(ព្រះសីហនុ)៖ នាវាកងកម្លាំងស្វ័យការពារជប៉ុនចំនួន០២គ្រឿង បានវិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ ក្រោយបន្ទាប់ពីបញ្ចប់ដំណើរ ទស្សនកិច្ចជាផ្លូវការរបស់ខ្លួនរយៈពេល៤ថ្ងៃ នៅកម្ពុជា គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីចំណងសាមគ្គីភាព មិត្តភាព រវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត ហើយដើម្បីធ្វើការហ្វឹកហ្វឺនដល់នាវិកបើកបរនាវាចម្ងាយឆ្ងាយ។
កាលពីវេលាម៉ោង០៩៖០០នាទីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នាវាកងកម្លាំងស្វ័យការពារជប៉ុន ចំនួន០២គ្រឿង បានចូលសំចតនៅកំពង់ផែ ស្វយ័តក្រុង-ខេត្តព្រះសីហនុ ព្រមទាំងចូលទៅទស្សនា ព្រះបរមរាជវាំង សារមន្ទីរជាតិ គោរពវិញ្ញាណក្ខន្ធជនរងគ្រោះជប៉ុន វត្តអារាម សាលារៀន អង្គភាពមួយចំនួន ដាក់កម្រងផ្កា នៅវិមានឯករាជ្យ និងចូលជួបសំដែងការគួរសមជាមួយគណៈអភិបាលខេត្តព្រះសីហនុ និងមន្ត្រីយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ។
*នាវាទី១៖ នាវាឈ្មោះ SETOYUKI (TV-3518) មានបណ្តោយ១៣ម៉ែត្រ ទទឹង១៣,៦០ម៉ែត្រ ជម្រៅទឹក ៨,៥០ម៉ែត្រ ទំងន់ផ្ទុក៣០៥០តោន មាននាវិកប្រមាណ១៦៧នាក់ ដែលដឹកនាំដោយលោកមេបញ្ជាការនាវា លោកវរនាវីទោ NAOTO NAKADERA។
* នាវាទី២៖ នាវាឈ្មោះ SHIMAYUKI (TV-3513) បណ្តោយ១៣០ម៉ែត្រ ទទឹង១៣,៦០ម៉ែត្រ ជម្រៅទឹក៨,៥០ម៉ែត្រ ទំងន់ផ្ទុក៣០៥០តោន មាននាវិក ប្រមាណ១៦៧នាក់ ដឹកនាំដោយលោកមេបញ្ជាការនាវា លោកវរនាវីទោ TAKEHIKO SAITO និងមាននាវិកសរុបទាំងអស់ចំនួន៣៣៤នាក់។
ក្រុមនាវាទាំងពីរនេះដឹកនាំដោយ ប្រធានប្រតិភូ គឺលោកវរនាវីឯក YOSHIYUKI NAKAGANA មេបញ្ជាការហ្វឹកហ្វឺនអង្គភាពលេខ១ នៃកងកម្លាំងស្វ័យការពារជប៉ុន៕