(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានជំរុញដល់មន្ត្រីអធិការកិច្ចក្រោមឱវាទ ត្រូវចុះធ្វើការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ ពិសេសត្រូវចុះធ្វើអធិការកិច្ចនៅតាមមូលដ្ឋាន អាជីវកម្មសេវាកម្មទេសចរណ៍ ដើម្បីជំរុញដល់ប្រតិបត្តិករទេសចរណ៍មកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណអាជីវកម្ម សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រងឧស្សាហកម្ម និងសេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព ប្រសិទ្ធភាព។
ការជំរុញយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាបូកសរុបការងារអធិការកិច្ចទេសចរណ៍ ឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងលោករដ្ឋមន្ត្រី ថោង ខុន នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
អង្គសិក្ខាសាលាដែលបានរៀបចំឡើងនាឱកាសនេះ មានសមាសភាពចូលរួមសរុបចំនួន ១៤៦រូប ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ៥រូប មន្រ្តីទីស្តីការក្រសួងទេសចរណ៍ ១៧រូប និងមន្ត្រីអធិការកិច្ចក្រសួងទេសចរណ៍ ១២៤រូប។
លោក ប្រាក់ ច័ន្ទតារា អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងទេសចរណ៍ បានថ្លែងថា ការរៀបចំសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងយុទ្ធសាស្រ្តរបស់ក្រសួងទេសចរណ៍ សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រងឧស្សាហកម្ម និងសេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព ប្រសិទ្ធភាព។
លោក ប្រាក់ ច័ន្ទតារា បានបន្តថា ការពង្រឹងសមត្ថភាពមន្រ្តីអធិការកិច្ច ដែលមានសម្បទាជានគរបាលយុត្តិធម៌ គឺជាកត្តាគន្លឹះ និងចាំបាច់បំផុត ដើម្បីឱ្យមន្រ្តីអធិការកិច្ចមានសមត្ថភាពពេញលេញ ក្នុងការជំរុញឱ្យគ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ចូលរួមគោរព និងអនុវត្តច្បាប់ ព្រមទាំងបទប្បញ្ញត្តិនានាក្នុងវិស័យទេសចរណ៍ ប្រកបដោយប្រសិទ្ធភាព។
លោក ជា បូរ៉ា បានកោតសរសើរថា សិក្ខាសាលានេះ ពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍនចំណេះដឹង និងធនធានមនុស្សដ៏សំខាន់ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ ឆ្នំា២០១២-២០២០ ពិសេសការពង្រឹងធនធានមនុស្សលើការងារអធិការកិច្ចទេសចរណ៍។
ដើម្បីជាជំនួយស្មារតីជូនដល់មន្ត្រីអធិការកិច្ចទាំងអស់ រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ បានផ្តល់អនុសាសន៍មួយចំនួន៖
* អគ្គាធិការដ្ឋាន ត្រូវសហការជាមួយអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ចុះធ្វើអធិការកិច្ច ដើម្បីជំរុញដល់ប្រតិបត្តិករទេសចរណ៍មកដាក់ពាក្យស្នើសុំ និងបន្តអាជ្ញាបណ្ណ។
* មុនពេល និងកំពុងចុះធ្វើអធិការកិច្ច មន្ត្រីអធិការកិច្ចទាំងអស់ត្រូវពិនិត្យ និងសិក្សាច្បាប់ស្តីពីទេសចរណ៍ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ក្រសួងទេសចរណ៍ ឲ្យបានច្បាស់លាស់ជាមុន។
* ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការចាត់វិធានការ និងដោះស្រាយភាពមិនប្រក្រតីក្នុងវិស័យទេសចរណ៍ ហើយរាល់ការចុះធ្វើអធិការកិច្ច ត្រូវមានការអនុញ្ញាតពីលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឬប្រធានស្ថាប័ន។
* ពេលធ្វើអធិការកិច្ច គ្រប់អង្គភាពក្រោមឱវាទក្រសួងទេសចរណ៍ ត្រូវរៀបចំផែនការសកម្មភាព ដើម្បីចុះធ្វើអធិការកិច្ច និងកំណត់ហេតុឲ្យបានច្បាស់លាស់។
* ត្រូវស្រាវជ្រាវរកវិធីសាស្រ្តថ្មីៗនានា ដើម្បីជំរុញការធ្វើអធិការកិច្ចឲ្យមានប្រសិទ្ធភាព។
* ត្រូវធ្វើផែនការ និងរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងមធ្យមដល់មន្រ្តីអធិការកិច្ចថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ។
* ត្រូវអនុវត្តឲ្យបានម៉ឺងមាត់នូវបទបញ្ជាផ្ទៃក្នុង សម្រាប់មន្ត្រីអធិការកិច្ចចុះបំពេញបេសកកម្មតាមន្ទីរទេសចរណ៍រាជធានី-ខេត្ត។
* បន្តរៀបចំផែនការបណ្តុះបណ្តាលធនធានមនុស្ស លើការងារអធិការកិច្ចជាប្រចាំ។
* ពង្រឹងការអនុវត្តវិន័យ និងកាតព្វកិច្ចមន្រ្តីរាជការ ដូចដែលមានចែងក្នុងខ្លឹមសារនៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន ពិសេសការពង្រឹងវិន័យការងារក្នុងអគ្គាធិការដ្ឋាន។
ម្យ៉ាងទៀត ក្នុងករណីមានភាពមិនប្រក្រតី ឬអនុវត្តផ្ទុយទៅនឹងច្បាប់ស្តីពីទេសចរណ៍ ព្រមទាំងបទប្បញ្ញត្តិនានាទាក់ទងនឹងវិស័យទេសចរណ៍ អគ្គាធិការដ្ឋានដែលជាសេនាធិការផ្ទាល់ឱ្យក្រសួងទេសចរណ៍ ត្រូវទទួលបន្ទុកការងារអធិការកិច្ច អង្កេត ពិនិត្យ ស្រាវជ្រាវគ្រប់អង្គភាពក្រោមឱវាទក្រសួង និងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍។
ក្រសួងទេសចរណ៍ ជឿជាក់ថាមន្រ្តីអធិការកិច្ចដែលមានសម្បទាជានគរបាលយុត្តិធម៌ទាំងអស់ នឹងយកចំណេះដឹង និងបទពិសោធន៍ល្អៗ ដែលធ្លាប់បានអនុវត្តកន្លងមកទៅបម្រើការងារ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ៕