(បាត់ដំបង)៖ សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ បានរៀបចំពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបទី១០៨ ប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ជាស្រ្តីមានចំនួន៥៥រូប ក្នុងចំណោម៣៩៣រូប នៅទូទាំងប្រទេស។
លោក ម៉ប់ សារិន ប្រធាសសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានថ្លែងថា នេះជាលើកទី៣ ដែលសមាគមជាតិ បានរៀបចំឲ្យមាន «កម្មវិធីយល់ដឹងពីសិទ្ធិនារី» និងគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការជម្រុញការលើកកម្ពស់ស្ត្រី ក្នុងការធ្វើសេចក្តីសម្រេចចិត្តជាសាធារណៈ និងក្នុងវិស័យនយោបាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
មានវត្តមានក្នុងពិធីនេះដែររួមមាន លោកស្រី គឹម ស៊ីផាត់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង លោកស្រី ញឹុក សុគន្ធ អភិបាលរងខេត្តបាត់ដំបង និងលោកស្រី នួន នារតី ប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារនៃសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។
សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ក្នុងគោលបំណងកសាងសមត្ថភាពសមាជិក និងការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិក។ បច្ចុប្បន្ន សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត មានក្រុមប្រឹក្សាខេត្តចំនួន ២៤ និងក្រុមប្រឹក្សារាជធានីភ្នំពេញជាសមាជិក។
ការបង្កើតសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិមានគោលបំណងគាំទ្រដល់គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌអាណត្តិទី៣ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។ សម្រាប់អាណត្តិទី៣ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត នឹងមានចំនួនសរុប ៥៥៩ រូប គឺកើន ១៦៦ រូប ប្រៀបធៀបអាណត្តិទី២។
រីឯសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ នឹងមានចំនួន ៣៥៥៥ រូប គឺកើន ៦២៤ រូបបន្ថែមទៀត ប្រៀបធៀបអាណត្តិទី២ មានចំនួនតែ ២៩៣១ រូប ប៉ុណ្ណោះ។ បើតាមយោងអនុក្រឹត្យលេខ ២២ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់អាណត្តិទី៣៕