(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ បានជំរុញឱ្យប៉ូលីសចរាចរណ៍ ត្រូវតាមចាប់ និងផាកពិន័យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធមុនគេ បើមិនគោរពច្បាប់ចរាចរណ៍ ហើយត្រូវបង្ហោះជាសាធារណៈ ដើម្បីឱ្យពលរដ្ឋទាំងអស់បានឃើញ ព្រោះការអនុវត្តច្បាប់ គឺផ្ដើមចេញពីខ្លួនយើង។
លោក សុខ លូ បានថ្លែងដូច្នេះ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៨ និងទិសដៅបន្ដការងារឆ្នាំ២០១៩ ពិធីក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ លោក ជូ កូល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ រួមទាំងកងកម្លាំងប្រដាប់អាវុធ ជាច្រើនរួបទៀតផងដែរ។
ឧត្តមសេនីយ៍ទោ អ៊ុក កុសល បានអានរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១៤៨លើក មានមនុស្សចំនួន១៣០នាក់បានស្លាប់ និង១៩០នាក់ ផ្សេងទៀតរងរបួស បើប្រៀបធៀបឆ្នាំ២០១៧ ថយចុះចំនួន ៥០លើក ស្មើនឹង ២៥%។ តាមរយៈតួលេខនេះ ជាមធ្យមក្នុង១ថ្ងៃ មនុស្សប្រហែល៥នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។
ក្នុងឱកាសនោះលោក សុខ លូ បានថ្លែងអំណរគុណ និងកោតសរសើរដល់កងកម្លាំងសមត្ថកិច្ច ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង អនុវត្តការងារប្រកបដោយជោគជ័យកន្លងមក និងបានជំរុញលើកទឹកចិត្តឲ្យក្រុមការងារ ខិតខំប្រឹងប្រែងការងារបន្តទៀត ដើម្បីឱ្យខេត្តកំពង់ធំ ក៏ដូចជាប្រទេសកម្ពុជា កាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍។
លោក សុខ លូ ក៏បានស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្នុងពេលត្រួតពិនិត្យយានយន្តដឹកជញ្ជូនតាមដងផ្លូវ ត្រូវបង្កើនការត្រួតពិនិត្យ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត បណ្ណបើកបរ បណ្ណសម្គាល់យានយន្ត ការផាកពិន័យរថយន្តដឹកលើសទម្ងន់ រថយន្តដឹកសំពីងសំពោង ត្រួតពិនិត្យគ្រឿងញៀន ឬជាតិអកុល និងផាកពិន័យចំពោះអ្នកបើកបរ ដែលគ្មានពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់។
លោកក៏បានក្រើនរំឭកទៅដល់កងកម្លាំង និងមន្រ្តីរាជការទាំងអស់ ត្រូវតែអនុវត្ត ការពាក់មួកសុវត្ថិភាព និងគោរពច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីជាគំរូដល់ប្រជាពលរដ្ឋ។ លោកបានជំរុញឲ្យសមត្ថកិច្ចទាំងអស់ ត្រូវផាកពិន័យមន្ត្រីរាជការកងកម្លាំងមុនគេ ហើយត្រូវបង្ហោះជាសាធារណៈ ដើម្បីឱ្យពលរដ្ឋទាំងអស់បានឃើញ ព្រោះការអនុវត្តច្បាប់គឺផ្ដើមចេញពីខ្លួនយើង ដើម្បីធានាសុវត្ថិភាព ក៏ដូចជាបង្ការបញ្ហាគ្រោះថ្នាក់ចរាចរ របស់បងប្អូនប្រជាពលរដ្ឋ។
លោក សុខ លូ ក៏បានជំរុញដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវអនុវត្តនីតិវិធីបិទយានដ្ឋានកែច្នៃ ខុសលក្ខណៈបច្ចេកទេស ដែលជាប្រភពនៃការកែច្នៃយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នាំឱ្យខូចខាតផ្លូវថ្នល់ ស្ពាន និងបង្កគ្រោះថ្នាក់ចរាចរ និងបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀត ដល់បងប្អូនប្រជាពលរដ្ឋនៅតាមសាលារៀន ទីប្រជុំជន ឱ្យពួកគាត់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព ជិះរថយន្តត្រូវពាក់ខ្សែរក្រវ៉ាត់ ព្រមទាំងធ្វើការបិទចំណាំងផ្លាតសុវត្ថិភាព (ស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់) ដល់គោយន្ត ឬរថយន្ត ម៉ូតូ ដើម្បីការពារអាយុជីវិតអ្នកបើកបរពេលយប់ ពីគ្រោះថ្នាក់ចរាចរ ដែលអាចកើតឡើងជាយថាហេតុ៕