(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា កុំចាំតែអង្គុយបក់ផ្សែង ត្រូវពន្លត់ភ្លើងនោះចេញទៅ នោះបានទើបអស់រឿង។ លោកអភិបាលខណ្ឌ និយាយនេះ សំដៅទៅលើមន្រ្តីមូលដ្ឋានសង្កាត់ ភូមិ មួយចំនួន ដែលធ្វើការមិនសូវបានល្អ ជាពិសេសផ្នែកអនាម័យបរិស្ថាន នៅតាមច្រាំងទន្លេ និងនៅចន្លោះស្ពានព្រះមុនីវង្ស។
លោក ចេង មុនីរ៉ា បានលើកឡើងចំៗថា បច្ចុប្បន្នបញ្ហាសំរាមនៅច្រាំងទន្លេ គឺមានពាក់ព័ន្ធសង្កាត់ចំនួន២ គឺសង្កាត់ច្បារអំពៅទី១ និងសង្កាត់ច្បារអំពៅទី២។ គេតែងតែសង្កេតឃើញ មានពលរដ្ឋមួយចំនួន យកសំរាមមកចាក់ចោល នៅតាមច្រាំងទន្ល និងនៅចន្លោះគល់ស្ពានព្រះមុនីវង្ស។
លោក បានបន្តថា ចាប់ពីពេលនេះទៅ មន្រ្តីសង្កាត់ទាំងអស់ក្នុងមូលដ្ឋាន ជាពិសេសសង្កាត់ច្បារអំពៅទី១ និង សង្កាត់ច្បារអំពៅទី២ ត្រូវតែចាត់តាំងឲ្យមន្រ្តីក្រោមឱវាទរបស់ខ្លួន អង្គុយឃ្លាំមើល ឲ្យបានជាប់ជាប្រចាំ បើសិនជាឃើញជនណាម្នាក់ យកសំរាមមកបោះចោលតាមច្រាំងទន្លេ និងនៅចន្លោះ គល់ស្ពានព្រះមុនីវង្ស ត្រូវចាប់ផាកពិន័យ ទៅតាមច្បាប់បរិស្ថាន ដែលបានកំណត់។
លោកថា «ដល់ដំណាក់កាលនេះហើយ ឈប់យោគយល់ និងធូររលង់ទៀតទៅ ព្រោះនេះវាជារឿងដដែលៗ ដែលយើងបានធ្វើជាច្រើនឆ្នាំកន្លងមក។ ម្យ៉ាងទៀត ច្បាប់ក៏បានចេញហើយ ដល់ពេលយើងត្រូវពន្លត់ភ្លើង ឈប់ចាំតែអង្គុយបក់ផ្សែងទៀតទៅ»។
លោក ចេង មុនីរ៉ា បានលើកឡើងដូចច្នេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ដែលបានធ្វើឡើង នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
នៅក្នុងសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩, ក្នុងចំណុចទី៧ យន្តការសំរាប់អនុវត្តវិធានការពិន័យអន្តរកាណ៍ ក្នុងករណី មិនអនុវត្តតាមការណែនាំ ឬក៍ប្រព្រឹត្តល្មើស និងចំណុចណាមួយម្ចាស់ទីតាំង និងក្រុមហ៊ុនផ្តល់សេវាកម្មទាំងអស់។
នៅក្នុងចំនុច១, ២ និង៣ នៃសេចក្តីណែនាំនេះ នឹងត្រូវទទួលការពិន័យអន្តរការណ៍ដូចខាងក្រោម៖
* ពិន័យជាប្រាក់ចាប់ពី១ម៉ឺនរៀល ដល់២លានរៀល ដូចមានចែងក្នុងមាត្រា៣៩,៤៩ នៃអនុក្រឹត្យលេខ ១១៣ អនក្រ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពី ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។
* ពិន័យពី១លានរៀល ដល់៥០លានរៀល ឡើងទៅនឹងត្រូវបិទអាជីវកម្ម ឬ ផ្អាកការដ្ឋានសាងសង់ជាបណ្តោះអាសន្ន ក្នុងករណីធ្ងន់ធ្ងរ ដែលមន្រ្តីជំនាញពិនិត្យឃើញថា មានការបង្កផលប៉ះពាល់ដល់បរិស្ថាន និង សង្គម ដូចមានចែងក្នុងមាត្រា ២០,២២ នៃច្បាប់ ស្តីពីកិច្ចការពារបរិស្ថាន៕