(ត្បូងឃ្មុំ)៖ នៅថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» មានតម្លៃជិត ៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់ចិន។ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក៏បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។
មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ដែលបើកការដ្ឋានសាងសង់នៅថ្ងៃនេះ គឺជាគម្រោងមន្ទីរពេទ្យធំទី២ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន បន្ទាប់ពីគម្រោងសាងសង់មន្ទីរពេទ្យ «មិត្តភាព កម្ពុជា-ចិន ព្រះកុសុម:» ដែលជាគម្រោងទី១ ទើបចាប់ផ្តើមសាងសង់កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។
ខាងក្រោមជាប្រសាសន៍ដ៏មានខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកដីខេត្តត្បូងឃ្មុំ គឺជាទឹកដីប្រវត្តិសាស្ត្រដ៏ឈឺចាប់ពាក់ព័ន្ធនឹងជីវិតរបស់សម្តេច មានដូចជាការតស៊ូប្រឆាំងជាមួយការឈ្លានពានរបស់ចក្រពត្តិ, កន្លែងពិការភ្នែក, កន្លែងរៀបការ, កន្លែងផ្សំដំណេក និង កន្លែងដែលកូនដំបូងបានស្លាប់។
* សម្តេចតេជោ បានថ្លែងថា ក្រៅពីការរៀបចំសាងសង់អគារដ្ឋបាលខេត្តហើយនោះ នៅទីប្រជុំជនខេត្តត្បូងឃ្មុំ ក៏បានសាងសង់សាកលវិទ្យាល័យ និងវិទ្យាល័យ កន្លែងស្នាក់នៅរបស់គ្រូ និងសិស្ស ហើយបច្ចុប្បន្នចាប់ផ្តើមសាងសង់មន្ទីរពេទ្យដ៏ធំមួយទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យខេត្តត្បូងឃ្មុំ នឹងចំណាយពេលសាងសង់ ៤០ខែ។ ប៉ុន្តែគម្រោងសាងសង់ដោយរដ្ឋាភិបាលចិន គឺតែងតែហើយមុនកាលកំណត់។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ទឹកដីខេត្តត្បូងឃ្មុំ ជាទឹកដីមួយមានប្រវត្តិនៃការអភិវឌ្ឍតាំងពីតាំងពីជំនាន់ហ្លង់ព្រះស្តេចកន និងក្នុងសម័យសង្គមរាស្ត្រនិយម។ ប៉ុន្តែទឹកដីនេះក៏ត្រូវរងការខ្ទេចខ្ទីក្រោយថ្ងៃរដ្ឋប្រហារ ១៨ មីនា ១៩៧០ ហើយទឹកដីនេះ ក៏ជាទឹកដីដែលសម្តេចត្រូវពិការភ្នែក និងជារបួសលើកទី៥ក្នុងសមរភូមិរបស់សម្តេចផងដែរ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែងឲ្យដឹងផងដែរថា ទឹកដីខេត្តត្បូងឃ្មុំ ក៏ជាទឹកដីដែលអ្នកតស៊ូងើបក្រោកឈរឡើង ដើម្បីរំដោះប្រទេស និងកសាងប្រទេសចេញពីបាតដៃទទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ដែលបានចូលរួមគាំទ្រចលនាតស៊ូវាយប្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនគ្រប់អាណត្តិ។
* សម្តេចតេជោ បានលើកឡើងថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតជូនខ្លួនឯង និងរក្សានូវសុខសន្តិភាពនៅកម្ពុជា។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងជាថ្មីថា សម្តេចនឹងបន្តដឹកនាំកម្ពុជាយ៉ាងតិច១០ឆ្នាំបន្តទៀត ព្រោះនៅកម្ពុជានៅតែមានក្រុមអាសិរពិសប៉ុនប៉ងបំផ្លាញសុខសន្តិភាព និងការរីកចម្រើនរបស់ជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើក្រោយពេលកម្ពុជារំដោះចេញពីរបបប្រល័យពូជសាសន៍មានអ្វីខ្លះ ហើយបច្ចុប្បន្នមានអ្វីខ្លះ?
* សម្តេចតេជោ ហ៊ុន សែន បានបបួលក្រុមអ្នកនិយាយថាកម្ពុជាក្រោមការដឹកនាំរបស់សម្តេចកាន់តែក្រទៅៗ ហ៊ានស្បថជាមួយសម្តេចឲ្យស្លាប់ទាំងពូជដែរទេ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលសម្តេចបំពេញដំណើរទស្សនកិច្ចនៅចិនកាលពីខែមករា កន្លងទៅនេះ ទាំងប្រធានាធិបតី និងនាយករដ្ឋមន្ត្រីចិន បានលើកឡើងថា សម្តេចតេជោ គឺជាភ្ញៀវដំបូងគេបានបំពេញទស្សនកិច្ចនៅចិនក្នុងឆ្នាំ២០១៩។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានលើកឡើងទំនាក់ទំនងកម្ពុជា និងចិន ជាទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយប្រជាជនមានទំនាក់ទំនងកាន់តែល្អ។ គ្មានអ្វីដែលខុសទេក្នុងការស្វែងរកទំនាក់ទំនងគ្រប់ប្រទេសទាំងអស់លើពិភពលោក។ តែអ្វីដែលកម្ពុជាត្រូវការ គឺមិត្តចេះជួយគ្នា គោរពគ្នា ជាពិសេសគោរពអធិបតេយ្យរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឈរលើទំនាក់ទំនងជាមួយចិន ដែលបាននាំមកដោយសម្តេច នរោត្តម សីហនុ និងថែទាំដោយព្រះមហាក្សត្រខ្មែរនាពេលបច្ចុប្បន្ន បាននាំមកនូវការរីកចម្រើននូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ និងអគារផ្សេងៗ ដូចជាសាកលវិទ្យាល័យនៅខេត្តក្រចេះ។ ទំនាក់ទំនងនេះ ក៏បាននាំមកនូវការវិនិយោគផ្សេងៗដែលផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរមិនតិចជាងកន្លះលាននាក់នោះទេ។ បន្ថែមពីលើនោះចិន បានសាងសង់វារីអគ្គិសនីជាច្រើនថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រូវការទាំងជំនួយ កម្ចីសម្បទាន និងចង់បានអ្នកវិនិយោគមកកម្ពុជាផងដែរ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា នៅលើពិភពលោកប្រទេសណាក៏ត្រូវការវិនិយោគពីបរទេសផងដែរ តែជាការចម្លែកណាស់សម្រាប់ពលរដ្ឋកម្ពុជាមួយចំនួន ដែលអ្នកវិនិយោគចិនចូលមកវិនិយោគ និងអភិវឌ្ឍន៍នៅកម្ពុជាហើយ សម្តេចខំទាក់ទាញអ្នកវិនិយោគចិនមកកម្ពុជា បែរជាចង់ដេញគេទៅវិញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលើកឡើងក្នុងបំណងបន្ទុចបង្អាក់ការវិនិយោគចិននៅកម្ពុជា គឺជាកំហុសនយោបាយក្រៅប្រទេស និងការទាក់ទាញវិនិយោគពីបរទេសមកអភិវឌ្ឍន៍នៅកម្ពុជា។ សម្តេចតេជោ បន្ថែមថា កម្ពុជាមិនមែនស្វាគមន៍តែការវិនិយោគរបស់ចិននោះទេ គឺកម្ពុជាស្វាគមន៍អ្នកវិនិយោគមកពីគ្រប់ប្រទេសទាំងអស់។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា បច្ចុប្បន្នការវិនិយោគរបស់ចិនមិនមែនមានតែនៅកម្ពុជា នៅវៀតណាម និងអាមេរិកឡាទិន ក៏មានការវិនិយោគរបស់ចិនយ៉ាងច្រើនផងដែរ ព្រោះចិនជាប្រទេសអ្នកមាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាមោទនភាពមួយដែលកម្ពុជាមានមិត្តមួយ ដែលបានជឿទុកចិត្ត និងចូលមកអភិវឌ្ឍន៍នៅកម្ពុជា។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ចិនក៏ជាទីផ្សារដ៏ធំផងដែរសម្រាប់កម្ពុជា ហើយត្រូវប្រឹងបន្ថែមទៀតក្នុងការបើកទីផ្សារនៅក្នុងប្រទេសចិន។
* សម្តេចតេជោ បានថ្លែងថា សម្តេចបានប្រាប់រដ្ឋមន្ត្រីកសិកម្មឲ្យប្រើទីផ្សារចិន ៤០ម៉ឺនតោន និងវៀតណាម ៣០ម៉ឺនតោន ដើម្បីដោះស្រាយបញ្ហាធ្លាក់ថ្លៃស្រូវនៅកម្ពុជា។
* តាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ជំនួយសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ តម្លៃជិត ៥០លានដុល្លារ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ជំនួយរបស់ចិន បានផ្តល់លទ្ធភាពឲ្យសម្តេចអនុវត្តន៍នូវនយោបាយគាំពារសង្គម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកើនឡើងនូវមន្ទីរពេទ្យ គឺជាការចូលរួមគាំទ្រនូវគោលនយោបាយគាំពារសង្គមរបស់សម្តេចឲ្យសម្តេចទៅតាមគោលដៅ។
* សម្តេចតេជោ បានថ្លែងថា ភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្នមិនទាន់ស្កប់ស្កល់នៅឡើយទេ គឺត្រូវតែប្រឹងប្រែងរួមគ្នាបន្តទៅទៀតជាមួយដំណើរដោយស្វាហាប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីបន្តដំណើរទៅរកភាពរីកចម្រើននោះ គឺត្រូវយកចេញគ្រាប់ខ្សាច់ចេញពីជើង។ ក្នុងន័យនេះ គឺសម្តេចសំដៅដល់មន្ត្រីខិលខូចដែលរំខានដល់ការអភិវឌ្ឍជាតិ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ គឺត្រូវតែដកចេញ និងឈានទៅការដាក់ទោសទណ្ឌ។
* សម្តេចតេជោ បានថ្លែងថា សម្តេចចាប់ផ្តើមអនុវត្តន៍អភិក្រមទី៥ «វះកាត់» ដូច្នេះអ្នកដែលរាំងស្ទះដល់ការអភិវឌ្ឍទោះបីឋានៈផ្កាយ ឬលោកខែ ក៏សម្តេចត្រូវតែបោសសំអាតដែរ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់គ្រូពេទ្យថា បើមានមន្ទីរពេទ្យល្អហើយ តែគ្រូពេទ្យខ្វះសមត្ថភាព និងស្មារតីទុកដាក់នោះការផ្តល់សេវាជូនប្រជាពលរដ្ឋ មិនមានភាពល្អប្រសើរនោះឡើយ។ សម្តេចតេជោ បានណែនាំដល់គ្រូពេទ្យទាំងអស់យកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យមានភ័យស្លន់ស្លោរឿងជំងឺឆ្កែឆ្កួត។ សម្តេចតេជោ ក៏បានអំពាវនាវដល់អ្នកចិញ្ចឹមឆ្កែឲ្យចាក់វ៉ាក់សាំងការពារជំងឺឆ្កួត។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រាប់មន្ត្រីរាជការថា ទោះបីអត់មានចំណូលរយៈពេលមួយឆ្នាំក៏រាជរដ្ឋាភិបាលមានប្រាក់សម្រាប់បើកប្រាក់ខែជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធដែរ។ ខុសពីពេលមុនដល់ពេលបើកប្រាក់ខែត្រូវរត់ទៅខ្ចីធនាគារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទន្ទឹមនឹងការដំឡើងប្រាក់បៀវត្សរ៍ហើយនោះ ក៏កម្ពុជានៅតែមានប្រាក់បើកជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែរ។ សម្តេចបានបញ្ជាក់ប្រាក់ខែគ្រូពេទ្យ និងគ្រូបង្រៀនមានអត្រាខ្ពស់ជាងគេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរបំផុតនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបច្ចុប្បន្នបានកាន់ ៣៤ឆ្នាំរួចហើយ ហើយនៅបន្តយ៉ាងតិច១០ឆ្នាំបន្ថែមទៀត។ សម្តេចតេជោ បានបញ្ជាក់ថា ការកាន់យូរ ឬឆាប់ គឺអាស្រ័យលើការគាំទ្ររបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន ប្រាប់ឯកអគ្គរដ្ឋទូតចិនថា នៅមានការងារជាច្រើនទៀតត្រូវធ្វើជាមួយគ្នា។ តាមរយៈសកម្មភាពដ៏មមាញឹកនេះ បានបង្ហាញថា ទំនាក់ទំនងកម្ពុជា និងចិន គឺមានភាពល្អប្រសើរ។
* TOP NEWS: សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្មែរដាច់ខាតមិនឲ្យចិនត្រួតត្រានោះឡើយ ហើយចិនក៏មិនត្រួតត្រាខ្មែរនោះដែរ។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា គោលនយោបាយរបស់ចិន គឺការបង្កើតនូវកិច្ចសហប្រតិបត្តិការមិនមែនចង់ទៅត្រួតត្រាប្រទេសណានោះឡើយ។
* TOP NEWS: សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រាប់ប្រជាពលរដ្ឋខ្មែរ និងពិភពលោកទាំងមូលថា កម្ពុជាមិនអនុញ្ញាតឲ្យចិនត្រួតត្រាខ្មែរនោះឡើយ
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនគាំទ្រចំពោះការប្រកាសឯករាជ្យរបស់កោះតៃវ៉ាន់នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលចិន បានស្គាល់យ៉ាងច្បាស់ពីគោលនយោបាយរបស់សម្តេច គឺការប្រកាន់នូវគោលនយោបាយចិនតែមួយ។
* សម្តេចនាយករដ្ឋមន្ត្រី បានប្រកាសថា បើទោះបីសម្តេចមិនគាំទ្រការប្រកាសឯករាជ្យរបស់តៃវ៉ាន់ តែកម្ពុជាស្វាគមន៍ការរកស៊ីរបស់តៃវ៉ាន់នៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមួយរយៈពេលចុងក្រោយនេះ សម្តេចបានចំណាយជាង ១០លានដុល្លារសម្រាប់កសាងអគារសិក្សា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងត្រៀមចេញបទចម្រៀងមួយបទ «បងជាទន្សាយ» ចំណែកបទ ទទាយំឆ្លង ដែលនិពន្ធដោយសម្តេច, សម្តេចបានថ្លែងថា កុំឲ្យអ្នកណាមួយរើសដាក់ខ្លួន។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទករថានៅវេលាម៉ោង ៩៖៤២នាទី នាព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់របស់ទូរទស្សន៍ព័ត៌មាន Fresh News ដែលកំពុងផ្សាយផ្ទាល់ទូទាំងប្រទេស៕