(ប៉ៃលិន)៖ លោក ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការដឹកនាំកំណែទម្រង់ក្រសួងមុខងារសាធារណៈ បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តប៉ៃលិន ត្រូវយកចិត្តទុកដាក់បំពេញការងារទៅតាមតួនាទីភារកិច្ច មុខងារ និងត្រូវរៀបចំបែងចែកតួនាទីភារកិច្ច ព្រមទាំងតែងតាំងដល់មន្រ្តី ឲ្យបានត្រឹមត្រូវ ជាពិសេសត្រូវ ទទួលខុសត្រូវខ្ពស់ លើកិច្ចការងាររបស់ខ្លួន សំដៅលើកកម្ពស់ជីវភាពសុខមាលភាព និងបំរើសេវាសាធារណៈប្រកបដោយគុណភាព ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាលកម្ពុជាឲ្យមានប្រសិទ្ធិភាព។

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ២៤០ អនក្រ.បក សេចក្តីណែនាំលេខ៧៨៨ នឹងលេខ៧៨៩ មស.សណន និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជូនដលល់មន្រ្តីរាជការ ខេត្តប៉ៃលិន នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ក្នុងការកែទម្រង់ស៊ីជំរៅវិស័យមុខងារសាធាណៈ ពិតជាមានសារសំខាន់ណាស់ ដើម្បីផ្តល់សិទ្ធិអំណាចដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់ការគ្រប់គ្រង នឹងការអភិវឌ្ឍន៍ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឲ្យកាន់មានសមត្ថភាព ក្នុងការរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍វិស័យមុខងារសាធាណៈ ប្រកបដោយលទ្ធផលល្អ និងមានគុណភាព ដូច្នេះថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ត្រូវសិក្សាស្វែងយល់ពីច្បាប់បទដ្ឋានគតិយុទ្ធនានានៃការគ្រប់គ្រង ប្រើប្រាស់មន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេសឲ្យបានកាន់តែល្អប្រកបដោយគុណភាព។

នៅក្នុងឱកាសនោះផងដែរ លោក ថោ សេដ្ឋាណា បានស្នើឲ្យគ្រប់មន្ទីរអង្គភាពទាំងអស់ ត្រូវចូលរួមសហការជាមួយមន្ទីរមុខងារសាធារណៈ ក្នុងន័យការអនុវត្តការងារវិស័យមុខងារ ឱ្យទទួលបានជោគជ័យ ជាពិសេសត្រូវបណ្តុះបណ្តាលមន្រ្តីអោយមានចំនេះជំនាញច្បាស់លាស់ ក្នុងន័យអនុវត្តន៍ការងារជំនាញនៅតាមន្ទីរអង្គភាពរបស់ខ្លួនបានល្អ ហើយមន្រ្តីរាជការត្រូវចងចាំពីលក្ខណៈសម្បត្តិស្នូល៤គឺឆន្ទៈម្ចាស់ការ ភក្តីភាព មនសិកាវិជ្ជាវៈ និងវប្បធម៌សាវាសាធាណៈ។

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានលើកឡើងថា សិក្ខាសាលាដែលរៀបចំឡើងនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ ឲ្យបានដឹងពីបទដ្ឋានគតិយុទ្ធ នៃការកែទម្រង់រដ្ឋបាលសាធារណៈក្នុងការប្រែក្លាយរដ្ឋបាលសាធារណៈ ឲ្យទៅជាអ្នកផ្តល់សេវាដ៏មានប្រសិទ្ធិភាព និងជាដៃគូអភិវឌ្ឍន៍ដែលអាចជឿទុកចិត្ត សំដៅបម្រើប្រជាពលរដ្ឋអោយកាន់តែល្អប្រសើឡើងថែមទៀតស្រមតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។

ដូច្នេះថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ការណែនាំ ពន្យល់របស់មន្ត្រីជំនាញដើម្បីទទួលបានពុទ្ធិល្អៗ និងបទពិសោធន៍ថ្មីៗ ក្នុងន័យអភិវឌ្ឍន៍រដ្ឋបាលសាធារណៈ និងដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធិភាពខ្ពស់។

បើតាមការបញ្ជាក់របស់លោក នាក់ ណាង ប្រធានមន្ទីរមុខងារសាធារណៈខេត្តប៉ៃលិន បានឱ្យដឹងថា៖ ឆ្នាំ២០១៩នេះ នៅទូទាំងខេត្តប៉ៃលិន មានមន្ត្រីក្របខ័ណ្ឌសរុបចំនួន ១៧០៩នាក់ ស្រី ៦៤៧នាក់ ក្នុងនោះ ក្របខ័ណ្ឌប្រភេទ (ក) ចំនួន ៤៤៥នាក់ ស្រី ១១៧នាក់ ក្របខ័ណ្ឌប្រភេទ (ខ) ចំនួន ៦៤៦នាក់ ស្រី ២៤៤នាក់ ក្របខ័ណ្ឌប្រភេទ (គ) ចំនួន ៦១៨នាក់ ស្រី ២៨៦នាក់ និងមន្ត្រីជាប់កិច្ចសន្យាចំនួន ២៧០នាក់ ស្រី ១៣១នាក់៕