(ភ្នំពេញ)៖ ដើម្បីចូលរួមលើកកម្ពស់លើផ្នែកចំណេះដឹង ក្នុងវិស័យវិស័យបច្ចេកវិទ្យាទំនើប ដែលមានការវិវត្តន៍ទៅមុខឥតឈប់ឈរ និងជាពិសេស ដើម្បីបណ្តុះគំនិតក្នុងការសិក្សាស្វែងយល់នូវអ្វីដែលថ្មីនោះ ក្រុមហ៊ុនឯកជនមួយបានជំរុញ និងជួយគាំទ្រដល់យុវជនខ្មែរទាំងអស់ឱ្យខិតខំផលិតវីឌីអូ ប្លែកៗ នៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក និងយូធូប ដើម្បីចែករំលែកនូវចំណេះដឹងជូនទស្សនិកជន បានសើចសប្បាយ ព្រមទាំងបានចុចឡាយ និងស៊ែរវីឌីអូច្រើន។

ជាក់ស្តែងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រុមហ៊ុន អេជីឡូតូ បានប្រគល់រង្វាន់ ជូនម្ចាស់ជ័យលាភី ដែលបានផលិតវីឌីអូ ប្លែកៗ នៅលើបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក និងយូធូបផងដែរ។ ដោយក្រុមដែលទទួលបាន ជ័យលាភីលេខ១ ទទួលបានពាន១ និងទទួលបានប្រាក់ លើកទឹកចិត្ត ចំនួន៧៥០ដុល្លារលេខ២ ទទួលបានទឹកប្រាក់ចំនួន៥០០ដុល្លារ ចំណែកក្រុមជាប់ចំណាត់ថ្នាក់លេខ៣ មាន៣ក្រុម ទទួលបានទឹកប្រាក់១៥០ដុល្លារ ក្នុង១ក្រុម និងក្រុមទទួលចំណាត់ថ្នាក់លេខ៤ ទទួលបានទឹកប្រាក់ចំនួន១០០ដុល្លារ ផងដែរ។

លោក ពៅ ហួរហារី នាយកទីផ្សារក្រុមហ៊ុន អេជីឡូតូ បានថ្លែងយ៉ាងដូច្នេះថា៖ «កម្មវិធីមួយនេះ យើងបង្កើតឡើង ដើម្បីជូនសិស្សានុសិស្ស ក៏ដូចជាយុវជនខ្មែរយើងទាំងអស់ឱ្យចូលរួមជាមួយការប្រកួតប្រជែង ជៀសរវាងការធ្វើអំពើមិនល្អក្នុងសង្គម [...] ក៏ដូចជាយើងអាចនិយាយបានថា កុំឱ្យពួគគាត់ ទៅប្រើប្រាស់គ្រឿងញៀន ដែលជាអ្វីមិនល្អក្នុងសង្គម ឱ្យមកចូលរួមជាមួយកម្មវិធីផ្សេងៗ ដែលក្រុមហ៊ុនរបស់យើងបានរៀបចំឡើង នៅពេលនេះ»។

ជាមួយគ្នានេះដែរ លោកបានបន្តថា ការបង្កើតកម្មវិធីប្រឡង វីឌីអូប្លែកៗរបស់ក្រុមហ៊ុន អេជីឡូតូ ជាចំណែកមួយអាចឱ្យយុវជនខ្មែរ បានបង្ហាញ ពីសមត្ថភាព ទេពកោសល្យ របស់ពួកគេឱ្យពិភពបានឃើញ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសបានឃើញ ព្រមទាំងមានការកោតសរសើរ ពីសមត្ថភាពរបស់ពួកគេផងដែរ៕