(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានប្រារព្ធកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតក្រុង ដើម្បីអបអរសាទរ ទិវាទីក្រុងស្អាតលើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងផ្ដល់ភាពកក់ក្តៅ»។ នៅក្នុងកម្មវិធី នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក៏មានការចូលរួមពី ប្រធានមន្ទីរ អនុប្រធានមន្ទីរ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើននាក់ផងដែរ។
លោក ស្វាយ សំអ៊ាង បានថ្លែងថា «បញ្ហាសំរាមនេះ យើងសង្កេតឃើញថា នៅតែមានបងប្អូនប្រជាពលរដ្ឋមួយចំនួន នៅតែមានទម្លាប់យកសំរាមមកបោះចោល នៅតាមដងផ្លូវនានាក្នុងក្រុង ហើយភាគច្រើន គឺយកមកបោះនៅពេលយប់ ឬព្រឹកព្រលឹម ដែលធ្វើឲ្យសំរាមកាន់តែគរច្រើនឡើងៗ ហើយមួយវិញទៀត វានឹងធ្វើឲ្យខេត្តរបស់យើង បាត់បង់សោភ័ណ្ឌភាព និងមានតែក្លិនស្អុយ ថង់ប្លាស្ទិចហើរតាមខ្យល់ជាក់ជាពុំខាន»។
លោកបន្ថែមទៀតថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការគ្នាជាមួយនឹងអាជ្ញាធរ ហើយលះបង់ទម្លាប់ការចោលសំរាមពាសវាលពាសកាល នោះខេត្ត ក្រុងរបស់យើង នឹងក្លាយជាខេត្ត ក្រុងដែលមានសោភ័ណ្ឌភាពល្អ ស្រស់បំព្រង មានខ្យល់អាកាសល្អបរិសុទ្ធ ពិសេសវាអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងនៅក្នុងខេត្តយើង កាន់តែច្រើនឡើង ក្នុងនោះវាក៏ធ្វើឲ្យជីវភាពរបស់ប្រជាជន មានការកើនឡើងតាមវិស័យទេសចរណ៍នេះផងដែរ។
លោកបានបញ្ជាក់ថា ទីក្រុងស្អាតល្អ និងមានខ្យល់បរិសុទ្ធ ពិសេសគឺមិនមានថង់ប្លាស្ទិចហើរតាមខ្យល់នោះ វាទាមទារឲ្យបងប្អូនប្រជាពលដ្ឋ មានការយល់ដឹងកាន់តែខ្លាំងពីសុវត្ថិភាពសម្រាម និងផលប៉ះពាល់ដែលពួកគាត់បោះសម្រាមចោលតាមទីសាធារណៈ ហើយក្នុងនាមអាជ្ញាធរមូលដ្ឋាន ក៏ត្រូវតែធ្វើការអប់រំណែនាំ និងផ្សព្វផ្សាយឲ្យកាន់តែ ផុលផុសផងដែរ ដល់ប្រជាពលរដ្ឋ ស្ថាប័នឯកជន រដ្ឋ ពីការចូលរួមស្រឡាញ់ការពារបរិស្ថានអនាម័យនេះ និងផ្លាស់ប្តូរដោយបោះសម្រាមចោលតែក្នុងធុងសម្រាមជានិច្ច។
លោកបានបន្តទៀតថា ដើម្បីឲ្យទីសាធារណៈមានសោភ័ណភាពល្អ យើងទាំងអស់គ្នាត្រូវចូលរួមធ្វើអនាម័យបរិស្ថានជុំវិញក្រុងស្រុកខណ្ឌរបស់បងប្អូន ព្រោះបរិស្ថានស្អាតធ្វើឲ្យយើងមានសុខភាពល្អ រស់នៅប្រកប ដោយសុវត្ថិភាពចៀសផុតពីជំងឺផ្សេងៗ ហើយទីក្រុងស្អាត គឺផ្ដើមចេញយើងទាំងអស់គ្នា ដោយត្រូវទុកដាក់សំរាមឱ្យមានសណ្ដាប់ធ្នាប់ ទៅតាមប្រភេទ នៃសំរាមត្រូវយកទៅដុត ឬកប់ឬយកចិត្តទុកដាក់កន្លែងមានសុវត្ថិភាព និងនិងនឹងធ្វើឱ្យភ្ញៀវជាតិអន្តរជាតិចូលចិត្តមកទស្សនា។
ការសម្អាតទីក្រុង គឺជាតួនាទីរបស់បុគ្គល ក្នុងការចូលរួមចំណែកអភិវឌ្ឍភូមិឃុំ និងសង្គមជាតិឲ្យមានលក្ខណៈល្អប្រសើរ ចង់ឲ្យប្រជាពលរដ្ឋទាំងអស់ យល់ឲ្យច្បាស់ពីបរិស្ថាន និងបង្រៀនដល់កូនចៅជំនាន់ក្រោយឲ្យយល់ដឹងពីបរិស្ថាន៕