(កំពត)៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំប្រធានអង្គភាពពាក់ព័ន្ធ និងបណ្តាប្រធានមន្ទីរជុំវិញខេត្ត ចុះដំណើរការ និងរៀបចំពហុកីឡដ្ឋានខេត្ត តាមស្តង់ដាអន្តរជាតិដើម្បីត្រៀមទទួល Sea Game 2023។
នៅក្នុងពហុកីឡដ្ឋានខេត្តកំពត លោក ជាវ តាយ បានបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍២០២៣ (Sea Game 2023)ខាងមុខ។ នៅក្នុងព្រឹត្តិការនោះដែរ ខេត្តកំពតនឹងទទួលរៀបចំលើវិញ្ញាសារប្រកួតកីឡាមួយចំនួនផងដែរ។
រដ្ឋបាលខេត្តបាននឹងកំពុងរៀបចំពហុកីឡដ្ឋានរបស់ខ្លួនឲ្យបានល្អស្អាត និងមានលក្ខណៈស្តងដារ ដើម្បីជំរុញ និងលើកទឹកចិត្តអ្នកចូលចិត្ត និយមលេងកីឡា។ លោកអភិបាលខេត្ត បានលើកឡើងទៀតថា វិស័យអប់រំកីឡាក្នុងខេត្តកំពតមានការរីកចម្រើនគួរឲ្យកត់សំគាល់ ដោយសារមហាជន យុវវ័យ សិស្សានុសិស្សភាគច្រើន ស្រលាញ់ និងចូលរួមលេងកីឡាយ៉ាងផុលផុស។
លោកថា «គ្រាប់ពូជកីឡាដែលដុះចេញពីខេត្តមួយនេះ មានច្រើនហើយល្បីល្បាញ តួយ៉ាងដូចជា តារាបាល់ទាត់ ច័ន្ទ វឌ្ឍនាកា ជាដើម ហើយដើម្បីលើកទឹកចិត្ត និងលើកស្ទួយវិស័យអប់រំកីឡានេះ ឲ្យផុលផុសឡើង តាមលក្ខណៈស្តង់ដាអន្តរជាតិ»។
លោកអភិបាលខេត្ត បញ្ជាក់ថា យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍២០២៣ (Sea Game 2023) ហើយដើម្បីជំរុញ លើកទឹកចិត្តដល់អ្នកស្រឡាញ់ ចូលចិត្តលែងកីឡា និងដើម្បីបណ្តុះបណ្តាលកីឡាល្អៗផងនោះ រដ្ឋបាលខេត្ត បាននឹងកំពុងរៀបចំកែលំអរពហុកីឡដ្ឋានឲ្យល្អស្អាតស្របតាមលក្ខណៈស្តង់ដារ ក្នុងនោះខេត្តនឹងរៀបចំឲ្យមានជាកៅអ៊ី សម្រាប់អង្គុយទស្សនាយ៉ាងហោចណាស់ឲ្យបាន១៥០០កីអី។
លើសពីនេះទៀត អំពូលភ្លើងស្តង់ដារ (FIFA) តម្លៃ៤០ម៉ឺនដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន បាននឹងកំពុងតម្លើង ហើយអាចប្រើប្រាស់បាននៅមុនថ្ងៃ ចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ៕