(ត្បូងឃ្មុំ)៖ រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់មន្ទីរពេទ្យ មិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ មានតម្លៃប្រមាណ៥០លានដុល្លារ។
ដោយឡែក នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ ពិធីបញ្ចុះបឋមសិលានឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ក្នុងពិធីក្រុងពាលីនេះដែរ ក៏មានការចូលរួមពីសំណាក់លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។
សូមបញ្ជាក់ថា គម្រោងសាងសង់មន្ទីរពេទ្យនេះ គឺជាគម្រោងធំទី២ ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលគម្រោងទី១ គឺមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុម: ដែលទើបធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។
គម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំនេះ លើផ្ទៃដីទំហំ ២៤.៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥.៨១៥ម៉ែត្រការ៉េ។
គម្រោងនេះសាងសង់ក្នុងរយ:ពេល៤០ខែ ដោយយោងតាមកិច្ចព្រមព្រៀង ត្រូវចាប់ផ្តើមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ និងចំណាយទឹកប្រាក់អស់ ៣១០.០០០.០០០យ័ន (បីរយដប់លានយ័នចិន) ស្មើនឹង ៤៥.៦៦០.០០០$ (សែសិបប្រាំលាន ប្រាំមួយរយហុកសិបពាន់ ដុល្លារសហរដ្ឋអាមេរិក។
ដោយឡែក មន្ទីរពេទ្យនេះ មានគ្រែសរុបចំនួន៣០០គ្រែ ដែលមានផ្នែកដូចជា: ផ្នែកជំងឺទូទៅ, ផ្នែកជំងឺកុមារ, ផ្នែកជំងឺឆ្លង, ផ្នែកពិគ្រោះជំងឺក្រៅ, ផ្នែកប្រពោធនកម្ម (ICU), ផ្នែកសង្គ្រោះបន្ទាន់, ផ្នែកវះកាត់, ផ្នែករោគស្ត្រី និងសម្រាលកូន, ផ្នែករូបភាពវេជ្ជសាស្ត្រ និងEndoscopy, ផ្នែកមន្ទីរពិសោធន៍, ឪសថស្ថាន, បន្ទប់រំងាប់មេរោគ, ផ្នែកប្រព័ន្ធព័ត៌មាន និងបច្ចេកទេសវេជ្ជសាស្ត្រ, និងផ្នែកគាំទ្រ មានដូចជា រដ្ឋបាលនិងប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើត និងផ្ទុកអុកស៊ីសែន បន្ទប់សំអាតទឹកកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្ត្រ និងសាលដាក់សាកសព។
ជាមួយគ្នានេះ មន្ទីរពេទ្យថ្មីនេះ នឹងក្លាយជាមន្ទីរពេទ្យប្រចាំតំបន់ គ្រប់ដណ្តប់ប្រជាជនមួយចំនួននៃខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី ។ មន្ទីរពេទ្យធំថ្មីនេះ មានតម្រូវការបុគ្គលិកជំនាញប្រមាណ ៤៥៦នាក់បន្ថែមទៀត។
គួររំលឹកផងដែរថា ខេត្តត្បូងឃ្មុំ ជាខេត្តទើបបង្កើតថ្មី ដោយកាត់ចេញពីខេត្តកំពង់ចាម កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ដោយគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបង្កើតថ្មីទាំងអស់។
មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ មានបុគ្គលិកមន្រ្តីសុខាភិបាលចំនួន ៩៩៨នាក់ ក្នុងនោះស្ត្រី៤៦៧នាក់ មានមន្ទីរពេទ្យបង្អែកចំនួន ០៦ មណ្ឌលសុខភាពចំនួន៦៨ និងប៉ុស្តិ៍សុខភាពចំនួន០២ ដែលគ្របដណ្តប់ប្រជាជនប្រមាណ ៨៤៣.៣១០នាក់៕