់ ត្រូវផ្លាស់ទៅកាន់តំណែងជាអភិបាលស្រុកបាធាយវិញ។
បន្ទាប់ពីលោក យី វណ្ណៈ បានថ្លែងប្ដេជ្ញាចិត្ត និងពិធីប្រគល់ត្រារួច, លោក គួច ចំរើន បានណែនាំដល់អភិបាលស្រុកកោះសូទិនថ្មី ខិតខំប្រឹងប្រែងបន្តការងារបម្រើប្រជាពលរដ្ឋឲ្យបានល្អ។
ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត ក៏បានណែនាំដល់អភិបាលស្រុកថ្មី ត្រូវចេះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋរាល់គ្រប់បញ្ហាឲ្យបានទាន់ពេលវេលា ហើយការដោះស្រាយ ត្រូវចេះរើសយកបញ្ហាណាសំខាន់ ដើម្បីធ្វើជាអទិភាពដើម្បីយកមកដោះស្រាយ។
លោកអភិបាលខេត្ត បានថ្លែងថា «អភិបាលស្រុកថ្មី ត្រូវបន្តអភិវឌ្ឍន៍ក្នុងមូលដ្ឋានបន្ថែមទៀត ជាពិសេសត្រូវបន្តផែនការសកម្មភាពទំនាក់ទំនង បន្តរុករក ដើម្បីស្ថាបនាផ្លូវបេតុង ៧០B ដែលតភ្ជាប់ពី ស្រុកស្រីសន្ធរមកស្រុកកោះសូទិន ដើម្បីជាប្រយោជន៍ឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកកោះសូទិននេះ បានប្រើប្រាស់ ព្រោះថាកន្លងទៅ ផ្លូវនៅក្នុងស្រុកកោះសុទិន ពិបាកក្នុងការធ្វើដំណើរ បើទោះជាទឹក មិនជន់លិច បែកភក់ទេ គឺផ្លូវដីហុយតែម្តង ដូច្នេះលោកអភិបាលស្រុក ត្រូវតែខិតខំបន្តពន្លឿន លើកិច្ចការនេះដែលជាការចាំបាច់ឲ្យបងប្អូនប្រជាពលរដ្ឋឆាប់បានផ្លូវបេតុងប្រើប្រាស់៕