(ភ្នំពេញ)៖ មន្ត្រីអ៊ីរ៉ាក់ដែលមកពីក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល និងបរិស្ថាន និងអង្គភាពបោសសំអាតមីនចំនួន២៥នាក់ បានបញ្ចប់ដោយជោគជ័យ នូវវគ្គហ្វឹកហ្វឺនប្រើប្រាស់ និងថែទាំគ្រឿងចក្រកំទេចមីន នៅកម្ពុជា។
វគ្គហ្វឹកហ្វឺននេះមានរយៈពេល៣៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលហ្វឹកហ្វឺនដោយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) គាំទ្រថវិកាដោយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
ពិធីបិទបញ្ចប់វគ្គហ្វឹកហ្វឺន ត្រូវបានរៀបចំឡើងនៅបញ្ជាការស៊ីម៉ាក់ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់។
មន្ត្រីស៊ីម៉ាក់បានបញ្ជាក់ឲ្យដឹងថា ក្រោយបញ្ជប់ការហ្វឹកហ្វឺននេះ នៅក្នុងប្រទេសកម្ពុជា មន្ត្រីជំនាញអ៊ីរ៉ាក់ បានសម្ដែងនូវការពេញចិត្ដ និងកោតសរសើរដល់មន្ត្រីជំនាញស៊ីម៉ាក់ ចំពោះសមត្ថភាពក្នុងការបណ្ដុះបណ្ដាលជំនាញប្រើប្រាស់គ្រឿងចក្រកំទេចមីន។
មន្ត្រីដដែលបានបញ្ជាក់ថា នេះជាវគ្គហ្វឹកហ្វឺនលើកទី៤ ដែលស៊ីម៉ាក់ បានផ្តល់ការហ្វឹកហ្វឺនជូនសិក្ខាកាម មកពីប្រទេសអ៊ឺរ៉ាក់ ដែលជាការអនុវត្តន៍ជាក់ស្តែងទាំងការប្រើប្រាស់គ្រឿងចក្រ ការថែទាំ ដែលមានការពន្យល់ទាំងទ្រឹស្តី មិងការអនុវត្តជាក់ស្តែងនៅទីតាំងចំការមីនផ្ទាល់តែម្តង។
ក្នុងការមកហ្វឹកហ្វឺនជំនាញប្រើប្រាស់គ្រឿងចក្រកំទេចមីន នៅក្នុងប្រទេសកម្ពុជានេះ មន្ត្រីជំនាញអ៊ីរ៉ាក់ បានបង្ហាញនៃក្ដីសប្បាយចិត្ត និងបានអរគុណទៅដល់ភ្នាក់ងារកិច្ចសហប្រតិបតិ្តការអន្តរជាតិ JICA ដែលបានរើសយកមន្ដ្រីជំនាញកម្ពុជា ដែលមានសមត្ថភាពខ្ពស់ និងជំនាញច្បាស់លាស់ ក្នុងការបណ្ដុះបណ្ដាលទៅដល់ពួកគាត់។
បន្ទាប់បញ្ចប់វគ្គហ្វឹកហ្វឺតទាំងទ្រឹស្តី និងការអនុវត្តន៍នៅក្នុងចំការមីនពិតៗហើយនោះ សិក្ខាកាមទាំងអស់ត្រូវធ្វើការប្រឡងយ៉ាងយកចិត្តទុកដាក់ ដោយមន្ត្រីអ៊ីរ៉ាក់ទាំង២៥រូប សុទ្ធតែទទួលបានលទ្ធផលល្អ។ អ្វីដែលពិសេសនោះ មន្ត្រីអ៊ីរ៉ាក់ បានបង្ហាញនូវក្តីសប្បាយរីករាយ ក្នុងអំឡុងពេលសិក្សានៅកម្ពុជានេះ គឺផ្តល់ភាគកក់ក្តៅ ប្រៀបដូចជាផ្ទះរបស់ពួកគាត់ដូច្នេះដែរ។
មន្ត្រីជំនាញអ៊ីរ៉ាក់ទាំង២៥នាក់ ក៏មានចូលជួបសម្ដែងការគួរសម ជាមួយនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងបានទៅទស្សនកិច្ច នៅវិមានឈ្នះឈ្នះ ដើម្បីស្វែងយល់ អំពីគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាផងដែរ។
សូមជម្រាបថា ការហ្វឹកហ្វឺនកម្រិតអន្តរជាតិពីជំនាញបោសសំអាតមីន ដល់មន្ត្រីដោះមីនប្រទេសដែលរងការគំរាមកំហែងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺស៊ីម៉ាក់ បានផ្តល់ការហ្វឹកហ្វឺនក្រោមទម្រង់រូបភាព កម្មវិធីកិច្ចសហប្រតិបត្តិការត្បូងត្បូង ដល់ប្រទេសមួយចំនួនផ្សេងទៀតក្រៅពីអ៊ីរ៉ាក់ រួមមានដូចជា អង់ហ្គោឡា ឡាវ កូឡុំប៊ី អ៊ីស្ត្រាអែល និងក៏មានផ្លាស់ប្តូរវគ្គហ្វឹកហ្វឺនក្រៅពីគម្រោងត្បូងត្បូង ទៅប្រទេសមួយចំនួនក្នុងតំបន់ និងសាកលលោក៕