(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជំរុញឱ្យទប់ស្កាត់ខាងតែបាន កុំឱ្យទំនាស់ដីធ្លីថ្មីកើតមានបន្តទៀត ហើយត្រូវដោះស្រាយនូវបញ្ហាជម្លោះដីធ្លី ដែលនៅសេសសល់ឱ្យឆាប់រួចរាល់។ សម្តេចតេជោបានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលប្រជុំជាមួយ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់, លោក ឈឹម ផលវរុណ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រឿងបញ្ហាទំនាស់ដីធ្លី រឿងពាក់ព័ន្ធទៅនឹងគម្របព្រៃឈើ គឺសម្តេចបានប្រកាន់យកនូវគោលការណ៍មួយ ទប់ស្កាត់កុំឲ្យមានទំនាស់ដីធ្លីថ្មីកើតមាន ហើយព្យាយាមរួមគ្នាដោះស្រាយ ទំនាស់ដីធ្លី ដែលនៅសេសសល់។ នៅក្នុងនោះមានវិធានជាច្រើន ដែលសម្តេចតេជោ បញ្ជានិងណែនាំទៅក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម និងរដ្ឋបាលខេត្ត ស្រុក»។
លោក ឈឹម ផលវរុណ បានថ្លែងទៀតថា ក្រៅពីការបញ្ជាទៅកាន់ក្រសួងពាក់ព័ន្ធ ឲ្យដោះស្រាយដីធ្លីឆាប់ចប់នោះ សម្តេចតេជោ ហ៊ុន សែន ក៏បានយកយុទ្ធសាស្ត្រដែលសម្តេចធ្លាប់ដោះស្រាយបញ្ហាកន្លងមក ទៅធ្វើជាគោលការណ៍ ដើម្បីដោះស្រាយបញ្ហាដីធ្លី ដែលនៅសេសសល់ដល់សព្វថ្ងៃនេះផងដែរ។
លោក ឈឹម ផលវរុណ បញ្ជាក់ថា៖ «មានបញ្ហាគតិយុត្តមួយចំនួន ដែលតុលាការបានកាត់ក្តី ហើយបញ្ហាខ្លះមិនសមប្រកប ដោយសម្តេចលោកមានបទពិសោធន៍ ក្នុងការដោះស្រាយដូចជា បទពិសោធន៍មានបញ្ហាអណ្តូងទឹក នៅខេត្តតាកែវ រឿងបញ្ហាទាហាន នៅឯបន្ទាយមានជ័យ ដែលសម្តេចបានបង្ហាញ ពីការកាត់សេចក្តី ដែលមិនសមប្រកប តាមតថភាពដែលកើតមានឡើង។ អញ្ចឹងយុត្តិសាស្ត្រ ដែលធ្លាប់មាននេះ ក៏សម្តេចបានយកមកដាក់ ក្នុងការដោះស្រាយបញ្ហាដីធ្លីបច្ចុប្បន្ននេះ»៕