(ស្វាយរៀង)៖ អាជ្ញាធរកម្ពុជា សហការជាមួយកងទ័ពការពារព្រំដែនប្រទេសវៀតណាម បានឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់ ដែលជាមេក្លោងជួញដូរគ្រឿងញៀនឆ្លងដែន ព្រមទាំងដកហូតបានថ្នាំញៀនជិត៧គីឡូក្រាម ដោយរកឃើញថ្នាំញៀន នៅក្នុងទឹកដីវៀតណាមចំនួន៤,៣០គីឡូក្រាម និងនៅក្នុងទឹកដីប្រកម្ពុជានៅស្រុកចន្ទ្រាចំនួន២,០៥គីឡូក្រាម។

ករណីបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង១៩៖០០នាទីយប់នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានទទួលព័ត៌មានពីភាគីវៀតណាមថា កាលពីវេលាម៉ោង១៣៖៣០នាទី នៅចំណុចប៉ុស្តិ៍ព្រំដែនមីវីតីស្រុកឌឹវ៉េ ខេត្តឡុងអាន ប្រទេសវៀតណាម កម្លាំងកងទព័ការពារព្រំដែនខេត្តឡុងអាន បានធ្វើការបង្ក្រាបមុខសញ្ញាជួញដូរ គ្រឿងញៀនឆ្លងដែនខុសច្បាប់បានម្នាក់ឈ្មោះ ហ្វែង ថាន់ងុក អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ទីកន្លែងកំណើតភូមិ៥ ឃុំមីវីតី ស្រុកឌឹកវ៉េ ខេត្តឡុងអាន ប្រទេសវៀតណាម។

បច្ចុប្បន្នស្នាក់នៅផ្ទះជួលនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដោយរឹបអូសថ្នាំញៀនទម្ងន់៤,៣០គីឡូក្រាម ហើយភាគីវៀតណាម បានស្នើខាងកម្ពុជា សហការឆែកឆេរផ្ទះជួលរបស់ ជនសង្ស័យខាងលើក្នុងទឹកដីប្រទេសកម្ពុជា។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើនោះ កម្លាំងនគរបាលស្រុកចន្ទ្រា បានសហការជាមួយកម្លាំង ជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង កម្លាំងប៉ុស្តិ៍ច្រកទ្វេភាគីសំរោង កម្លាំងវរសេនាតូចការពារព្រំដែនលេខ៦០៩ ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង នៅវេលាម៉ោង២០៖៣០នាទី បានធ្វើការឆែកឆេរបន្ទប់ជួលរបស់ឈ្មោះ ហ្វែង ថាន់ងុក នៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង រកឃើញថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន ០២កញ្ចប់ (ធំ) ទម្ងន់២,០៥ គីឡូក្រាមបន្ថែមទៀត។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ចវៀតណាម រីឯវត្ថុតាងថ្នាំញៀន ចំនួន០២កញ្ចប់ធំ ទម្ងន់២,០៥គីឡូក្រាម ដែលឆែកឆេររកឃើញត្រូវបានរឹបអូស និងបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀន តាមបញ្ជារបស់លោកព្រះរាជអាជ្ញា ដើម្បីធ្វើការស្រាវជ្រាវ និងបំពេញសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់៕