(ព្រះវិហារ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយ SDP-SWisscontact បើកដំណើរការសិក្ខាសាលាផ្សព្វផ្សាយស្តីពីរ «ការអនុវត្តប្រពន្ធវាយតម្លៃ ផ្អែកលើសមត្ថភាព និងការផ្តល់គុណវុឌ្ឍិ (ដំណើរចម្រើនដោយសេចក្ដីល្អ)» កាលពីដើមសប្តាហ៍កន្លងទៅនេះក្រោមអធិបតីភាពលោក ពេជ្រ សោភន័ រដ្ឋលេខាធិការក្រសួងការ និងបណ្តុះបណ្តាលជីវៈ។
នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ រួមនឹងថ្នាក់ដឹកនាំប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអង្គការជាតិ អន្តរជាតិផងដែរ។
លោក ពេជ្រ សោភ័ន បានឱ្យដឹងថា ការបើកដំណើរការសិក្ខាសាលាផ្សព្វផ្សាយស្តីពីរ «ការអនុវត្តប្រពន្ធវាយតម្លៃផ្អែកលើសមត្ថភាព និងការផ្តល់គុណវុឌ្ឍិ» គឺក្រោមការរៀបចំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយ និង SDP-SWisscontact។ គោលនយោបាយជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ បានអនុមត័ដោយរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។
លោកបានបន្ថែមថា គោលនយោបាយនេះ ផ្តល់នូវក្របខណ្ឌ័សម្រាប់ការអភិវឌ្ឍរយៈពេលវែង នៃវិស័យ TVET នៅក្នុងប្រទេស ដើម្បីធានានូវការឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ពលកម្មជំនាញថ្នាក់ជាតិ និងអន្តរជាតិ។ ទីភ្នាក់ងារអភិវឌ្ឍន៍ស្វីសនិសារជីវកម្ម (SDC) បានសម្រេចចិត្តបើកដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៅក្នុងប្រទេសកម្ពុជា តាមរយៈ ការដេញថ្លៃ SWisscontact ត្រូវបានផ្តល់ជាអង្គភាពអនុវត្តគម្រោង កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) សម្រាប់រយៈពេល៤ឆ្នាំ ចាប់ពីខែកក្កដា ឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០២០។
លោក ពេជ្រ សោភ័ន បានគូសបញ្ជាក់ថា ដើម្បីអនុវត្តគម្រោងខាងលើឱ្យមានប្រសិទ្ធិភាព ឆ្លើយតបទៅនឹងគោលនយោបាយជាតិស្តីពី «ការអប់រំបណ្តុះបណ្តាល បច្ចេកទេស វិជ្ជាជីវៈឆ្នាំ២០១៧ ដល់ឆ្នាំ២០២៥ SWisscontact ស្នើរសុំចុះកិច្ចព្រមព្រៀង សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការទទួលស្គាល់ការសិក្សា ដែលមានពីមុន និងការបណ្តុះបណ្តាលឆ្លាស់ ដែលមានអគ្គនាយកដ្ឋានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាអង្គភាពអនុវត្ត៕