(ភ្នំពេញ)៖ នៅថ្ងៃទី៤ នៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការ របស់គណៈប្រតិភូកងទ័ពជើងគោក ដែលដឹកនាំដោយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅសាធារណៈរដ្ឋប្រជាមានិតចិន ត្រូវបានឧត្តមនាវីឯក យ័ន្ត យូបូ (Yuan Yubo ) មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាទិសខាងត្បូងនៃប្រទេសចិន ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណ:ប្រតិភូកងទ័ពជើងគោកកម្ពុជា។
ឧត្តមនាវីឯក បានលើកឡើងថា នេះគឺជាជំនួបនៃការទំនាក់ទំនងល្អ ដែលអនុវត្តតាមយុទ្ធសាស្គ្រ គ្រប់ជ្រុងជ្រោយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន ដើម្បីពង្រឹងទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។ លោកឧត្តមនាវីឯក បានបញ្ជាក់ថា កងទ័ពរំដោះប្រជាជនចិន នឹងបន្តគាំទ្រដល់កងយោធពលខេមរភូមិន្ទ ទាំងការកសាងធនធានមនុស្ស និងសម្ភារ:។
ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧត្តមនាវីឯក យ័ន្ត យូបូ (Yuan Yubo ) មេបញ្ជាការ បញ្ជាការដ្ឋានយោធាទិសខាងត្បូងនៃប្រទេសចិន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។
លោកឧត្តមសេនីយ៍ឯកបានបន្តថា ជំនួបនៃប្រទេសទាំងពីរកម្ពុជា-ចិន នៅពេលនេះ ដើម្បីបន្តពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន។ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនចិនដែលមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការរឹងមាំនៅក្នុងដំណើរការកសាងនិងអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើន។
សូមបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់ គណៈប្រតិភូកងទ័ពជើងគោកកម្ពុជា នៅសាធារណៈរដ្ឋប្រជាមានិតចិន បានបញ្ចប់ទៅដោយជោគជ័យក្រោមបរិយាកាសទំនាក់ទំនងល្អ កិច្ចសហប្រតិបត្តិការរឹងមាំ និងគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។
នៅក្នុងដំណើរបំពេញទស្សនកិច្ច និងស្នាក់នៅក្នុងសាធារណរដ្ឋប្រជាមានិតចិន គណ:ប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងទ័ពរំដោះប្រជាជនចិនរួមមាន÷ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន អនុប្រធានគណ:កម្មការយោធាមជ្ឈឹមនៃកងទ័ពរំដោះប្រជាជនចិន មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀត៕