(បាត់ដំបង)៖ សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបាត់ដំបង ដែលបានដំណើរការរយៈពេល១ថ្ងៃកន្លះ នៅសាលប្រជុំសាលាខេត្ត បានបិទនាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបាត់ដំបង។
នៅក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីសមាជិក សមាជិកា រាជរដ្ឋាភិបាល រដ្ឋសភា គណៈអភិបាលខេត្ត អភិបាលស្រុក ក្រុង ឃុំ សង្កាត់ កងកម្លាំងថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត និងមន្ត្រីរាជការសាលាខេត្ត តំណាងអង្គការ សមាគម សង្គមស៊ីវិលចូលរួមសរុប១,២៨១នាក់។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអានរបាយការណ៍សង្ខេបស្តីពី លទ្ធផលនៃដំណើរការសន្និបាតថា អង្គសន្និបាត បានស្តាប់សេចក្តីព្រាង នៃរបាយការណ៍បូកសរុបលទ្ធផលសម្រេចបាន ក្នុងឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត និងមានបទអន្តរាគមន៍ចំនួន៨ ពីសំណាក់អង្គភាព ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត។ ជាមួយគ្នានោះ អង្គសន្និបាត បានពិភាក្សា រកដំណោះស្រាយ សំណូមពរលើចំណុចគន្លឹះសំខាន់ៗ ដើម្បីធានាឱ្យមានប្រសិទ្ធិភាព ក្នុងការពង្រឹង និងអនុវត្តទិសដៅ ភារកិច្ចរបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០១៩ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព។
ថ្លែងក្នុងឱកាសបិទសន្និបាតសម្តេចក្រឡាហោម ស ខេង បានឲ្យដឹងថា សន្និបាតរដ្ឋបាលខេត្តបាត់ដំបង មិនគ្រាន់តែឆ្លុះបញ្ចាំងនៅសមិទ្ធផល បញ្ហាប្រឈម និងទិសដៅសម្រាប់តែថ្នាក់ខេត្ត ប៉ុណ្ណោះទេ បានទាំងការបូកសរុបវាយតម្លៃ តាមវិស័យនានាក្នុងខេត្តទាំងមូល។ សន្និបាតបានអញ្ជើញតំណាងអាជ្ញាធរ ស្រុក ក្រុង ឃុំ សង្កាត់ មន្ទីរ អង្គភាព កងកម្លាំងមានសមត្ថកិច្ចនានា ចូលរួម ដើម្បីផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់ បានរួមគ្នាពិនិត្យ វាយតម្លៃនូវសមិទ្ធផលការងារ ដែលខេត្តសម្រេចបានរយៈពេល១ឆ្នាំកន្លងមក និងការងារដែលនៅសេសសស់ ខ្វះចន្លោះ និងកំណត់បញ្ហាប្រឈមដើម្បីឈានទៅរកដំណោះស្រាយប្រកបដោយប្រសិទ្ធិភាព និងមានភាពសក្ត័សិទ្ធិ ដែលអាចធានា ឆ្លើយតបបាននូវតម្រូវការចាំបាច់ និងពិតប្រាកដនៅមូលដ្ឋាន។
សម្តេចបានថ្លែងទៀតថា ឆ្លងតាមរយៈអង្គសន្និបាត សម្តេចបានសំណូមពរគ្រប់គណៈបញ្ជាការឯកភាព បន្តលុបបំបាត់នូវរាល់បទល្មើស គ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងអនុវត្តឱ្យខានតែបាន គោលនយោបាយភូមិឃុំមានសុវត្ថិភាព។
សម្តេច ស ខេង បានណែនាំ និងផ្តាំផ្ញើដល់រដ្ឋបាលខេត្ត ស្រុក ក្រុង អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធក្នុងខេត្ត ត្រូវតាំងចិត្ត និងខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដោយផ្អែកតាម ផែនការសកម្មភាពការងារប្រចាំឆ្នាំ ស្របតាមគោលការណ៍ច្បាប់របស់ក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។
នៅក្នុងឱកាសនោះ សម្តេចសូមឲ្យអាជ្ញាធរមូលដ្ឋាន ដែលជាមន្ត្រីថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ធ្វើយ៉ាងណា ដោះស្រាយបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋសំណូមពរ ថែរក្សាគ្រប់គ្រងទឹក សម្រាប់ជួបគ្រោះរាំងស្ងួត ថែរក្សាការពារអភិរក្សតំបន់មួយចំនួន អប់រំយុវជនកុំឲ្យប្រើប្រាស់គ្រឿងញៀន ជួយដល់ប្រជាកសិករ លើការងារបង្កបង្កើនផល ប្រកបដោយគុណភាព ស្របទៅនឹងទីផ្សារផងដែរ។
សម្តេចក៏បានជំរុញឲ្យអាជ្ញាធរខេត្ត រៀបចំបរិវេណផ្សារឲ្យមានសណ្តាប់ធ្នាប់ មានអនាម័យ សោភ័ណភាព មានទីកន្លែងចាក់សំរាមឲ្យមានសណ្តាប់ធ្នាប់ល្អ និងបានបំពាក់ឯកសណ្ឋាន និងសញ្ញាសក្តិ គ្រឿងឥស្សរយសជូនមន្ត្រីរាជការ ដែលមានស្នាដៃល្អផងដែរ៕