(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដែលជាសេនាធិការ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ក្រុមហ៊ុនសន្ដិសុខឯកជន ដែលមានទីតាំងនៅខេត្តកំពង់ឆ្នាំង ជួយចាត់បញ្ជូនភ្នាក់ងាររបស់ខ្លួនដែលកំពុងបំពេញការងារនៅទីនោះ សហការជាមួយសមត្ថកិច្ច ដើម្បីចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យទន្លេនាពេលខាងមុខនេះ។
ក្នុងពិធីបិទវគ្គបំប៉ន់ជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី១២ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានថ្លែងយ៉ាងដូច្នេះថា «អគ្គស្នងការនគរបាលជាតិសូមអំពាវនាវដល់ ក្រុមហ៊ុនសន្ដិសុខ នៅខេត្តកំពង់ឆ្នាំង ជួយចាត់បញ្ជូនភ្នាក់ងាររបស់ខ្លួន ចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីការពារសន្ដិសុខ ក្នុងពិធីបុណ្យទន្លេដែលនឹងធ្វើឡើង នៅពេលខាងមុខនេះ»។
ការអំពាវនាវរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើឡើងបន្ទាប់មើលឃើញនូវភាពជោគជ័យនាពេលកន្លងមក ដែលភ្នាក់ងារសន្ដិសុខឯកជន បានចូលរួមយ៉ាងសកម្មក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះ ព្រះខែអកអំបុក និងពិធីសម្ពោធវិមានឈ្នះឈ្នះនាពេលកន្លងទៅផងដែរ។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបញ្ជាក់ថា ភ្នាក់ងារសន្ដិសុខឯកជន ជាកម្លាំងជំនួយដល់កងកម្លាំងនគរបាលជាតិ និងជាអ្នកការពារថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់នៅនឹងកន្លែងផ្ទាល់ជាមួយប្រជាពលរដ្ឋ ដូច្នេះបើភ្នាក់ងារសន្ដិសុខឯកជនមានវិជ្ជាជីវៈច្បាស់លាស់នោះ វានឹងធ្វើឲ្យប្រសើរឡើង នូវការចូលរួមថែរក្សាសន្ដិសុខ បានយ៉ាងល្អប្រសើរ។
លោកប្រធាននាយកដ្ឋានរូបនេះ បានលើកទឹកចិត្តឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ សូមរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន នៅរាល់គ្រប់បទល្មើស ដែលកើតមានឡើងនៅតាមគោលដៅ ដែលខ្លួនកំពុងតែយាមកាម ហើយព័ត៌មានទាំងអស់នឹងត្រូវរក្សាការសម្ងាត់ជូន ព្រមទាំងផ្ដល់នូវរង្វាន់ លើកទឹកចិត្តផងដែរ។
យ៉ាងណាមិញ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានពន្យល់ផងដែរថា ពាក្យថាកម្លាំងជំនួយ គឺត្រូវចាំថាខ្លួនមិនមែនជាសមត្ថកិច្ចទេ ដូច្នេះមិនត្រូវធ្វើអ្វីឲ្យលើសពីតួនាទីរបស់ខ្លួនឡើយ ហើយត្រួវសម្រួលសហការជាមួយសមត្ថកិច្ចគ្រប់ពេលវេលា ហើយលោកអះអាងថា ការរារាំងណាមួយ ឬការអនុវត្តតួនាទីលើសពីភារកិច្ចរបស់ខ្លួន អាចនាំឲ្យកើតមានជាបទល្មើសផ្សេងមួយទៀត។
បើតាមលោកប្រធាននាយកដ្ឋាន កត្ដាទាំងអស់នេះហើយ បានជាក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់បំផុត លើវិស័យសន្ដិសុខឯកជនមួយនេះ ដែលជាវិស័យមួយមានការរីកចម្រើនយ៉ាងខ្លាំង ស្របតាមប្រទេសជាតិធ្វើឲ្យការអភិវឌ្ឍលើគ្រប់វិស័យ៕