(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជាឲ្យសិក្សាដកមេបញ្ជាការយោធាខេត្តព្រះសីហនុ និងអភិបាលរងខេត្ត២រូបទៀត ចេញពីតំណែង ពាក់ព័ន្ធករណីបង្ក្រាបពលរដ្ឋតវ៉ារឿងដីធ្លី ឈានដល់ការប្រើអំពើហឹង្សានៅខេត្តព្រះសីហនុ កាលពីពេលកន្លងទៅ។
ការបញ្ជារបស់សម្តេចតេជោយ៉ាងដូច្នេះធ្វើឡើងក្នុងកិច្ចប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃទី២៨ ខែកុម្ភៈនេះ នៅវិមានសន្តិភាព។
យោងតាមមន្ត្រីដែលបានចូលរួម ក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ក្នុងកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យធ្វើការសិក្សា ដើម្បីឈានដល់ការមេយោធាខេត្តព្រះសីហនុ លោក សាវិន វិបុល និងអភិបាលរងខេត្ត២នាក់ទៀត ដែលពាក់ព័ន្ធនឹងការបង្ក្រាបករណីពលរដ្ឋតវ៉ារឿងដីធ្លី កាលពីពេលថ្មីៗកន្លងទៅនេះ»។
មន្ត្រីដដែលបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាយ៉ាងដាច់ណាត់ថា មិនអនុញ្ញាតឲ្យយកកងទ័ព ដែលមិនមែនជាមន្រ្តីអនុវត្តច្បាប់ ទៅអនុវត្តសាលដីការឡើយ បើមាន គឺដកមេចោលតែម្តង៕
ឧត្តមសេនីយ៍ទោ សាវិន វិបុល