Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ខេង សុមេធ ជំរុញឲ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ការពារសន្តិភាព សន្តិសុខជាតិ និងទប់ស្កាត់ បង្ការ បង្រ្កាបឲ្យទាន់ពេលវេលា រាល់សកម្មភាពបទល្មើសផ្សេងៗ

28-02-2019 18:40

(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជំរុញឲ្យកងកម្លាំងនគរបាល អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមការពារសន្តិភាព សន្តិសុខជាតិ និងទប់ស្កាត់បង្ការ បង្រ្កាបឲ្យទាន់ពេលវេលា រាល់សកម្មភាពបទល្មើសផ្សេងៗ ក្នុងដែនភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួន។

នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លើកឡើងយ៉ាងដូច្នេះ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងពិធីបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្ត សម្រាប់ឆ្នាំ២០១៩ ជាមួយនឹងការប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិផងដែរ។

នាយឧត្តមសេនីយ៍ បានជំរុញឲ្យមន្រ្តីនគរបាលជាតិទាំងអស់ ប្រកាន់យកគោលជំហរ មនសិការស្នេហាជាតិ ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទៈរបស់រាស្ត្រ តាមរយ:នៃការបោះឆ្នោត ប្រឆាំងដាច់ខាត រាល់សកម្មភាពញុះញ៉ុង បំបែកបំបាក់សាមគ្គីជាតិ បំពុលបរិយាកាសសង្គម។

នាយឧត្តមសេនីយ៍ សង្កត់ធ្ងន់ថា ចូលរួមកសាងអភិវឌ្ឍសង្គមជាតិ ស្រឡាញ់និងបម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់ គឺជាការអនុវត្តតួរនាទីរបស់មន្រ្តីនគរបាលជាតិ៕