(ភ្នំពេញ)​៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានចេញសេចក្តីថ្លែងការណ៍ ដោយស្នើឱ្យប្រទេសឥណ្ឌា ​និងប្រទេស ប៉ាគីស្ថាន រក្សាការអត់ធ្មត់ខ្ពស់បំផុត ដើម្បីចៀសវាងការប៉ះទង្គិចគ្នាដោយអាវុធបន្តទៀត ដែលនឹងនាំឱ្យមានអរិភាព ក្នុងចំណោមប្រជាជននៃប្រទេសទាំងពីរ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជាជឿជាក់ថា ប្រទេសប៉ាគីស្ថាន និងឥណ្ឌា អាចធ្វើការចរចាគ្នា ដើម្បីកាត់បន្ថយភាពតានតឹងនាពេលបច្ចុប្បន្ន និង ស្វែងរកដំណោះស្រាយទំនាស់តាមមធ្យោបាយសន្តិវិធី។

ក្រសួងការបរទេសកម្ពុជា សូមបញ្ជាក់ជាថី្មអំពីការថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម កាលពីថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០១៩ នៅតំបន់ Pulwama និងការបេ្តជ្ញាចូលរួមចំណែកក្នុងកិច្ចប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មគ្រប់ទម្រង់ និងគ្រប់រូបភាពទាំងអស់។

គួរ​ជម្រាបថា ភាពតាន​តឹងបាន​ផ្ទុះឡើង​រវាងប្រទេស​អតីត​​បងប្អូន​ទាំងពីរ បន្ទាប់ពីមានក​រណីវាយប្រហារ​ដោយ​​បំផ្ទុះគ្រាប់បែក​​អត្តឃាត កាលពីពាក់​កណ្តាល​ខែកុម្ភៈ ទៅលើកង​កម្លាំង​​សន្តិសុខឥណ្ឌា​​នៅ​មួយផ្នែក នៃ​តំបន់​​ការស្មៀរ ​ដែល​កាន់​កាប់​ដោយ​​ឥណ្ឌា​​បណ្តាល​មនុស្សជាង៤០នាក់​ បាត់បង់​ជីវិត​ដោយឡែកឥឡូវនេះ គឺស្ថានការណ៍កាន់តែ​ផុយស្រួយខ្លាំងមែនទែន​ហើយ ក្រោយសង្គ្រាមលើអាកាសទើបផ្ទុះឡើង​។

ដោយឡែក សហរដ្ឋអាមេរិក និងចិន ក៏បានអំពាវនាវឱ្យប្រទេសទាំងពីររក្សាភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ ព្រោះប្រទេសទាំងពីរសុទ្ធតែមានអាវុធនុយក្លេអ៊ែរ​នៅក្នុងដៃ និងធ្លាប់មានប្រវត្តិទាស់ទែង​គ្នា​ ជាច្រើទសវត្សរ៍​មកហើយ​នៅតាម​តំបន់ព្រំដែន ជាពិសេស​គឺតំបន់កាស្មៀរនោះ​តែម្តង។

សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុង របស់ក្រសួងការបរទេសដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖