(ពោធិ៍សាត់)៖ សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានដំណើរការរយៈពេល១ថ្ងៃកន្លះ នៅសាលប្រជុំសាលាខេត្ត ត្រូវបានធ្វើពិធីបិទនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តពោធិ៍សាត់ និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។
ពិធីនេះក៏មានការចូលរួមពីលោក លោកស្រី សមាជិក សមាជិការក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អភិបាលស្រុក ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត និងមន្ត្រីរាជការសាលាខេត្ត តំណាងអង្គការ សង្គមស៊ីវិលសរុប ២៤០នាក់។
លោក ម៉ៅ ធនិន បានអានរបាយការណ៍សង្ខេប ស្តីពីលទ្ធផលនៃដំណើរការសន្និបាត អង្គសន្និបាតបានស្តាប់សេចក្តីព្រាង នៃរបាយការណ៍បូកសរុបលទ្ធផលសម្រេចបាន ក្នុងឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត និងមានបទអន្តរាគមន៍ចំនួន៨ ពីសំណាក់អង្គភាព ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត។ ជាមួយគ្នានោះអង្គសន្និបាត បានពិភាក្សា រកដំណោះស្រាយ សំណូមពរលើចំណុចគន្លឹះសំខាន់ៗ ដើម្បីធានាឱ្យមានប្រសិទ្ធិភាព ក្នុងការពង្រឹង និងអនុវត្តទិសដៅ ភារកិច្ចរបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០១៩ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព។
លោក ស៊ុយ សែម បានឲ្យដឹងថា សន្និបាតរដ្ឋបាលខេត្តពោធិ៍សាត់ មិនគ្រាន់តែឆ្លុះបញ្ចាំងនៅសមិទ្ធផល បញ្ហាប្រឈម និងទិសដៅសម្រាប់តែថ្នាក់ខេត្តប៉ុណ្ណោះទេ បានទាំងការបូកសរុបវាយតម្លៃ តាមវិស័យនានាក្នុងខេត្តទាំងមូល។ សន្និបាតនេះផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់ បានរួមគ្នាពិនិត្យវាយតម្លៃនូវសមិទ្ធផលការងារ ដែលខេត្តសម្រេចបានរយៈពេល១ឆ្នាំកន្លងមក និងការងារដែលនៅសេសសស់ ខ្វះចន្លោះ និងកំណត់បញ្ហាប្រឈមកាលានុវត្តភាព ដើម្បីឈានទៅរកដំណោះស្រាយ ប្រកបដោយប្រសិទ្ធិភាព និងមានភាពសក្ត័សិទ្ធិ ដែលអាចធានា ឆ្លើយតបបាននូវតម្រូវការចាំបាច់ និងពិតប្រាកដនៅមូលដ្ឋាន។
លោកបានថ្លែងទៀតថា ឆ្លងតាមរយៈអង្គសន្និបាត លោកសំណូមពរគ្រប់គណៈបញ្ជាការឯកភាព បន្តលុបបំបាត់នូវរាល់បទល្មើសលើវិស័យព្រៃឈើ ជលផល គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង គោរពច្បាប់ចរាចរណ៍ និងអនុវត្តឱ្យខានតែបាន គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ អាជ្ញាធរមូលដ្ឋាន ដែលជាមន្ត្រីថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យការបោះឆ្នោតទាំងអស់ ទទួលបានជោគជ័យរហូត ងាយស្រួលក្នុងការដឹកនាំគ្រប់គ្រង អភិវឌ្ឍន៍ប្រទេសជាតិ ដោះស្រាយបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋសំណូមពរ ថែរក្សាគ្រប់គ្រងទឹក សម្រាប់ជួបគ្រោះរាំងស្ងួត ថែរក្សាការពារអភិរក្សព្រៃក្រវាញ ទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែខុសច្បាប់ អប់រំយុវជនកុំឲ្យប្រើប្រាស់គ្រឿងញៀន ជួយដល់ប្រជាកសិករ លើការងារបង្កបង្កើនផល ប្រកបដោយគុណភាព ស្របទៅនឹងទីផ្សារទាំងក្នុង និងក្រៅប្រទេស។
លោកក៏បានជម្រុញឲ្យអាជ្ញាធរខេត្ត រៀបចំបរិវេណផ្សារឲ្យមានសន្តាប់ធ្នាប់ មានអនាម័យ សោភ័ណភាព មានទីកន្លែងចាក់សំរាម និងស្តារឡើងវិញ ស្ទឹង អូរ ព្រែក ដើម្បីរក្សាទឹកនសម្រាប់ប្រើប្រាស់ និងបានបំពាក់គ្រឿងឥស្សរយសថ្នាក់សេនា៦រូប ថ្នាក់អស្សឬទ្ធិ១៤រូប មេដាយមាស១រូប មេដាយប្រាក់៨រូប និងមេដាយសំរិទ្ធិ១៤រូប ជូនមន្ត្រីរាជការ ដែលមានស្នាដៃល្អផងដែរ៕