(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការងនគរបាលជាតិ បានលើកឡើងថា មន្ដ្រីនគរបាលទាំងអស់មិនត្រូវយកតួនាទី បុណ្យស័ក្ដិរបស់ខ្លួនដើម្បីបម្រើផលប្រយោជន៍ផ្ទាល់នោះទេ ពោលត្រូវតែយកអ្វីទាំងអស់នេះទៅបម្រើប្រជាពលរដ្ឋ និងអង្គភាពរបស់ខ្លួន តាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន។
ការណែនាំរបស់ នាយឧត្តមសេនីយ៍ ខេង សុមេធ ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨ របស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៩ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
អគ្គស្នងការរងនគរបាលជាតិរូបនេះ ក៏បានសង្កត់ធ្ងន់ទៀតថា មន្ដ្រីរាជការ ពិសេសកងកម្លាំងនគរបាលជាតិ ដែលទទួលបានប្រាក់ខែពីរាស្រ្ត បើមិនបានជួយរាស្រ្ត សូមកុំរំខាន ឬធ្វើបាបរាស្រ្តឲ្យសោះ ត្រូវតែថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានដែលខ្លួនកាន់កាប់ ហើយមិនត្រូវយកតួនាទី បុណ្យស័ក្កិរបស់ខ្លួន ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ត្រូវយកមកបម្រើរាស្រ្ត និងអង្គភាព។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ខេង សុមេធ បានណែនាំថា ក្នុងនាមជាមន្រ្តីនគរបាល ជាអ្នកបម្រើប្រជាជន ត្រូវតែបំពេញនូវកាតព្វកិច្ចរបស់ខ្លួនរៀងៗខ្លួន និងរក្សាបាននូវសេចក្តីថ្លៃថ្នូរ សាមគ្គីផ្ទៃក្នុងអង្គភាព ឲ្យបានរឹងមាំ ដើម្បីធានាបាននូវការបំពេញកិច្ចការងារ ប្រកបដោយប្រសិទ្ធភាព តម្លាភាព កាន់តែប្រសើរឡើង៕