(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់វ័យក្មេងយ៉ាងសកម្ម០៣នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ក្នុងចំណោមបក្សពួក០៤នាក់ទៀត ដែលម្នាក់បានបញ្ជូនទៅអង្គការមូលនិធិកុមារកម្ពុជា ធ្វើការគ្រប់គ្រងអប់រំវិញ។
ជនសង្ស័យទាំង៤នាក់រួមមាន៖
*ទី១៖ ឈ្មោះ ជុំ វាសនា ភេទប្រុស អាយុ១៧ឆ្នាំ
*ទី២៖ ឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ១៦ឆ្នាំ
*ទី៣៖ ឈ្មោះ សុខន វាសនា ហៅស្រួច ភេទប្រុស អាយុ១៧ឆ្នាំ
*ទី៤៖ ឈ្មោះ ញ៉េប ពុទ្ធា ភេទប្រុស អាយុ១៥ឆ្នាំ (ប្រគល់ឲ្យអង្គការ មូលនិធិកុមារកម្ពុជា គ្រប់គ្រងអប់រំ)។
ពួកគេខាងលើ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន បន្ទាប់ពីមានការប្តឹងពីណាអាព្យាបាលរបស់ឈ្មោះ ញ៉េប ពុទ្ធា ដែលជាបក្ខពួកក្រុមចោរឆក់ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ។
បន្ទាប់មកកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌមានជ័យ បានស្រាវជ្រាវឃាត់ខ្លួនបាន០៣នាក់ មានឈ្មោះ ជុំ វាសនា ,ឈ្មោះ សុខ សម្បត្តិ ,ឈ្មោះ ញ៉េប ពុទ្ធា នៅវេលាម៉ោង១១:៥០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ លុះដល់វេលាម៉ោង១៧:០០នាទីថ្ងៃដដែល សមត្ថកិច្ចអាវុធហត្ថបានស្រាវជ្រាវឃាត់ខ្លួនបានបក្សពួកគេម្នាក់ទៀត ឈ្មោះ សុខន វាសនា ហៅស្រួច។ រីឯឈ្មោះ ញ៉េប ពុទ្ធា ភេទប្រុស អាយុ១៥ឆ្នាំ ត្រូវបានលោក SCOTT NEESON ជនជាតិអូស្រ្តាលី ជាប្រធានអង្គការ មូលនិធិកុមារកម្ពុជា មានទីតាំងនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានសុំធានាយកទៅគ្រប់គ្រងដើម្បីធ្វើការអប់រំវិញ ដោយមានការស្នើសុំពីម្តាយរបស់គេនៅចំពោះមុខសមត្ថកិច្ចអាវុធហត្ថផងដែរ។
ក្រោមវិធានការជំនាញ និងចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ពួកគេប្រាប់ឲ្យដឹងថា ពួកគេតែងតែធ្វើសកម្មភាពឆក់សម្ភារៈពីប្រជាពលរដ្ឋ ដែលធ្វើដំណើរលើ ដងផ្លូវក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ យ៉ាងសកម្មជាញឹកញាប់ ដោយពួកគេម្នាក់ៗ ធ្វើសកម្មភាពឆក់បានសម្រេច ០៦ទៅ០៧លើកមកហើយ រួមសម្ភារៈដែលពួកគេឆក់បានមាន៖ទូរស័ព្ទ ,កាបូបលុយ ,ខ្សែក និងសម្ភារៈជាច្រើនផ្សេងទៀត។
ចំណែកប្រាក់ និងសម្ភារៈដែលពួកគេឆក់បាន គឺយកទៅលក់ដើម្បីយកលុយទៅទិញគ្រឿងញៀនប្រើប្រាស់ ហើយនិងយកទៅលែងល្បែងតាមអ៊ីនធើណែតនៅផ្សារសុវណ្ណា។ រីឯបក្ខពួក របស់ពួកគេដែលរត់គេចខ្លួនមានឈ្មោះ ចាន់ ,ឈ្មោះ តាន់ ហៅរាជ និងឈ្មោះ ភ័ក្រ។
*ឈ្មោះ ជុំ វាសនា កាលអំឡុងខែមករា ,ខែកុម្ភៈ ឆ្នាំ២០១៩ បានធ្វើសកម្មភាពបានប្រាក់ ៨០ដុល្លាអាមេរិក ,ទូរស័ព្ទIPhone ០១គ្រឿង ,ខ្សែក ០១ខ្សែ។ កាលពីថ្ងៃទី២១,២២ ខែកុម្ភៈ ឆ្នាំ២០១៩ ម៉ោងប្រហែល០៩:០០នាទីយប់ រូបគេនិងបក្សពួក ឆក់បានប្រាក់៣០០ដុល្លាអាមេរិក ,ទូរស័ព្ទIPhone6 ០១គ្រឿង។
*ឈ្មោះ សុខ សម្បត្តិ កាលពីចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ក្នុងខែមករា ,ខែកុម្ភៈ រូបគេនិងបក្សពួក ឆក់បានប្រាក់ ២០ដុល្លាអាមេរិក កាលចុងឆ្នាំ២០១៨ នៅចំណុចរោងការជិតផ្សារប៉េសេ និងទូរស័ព្ទ ០១គ្រឿង នៅចំណុចរោងបុណ្យជិតស្ពានអាកាសស្ទឹងមានជ័យ កាលអំឡុងខែមករា ឆ្នាំ២០១៩ ហើយរូបគេនិងបក្សពួកបានបន្តឆក់ជាបន្តបន្ទាប់ទៀត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានប្រាក់ និងទូរស័ព្ទ សម្រេចជារឿយផងដែរ។
*ឈ្មោះ សុខន វាសនា កាលអំឡុងខែមករា ឆ្នាំ២០១៩ រូបគេ និងបក្សពួកឆក់បានទូរស័ព្ទ ០១គ្រឿងម៉ាក សាំសុងកាឡាក់ស៊ីអេស៦ នៅចំណុចសាលារៀនសាមគ្គី លក់បានប្រាក់ ៥៨ដុល្លាអាមេរិក ហើយបន្តឆក់បាន ទូរស័ព្ទ ០១គ្រឿងម៉ាក IPhone5 នៅចំណុចផ្សារអូឡាំពិក ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ រូបគេឆក់បានទូរស័ព្ទ ០១គ្រឿងម៉ាក Oppo នៅចំណុចរង្វង់មូលផ្សារដើមគរ។
*ឈ្មោះ ញ៉េប ពុទ្ធា ដែលអង្គការ មូលនិធិកុមារកម្ពុជា យកទៅគ្រប់គ្រងអប់រំ រូបគេតែងតែធ្វើសកម្មភាពឆក់ជាមួយបក្សពួកគេខាងលើរាល់ដងផងដែរ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៩:០០នាទីយប់ រូបគេនិងបក្សពួកឆក់បានប្រាក់ ៣០០ដុល្លាអាមេរិក នៅចំណុចក្បែរផ្សាររាត្រី ហើយបន្តឆក់បានទូរស័ព្ទ ០១គ្រឿងទៀត នៅចំណុចរង្វង់មូលស្តាតចាស់៕