(ភ្នំពេញ)៖ សាលាខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ជា ពិសី ប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ រួមដំណើរដោយលោក ស៊ូ សោគន្ធ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌ បានដឹកនាំសហការី ចូលរួមក្នុងពិធីទទួលទេយ្យទាន មានជាគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកា (បច្ច័យ) ពីព្រះតេជគុណ ច័ន្ទ សុភាព គង់នៅវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ដើម្បីយកមករក្សាត្រៀមទុក បង្កាបន្តចែកជូនជួយសង្គ្រោះ តាមគ្រួសារក្រីក្រងាយរងគ្រោះ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងពិធីនេះ ក្រៅពីគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ប្រគេនលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះតេជគុណសុវណ្ណធម្មថេរោ ចន្ទ សុភាព គង់នៅវត្តទួលសន្តិវ័ន (ទួលអស់លោក) ដែលបានឧបត្ថម្ភទេយ្យវត្ថុ និងថវិកា ២,០០០.០០០.០០ សរុបជាទឹកប្រាក់ ៨,៦១០,០០០,០០ (ប្រាំបីលានប្រាំមួយរយដប់ពាន់រៀល) លោក ជា ពិសី ជំនួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសន្យាបន្តពាំនាំយកនូវទេយ្យទាន ដែលព្រះតេជគុណ ច័ន្ទ សុភាព បានឧបត្ថម្ភដើម្បីបន្តចែក ជូនជួយសង្គ្រោះទៅដល់ប្រជាពលរដ្ឋ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ឲ្យតែជាពលរដ្ឋងាយរងគ្រោះ រស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យស្របតាមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ព្រះតេជគុណ ច័ន្ទ សុភាព បានមានសង្សដីកាថា សម្រាប់ទេយ្យទាន មានជាគ្រឿងឧបភោគបរិភោគ សម្ភារ និងបច្ច័យទាំងនេះ បានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើន ដើម្បីសហការបរិច្ចាគនូវវប្បធម៌ចែករំលែក ក្នុងបំណងលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើង ឲ្យកាន់តែ មានភាពរីកចម្រើន លូតលាស់ទាំងវិស្ស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ។
សម្រាប់ទេយ្យវត្ថុរួមមាន៖ អង្ករ ៥០០គីឡូក្រាម មីខ្លាឃ្មុំ ៥០កេស ទឹកក្រូច ១០កេស ទឹកសុទ្ធ ១០០យួរ ទឹកត្រី ១០០យួរ ទឹកស៉ីអ៉ីវ ១០០យួរ ស្ករស ១០០គីឡូក្រាម បាឡុង ០៧គ្រឿង តែ ០២បាវ និងបច្ច័យ (ថវិកា) ២លានរៀល៕