(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានបញ្ជាក់ថា បន្ទាប់ពីបានតាមដាន លើស្ថានភាពអាកាសធាតុរួចមកឃើញថា៖

* សម្ពាធទាបលើផ្ទៃដី នៅតែបន្តគ្របដណ្តប់លើ ព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែនៅរយៈកំពស់ខ្ពស់ (ចាប់ពី៦០០-១៥០០ម៉ែត្រ) កម្ពុជាយើង ទទួលឥទ្ធិពលពីជ្រលងសម្ពាធខ្ពស់ ។
* សំណើមបរិយាកាស មានការប្រែប្រួលខ្លាំង (ពី៨៥-១០០% នៅពេលយប់ និងពេលព្រឹកព្រលឹម មកនៅត្រឹមតែពី២០-៣០% នៅពេលថ្ងៃពេញពន្លឺ)។

ក្រសួងធនធានទឹកបានបន្ថែមទៀតថា លក្ខណៈបែបនេះ នឹងធ្វើឲ្យកំណួចខ្យល់ មិនអាចប្រមូលផ្ដុំពពកទឹកបង្កជាភ្លៀងបាន ផ្ទុយទៅវិញវាជាលក្ខខណ្ឌសមប្រកបសម្រាប់ការកកើតឡើងនូវបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់។

សីតុណ្ហភាពអតិបរមា នឹងបន្តកើនឡើងបន្ថែមទៀត (ស្ថិតក្នុងរង្វង់ ៣៧,៥ អង្សាសេ) ហើយសប្តាហ៍បន្ទាប់ នឹងបន្តកើនឡើងជាលំដាប់រហូតដល់ ៤០-៤២អង្សាសេ នាខែមេសា-ឧសភាខាងមុខ។

ក្រសួងក៏អំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានជាយថាហេតុ៕