(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ច​ប្រជុំ​ក្រុមការងារ ស្តីពី​ការ​ពង្រឹង​ការងារ​ប្រតិបត្តិ​ការ ​តាម​បណ្តាល​កងឯកភាព​កំចាត់មីន​ និងលើកទិសដៅ​ សម្រាប់​ត្រីមាសទី​១ ​ឆ្នាំ​២០១៩​ ដែលរៀបចំធ្វើឡើងនៅទីបញ្ជាការ ស៊ីម៉ាក់​ភ្នំពេញ​ រាជធានីភ្នំពេញ។

លោក ហេង រតនា បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៩នេះ ស៊ីម៉ាក់ មានផែនការបោសសំអាតដី ដែលមានបញ្ហាមីន ឲ្យបានចំនួន១០២គីឡូម៉ែត្រការ៉េ។

លោកបានលើកឡើងថា ខណៈខែដំបូង ក្នុងខែមករា ឆ្នាំ២០១៩ អង្គភាព​ស៊ីម៉ាក់ ​បាន​ធ្វើការ​បោសសម្អាត​ផ្ទៃដី ​បាន​ចំនួន​៦.៩៥គីឡូម៉ែត្រការ៉េ​ ស្មើនិង​៨៦% ​នៃ​ផែនការ​ប្រចាំ​ខែ និងរកឃើញ និង​កំទេច​ចោល​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធ​ភ័ណ្ឌ​មិនទាន់​ផ្ទុះ​ គ្រប់ប្រភេទ​ សរុបចំនួន​៣,៣៩៦​គ្រាប់​។

អគ្គនាយកស៊ីម៉ាក់រូបនេះ បានបន្ដទៀតថា ក្នុងនោះផងដែរ ក៏បានបោះផ្លាក​សញ្ញា​ព្រំ​ចំការមីន ​បាន​ប្រវែង​ ៧,៨៧០​ម៉ែត្រ​​ ក្នុងគោលបំណងឆ្លើយ​តប ​តាម​សំណើរអន្តរាគមន៍​ បានចំនួន​៣៥៧​សំណើរ។

គូសបញ្ជាក់ថា ពេញមួយឆ្នាំ២០១៨កន្លងទៅ អង្គភាព​ស៊ីម៉ាក់ បានរកឃើញ និងកំទេចគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានចំនួនជាង៤ម៉ឺនគ្រាប់ និងបោសសំអាតផ្ទៃដី បានជិត៩ម៉ឺនគីឡូម៉ែត្រការ៉េ៕