(អេស្ប៉ាញ)៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈប្រតិភូ បានធ្វើទស្សនកិច្ចស្តង់ នៃក្រុមហ៊ុន Huawei ក្នុងឱកាស នៃការចូលរួមកម្មវិធីសមាជទូរស័ព្ទពិភពលោក GSMA MWC (Mobile World Congress) ដែលកំពុងតែដំណើរការ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្នុងដំណើរទស្សនកិច្ច ស្តង់ពិព័រណ៍របស់ក្រុមហ៊ុន Huawei លោករដ្ឋមន្រ្តី និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោក Du Yeqing អនុប្រធានផ្នែកបច្ចេកវិទ្យា 5G នៃក្រុមហ៊ុន Huawei និងលោក David Li នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei ប្រចាំកម្ពុជា។
ក្នុងជំនួបនោះ លោក Du Yeqing បានជំរាបជូនលោករដ្ឋមន្ត្រី អំពីលទ្ធផលការងារនៃក្រុមហ៊ុន Huawei ក្នុងឆ្នាំ២០១៨ នៅលើឆាកអន្តរជាតិ និងប្រទេសកម្ពុជា ក៏ដូចជាពិភាក្សាអំពីការអភិវឌ្ឍ នៃបច្ចេកវិទ្យា 5G នាពេល អនាគតនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុន Huawei ជឿជាក់ថាឆ្នាំ២០១៩ គឺជាឆ្នាំដំបូងនៃបច្ចេកវិទ្យា 5G សម្រាប់ប្រទេសកម្ពុជា ដែលនឹងអាចជួយជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឲ្យជីវិតរស់នៅ កាន់តែប្រសើរឡើង។
ក្រៅពីនោះ ភាគីទាំងពីរ ក៏បានចែករំលែកគំនិតយោបល់ ស្តីពីផែនការនៃក្រសួង ក្នុងការអនុម័តគោលនយោបាយ និងច្បាប់ពាក់ព័ន្ធ សម្រាប់កែលម្អបរិយាកាសធុរកិច្ច ទីផ្សារទូរគមនាគមន៍ ដើម្បីជំរុញឲ្យប្រតិបត្តិករ វិនិយោគបន្ថែម និងទប់ស្កាត់ការប្រកួតប្រជែង ដែលមានលក្ខណៈអវិជ្ជមាន។
លោកថា «ក្រុមហ៊ុន Huawei បានប្តេជ្ញាកសាងបណ្ដាញតភ្ជាប់ទូទាំងប្រទេស ពោលគឺកម្ពុជាឆ្លាតវៃ (Intelligent Cambodia) ហើយតាមរយៈបេសកកម្មមួយនេះ ក្រុមហ៊ុន Huawei មានសេចក្តីរីករាយ ក្នុងការចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ជាមួយនិងជំនាញ នៃបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានវិទ្យា (ICT) និងភាពរឹងមាំនៃបច្ចេកវិទ្យារបស់ក្រុមហ៊ុន»។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ក៏កោតសរសើរដល់ក្រុមហ៊ុន Huawei ដែលជាបានខិតខំប្រឹងប្រែងប្រតិបត្តិការ ក្នុងប្រទេសកម្ពុជា រយៈកាលកន្លងទៅ ហើយលោករដ្ឋមន្ត្រី ក៏បានបង្ហាញនូវសេចក្តីអបអរសាទរ ចំពោះខួប២០ឆ្នាំ នៃក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រី បានថ្លែងថា «ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនឈានមុខគេ លើពិភពលោក ក្នុងការផ្តល់សេវាផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធ ICT និងឧបករណ៍អេឡិចត្រូនិក ប្រកបដោយភាពច្នៃប្រឌិត និងជាដៃគូដ៏ជឿជាក់ សម្រាប់កម្ពុជា និង ទីផ្សារ ICT»។
ក្នុងរយៈពេល២០ឆ្នាំមកនេះ ក្រុមហ៊ុន Huawei បានរៀបចំផែនការ ស្តីអំពីបច្ចេកវិទ្យាទំនាក់ទំនងទូរគមនាគមន៍ 2G, 3G ទៅ 4G ហើយឥឡូវនេះ បានត្រៀមខ្លួនសម្រាប់ 5G ហើយក៏បានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាព ទទួលខុសត្រូវសង្គម នៅក្នុងប្រទេសកម្ពុជាផងដែរ។ នេះជាការបញ្ជាក់បន្ថែម របស់លោករដ្ឋមន្ដ្រី។
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ បានបន្ដថា «ខ្ញុំជឿជាក់ថា ក្រុមហ៊ុន Huawei អាចចូលរួមចំណែកកាន់តែច្រើន សម្រាប់ការផ្លាស់ប្តូឌីជីថលកម្ពុជា និងជួយប្រទេសកម្ពុជា ឲ្យឆ្ពោះទៅរកឧស្សាហកម្មជំនាន់ទី៤ នៅថ្ងៃអនាគត»។
គួរបញ្ជាក់ផងដែរថា កម្មវិធីសមាជទូរស័ព្ទពិភពលោក MWC 2019 គឺជាព្រឹត្តិការណ៍ នៃបច្ចេកវិទ្យាទូរគមនាគមន៍ដ៏ធំបំផុត នៅលើពិភពលោក ដែលនាំមកនូវបច្ចេកវិទ្យាថ្មីៗ និងបច្ចេកវិទ្យាឈានមុខគេ ពីក្រុមហ៊ុនឈានមុខ ចំនួនជាង២,៤០០ក្រុមហ៊ុន ដែលមានកម្មវិធីសន្និសីទកំពូល ដោយប្រមូលផ្តុំដោយទស្សនវិទូ និងអ្នកជំនាញជាច្រើន ដើម្បីស្វែងយល់ពីប្រធានបទថ្មីៗ ដែលមានឥទ្ធិពលបំផុតសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យា។
កម្មវិធីនេះ ក៏ជាឱកាសក្នុងការស្វែងយល់ ពីកម្មវិធីដែលដឹកនាំដោយដៃគូរាប់ពាន់ ដូចជា សិក្ខាសាលា GSMA និងកិច្ចប្រជុំកំពូលជាច្រើនទៀត។ នៅក្នុងកម្មវិធីនេះ អ្នកអាចស្វែងយល់នូវអ្វីៗគ្រប់យ៉ាង ដែលអ្នកចង់ដឹង អំពីឧស្សាហកម្ម នាពេលបច្ចុប្បន្ន និងអាចលើសពីនេះទៀត។ MWC ២០១៩ សន្យាថា នឹងពង្រីកបណ្តាញទំនាក់ទំនង និងជួយអ្នកឲ្យសម្រេចបាន នូវគោលដៅរបស់អ្នក៕