(ក្រចេះ)៖ ស្ពានចំនួន៥កន្លែង នៅបណ្ដោយកំណាត់ផ្លូវលេខ៧៣ ពីក្រចេះ-ឆ្លូង កំពុងសាងសង់ថ្មី ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ក្រោមការសម្របសម្រួល តាមរយៈអង្គការ JICA ដែលទទួលសាងសង់ដោយក្រុមហ៊ុន HAZAMA ដោយមានខឹតខំប្រឹងប្រែង ទំនាក់ទំនងពីប្រមុខរដ្ឋាភិបាល ជាពិសេសពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលទំនាក់ទំនងសុំជំនួយ ពីបរទេស ទើបមានថវិកាដំណើការសាងសង់ ស្ពានទាំងនេះដោយរលូន។

លោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ស្ពានទាំង៥កន្លែង ដែលកំពុងសាងសង់ថ្មីនេះ មានប្រវែង៤៦០ម៉ែត្រ សាងសង់រយៈពេល២៨ខែ ដោយចាប់ថ្ដើមសាងសង់ ពីថ្ងៃទី0១ ខែមិថុនា ឆ្នាំ២០១៨ និងបញ្ចប់គំរោងសាងសង់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។

លោកបានបន្តទៀតថា ស្ពានទាំង៥នោះ ទី១៖ ស្ពានសណ្ដាន់ មានប្រវែង៣៥ម៉ែត្រ ទទឹង១០.៩ម៉ែត្រ, ទី២៖ ស្ពានព្រែកឬស មានប្រវែង៦២ម៉ែត្រ ទទឹង១០.៩ម៉ែត្រ, ទី៣៖ ស្ពានអន្លង់កេះ មានប្រវែង៤៨ម៉ែត្រ ទទឹង១០.៩ម៉ែត្រ, ទី៤៖ ស្ពានព្រែកឆ្លូង មានប្រវែង១៤០ម៉ែត្រ ទទឹង១១.៣ម៉ែត្រ។ ហើយស្ពានទាំង៤នេះ ស្ថិតក្នុងស្រុកឆ្លូង និងស្ពានទី៥ គឺស្ពានពាមទេ មានប្រវែង១៧៥ម៉ែត្រ ទទឹង១១.៣ម៉ែត្រ ស្ថិតក្នុងស្រុកចិត្របុរី និងក្រុងក្រចេះ។

លោក ស្រេង ស្រស់ បានបញ្ជាក់ថា ស្ពានទាំងនេះ គឺស្ពានពាមទេ មានប្រវែងវែងជាងគេ និងវែងជាងស្ពានចាស់ ចំនួន២៥ម៉ែត្រ ដោយបច្ចុប្បន្នស្ពានចាស់ មានលក្ខណៈតូចចង្អៀត បណ្ដាលឲ្យមានការពិបាក ដល់ការធ្វើដំណើរឆ្លងកាត់ស្ពាននីមួយៗ និងមានការកកស្ទះចរាចរណ៍ទៀតផង។

ប្រធានមន្ទីររូបនេះ បានបន្ដទៀតថា ខណៈពេលដែលក្រុមហ៊ុន HAZAMA របស់ប្រទេសជប៉ុន កំពុងសាងសង់ និងយកចិត្តទុកដាក់ ទៅលើគុណភាពស្ពាន និងពន្លឿនការសាងសង់ ឲ្យចប់ទាន់ពេលកំណត់នោះ បងប្អូន អ្នកដំណើរគ្រប់រូប ដែលធ្វើដំណើរឆ្លងកាត់ស្ពាននីមួយៗ មានផលលំបាកបន្តិចហើយ សូមបងប្អូនធ្វើចរាចរណ៍ឆ្លងកាត់ស្ពាន ចេះយល់អាស្រ័យគ្នាទៅវិញទៅមក ជៀសវាងការកក់ស្ទះចរាចរណ៍ ឬគ្រោះថ្នាក់ចរាចរណ៍ ដោយយថាហេតុ។

ក្រោយពីស្ពានទាំងនេះ សាងសង់រួចរាល់ហើយនោះ លោកស្រេង ស្រស់ សូមអំពាវនាវបងប្អូនម្ចាស់យានយន្ដគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍ឆ្លងកាត់ស្ពាន សូមមេត្តាកុំផ្ទុកទំងន់លើសកំណត់ ដែលច្បាប់បានកំណត់ ឲ្យប្រើប្រាស់ជៀសវាងការខូចខាតស្ពានថ្មីនេះម្ដងទៀត។ លោកសូមថ្លែងអំណរអរគុណ ដល់ប្រជាជនជប៉ុន ដែលតែងតែនាំយកជំនួយឥតសំណង់ មកជួយប្រទេសកម្ពុជា ដើម្បីសាងសង់ស្ពានថ្នាល់ជាច្រើនកន្លែង ដែលចំណាយថវិកាអស់ជាច្រើនសន្ធឹកសន្ធប់ នាពេលកន្លងមក៕