(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បានដឹកនាំកិច្ចប្រជុំមួយ នៅទីស្តីការក្រសួងរៀបចំដែនដី ដើម្បីចាត់ចែងការងារ សម្រាប់ការសាងសង់ព្រលានយន្តហោះថ្មីនេះ។

តាមការប្រកាសរបស់ក្រសួងរៀបចំដែនដី បានឱ្យដឹងថា ក្រោយកិច្ចប្រជុំ មានលទ្ធផលមួយចំនួនដូចតទៅ៖

១៖ ជម្រាបជូនអំពីការសម្រេចរបស់ រាជរដ្ឋាភិបាលក្នុងការបង្កើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីខ្នាត 4F លើផ្ទៃដីទំហំ ២៦០០ ហិកតា ដែលអាចទទួលយន្តហោះខ្នាតធំបាន ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ។

២៖ ប្រគល់ភារកិច្ចជូន ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រៀបចំកិច្ចព្រមព្រៀង ដាក់ពិគ្រោះយោបល់ជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ និងសុំការសម្រេចពី រាជរដ្ឋាភិបាល ដើម្បីចុះហត្ថលេខាជាមួយក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក និងសិក្សា កំណត់តំបន់សុវត្ថិភាពនៃការហោះហើរ។

៣៖ ប្រគល់ភារកិច្ចជូនក្រុមការងារគាំទ្រដល់ការរៀបចំទីតាំងគម្រោងសាងសង់ ចុះកំណត់និយាមកាទីតាំង គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បោះបង្គោលព្រំ កំណត់តំបន់លំនៅឋាននិងកម្ពស់អគារ រៀបចំប្លង់លម្អិតនគរូបនីយកម្ម និងប្លង់ហេដ្ឋារចនាសម្ព័ន្ធ។

៤៖ អនុវត្តឱ្យមានការឯកភាពគ្នានូវប្រព័ន្ធនិយាមកា Datum WGS 84 ក្នុងការវាស់វែង គូសទីតាំងក្បាលដីក្នុងផែនទីតែមួយ។

៥៖ រដ្ឋបាលខេត្តកណ្តាល និងរដ្ឋបាលខេត្តតាកែវ សហការជាមួយក្រុមការងារ និងក្រុមហ៊ុនក្នុងការអនុវត្តតួនាទី និងភារកិច្ចគាំទ្រដល់គម្រោងសាងសង់អាកាសយានដ្ឋានស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាល។

៦៖ ប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកណ្តាល រដ្ឋបាលខេត្តតាកែវ និងអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រកំណត់អត្តសញ្ញាណប្រជាពលរដ្ឋដែលមានដីនៅក្នុងទីតាំងគម្រោងឱ្យបានច្បាស់លាស់ ដោយផ្អែកទៅតាមការកាន់កាប់ជាក់ស្តែង និងឯកសារពាក់ព័ន្ធ ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ។ ជំហានបន្ទាប់ តាមការចាំបាច់ ផ្អាកជាបណ្តោះអាសន្នការធ្វើចរន្តការដីស្ថិតក្នុងទីតាំង ដែលបង្កការលំបាក និងរាំងស្ទះដល់ដំណើរការអនុវត្តគម្រោង។

៧៖ ស្នើ ស្ថាប័នពាក់ព័ន្ធគិតគូរជាមុនអំពីហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ជាអាទី ការបង្កប់បំពង់ហ្គាស បណ្តាញផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធអគ្គិសនី ប្រព័ន្ធលូ ខ្សែកាបអុបទិក អាងប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបានត្រឹមត្រូវមុនបង្ហូរចូលលូសាធារណៈ អង់តែនទូរសព្ទ និងហេដ្ឋារចនាសម្ព័ន្ធក្រោមដីផ្សេងទៀត ចៀសវាងរៀបចំតាមក្រោយដែលបង្កឱ្យខូចខាតដល់ផ្លូវថ្នល់ ជាពិសេស ប្រព័ន្ធការពារ និងរំដោះទឹកជំនន់។

៨៖ ស្នើក្រុមហ៊ុនបង្កើតទីស្នាក់ការបណ្តោះអាសន្នសម្រាប់ធ្វើការនៅលើទីតាំង ជ្រើសរើសបុគ្គលិកចេញពីមូលដ្ឋានដែលមានកាយសម្បទា និងលក្ខណសម្បត្តិ តាមចំនួនសមស្រប មកបម្រើការងារចាំបាច់ក្នុង ការអនុវត្តគម្រោង។ជំហានបន្ទាប់ អាចជ្រើសរើសបុគ្គលិកបន្ថែម តាមតម្រូវការជាក់ស្តែង។

៩៖ លើកទឹកចិត្តប្រើប្រាស់ធនធានមនុស្សក្នុងស្រុកទាំងអ្នកជំនាញ និងអ្នកគ្មានជំនាញឱ្យអស់លទ្ធភាព ក្នុងការអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ បង្កើតគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលគ្រោងធ្វើឡើង នៅភូមិសាស្រ្តស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមាន លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាអនុប្រធាន។ គណៈកម្មការនេះ មានសមាសភាព២៣រូប។

ភារកិច្ចរបស់ គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី រួមមាន៖

* ពិនិត្យ និងកំណត់និយាមកាទីតាំងសម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

* សិក្សាវាយតម្លៃថ្លៃដីនៅតំបន់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

* សម្របសម្រួលដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទីតាំងដីដើម្បីបង្កលក្ខណៈដល់ដំណើរការ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

* សម្របសម្រួលជាមួយក្រសួង ស្ថាប័ននិងអង្គភាពពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងក្រុមហ៊ុន ដើម្បីដំណើរការអនុវត្តគម្រោងប្រព្រឹត្តទៅដោយជោគជ័យ

* ផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនក្នុងការបំពេញបែបបទផ្សេងៗ ដើម្បីឆ្លើយតបបានតាមតម្រូវការសម្រាប់ការអនុវត្តគម្រោង

* ពិនិត្យ និងផ្តល់យោបល់លើផែនការមេរបស់គម្រោង ក៏ដូចជាសំណូមពរផ្សេងៗ របស់ក្រុមហ៊ុនតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ

* ធ្វើរបាយការណ៍អំពីលទ្ធផលជូននាយកដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចជាដើម។

គម្រោងព្រលានយន្តអន្តរជាតិភ្នំពេញ ដែលត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកនាយករដ្ឋមន្ត្រីចិន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគរវាងក្រុមហ៊ុន OCIC លោក ពុង ខៀវសែ និងក្រុមហ៊ុនចិន ដើម្បីរួមគ្នាអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មី លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយអាចប៉ះតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ។

ដើម្បីសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ឬ Cambodia Airport Investment» ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ និងក្រុមហ៊ុនរបស់ឧកញ៉ា ពង់ ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម OCIC និង២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី៖