(ក្រចេះ)៖ រដ្ឋបាលសាលាខេត្តក្រចេះ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានធ្វើពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍បន្ត ឆ្នាំ២០១៩ ក្រោយពិបានពិភាក្សាយ៉ាងផុសផុល អស់រយៈពេល២ថ្ងៃ ក្រោមអធិបតីភាពលោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ។
លោក វ៉ា ថន បានឲ្យដឹងថា រយៈពេល២ថ្ងៃមកនេះ អង្គសន្និបាតបានចូលរួមធ្វើការពិភាក្សានូវរាល់ចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានា ដែលរដ្ឋបាល អាជ្ញាធរ មន្ទីរជំនាញបានអនុវត្តន៍នាឆ្នាំ២០១៨កន្លងមក និងបានដាក់ចេញនូវផែនការសម្រាប់អនុវត្តន៍ ដើមី្បឆ្លើយតបទៅនឹងតម្រូវការ ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើមី្បឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជាស្ថាប័នអភិបាលកិច្ចមូលដ្ឋាន រឹងមាំសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ ធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ ក្នុងបរិបទនៃការកំណែទម្រង់រដ្ឋបាលសាធារណៈ តាមបែបវិមជ្ឈការ និងសហវិមជ្ឈការ។
លោក ពេជ្រ ប៊ុនធិន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការចូលរួមខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាបានល្អ ក្នុងជួរថ្នាកដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ លំដាប់ថ្នាក់ រួមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្ត ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការ សកម្មភាពការងារនាឆ្នាំកន្លងមក ស្របតាមគោលការណ៍ច្បាប់ និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័ន និងការសម្រេចបានរបស់ក្រុមប្រឹក្សាខេត្តរបស់ខ្លួន។
លោកបានបញ្ជាក់ទៀតថា ការអភិវឌ្ឍកម្មវិធីកំណែទម្រង់ជាអាទិភាព ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ដោយផ្អែកលើមូលដ្ឋានលទ្ធផល ដែលរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្តសម្រេចបានក្នុងឆ្នាំ២០១៨កន្លងមក។
លោក ពេជ្រ ប៊ុនធិន បន្តថា ក្នុងឆ្នាំ២០១៩នេះ ត្រូវបន្តរួមគ្នាសម្រេចឲ្យបាន នូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗ របស់រាជរដ្ឋាភិបាលបន្តទៀត។ លោកបានក្រើនរំលឹក ដល់មន្ត្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ត្រូវរួមសាមគ្គីគ្នាក្នុងការខិតខំថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅបង្កលក្ខណៈសម្បត្តិអនុគ្រោះ ដល់ការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមគ្រប់វិស័យ៕