(ភ្នំពេញ)៖ បន្ទាប់ពីបានប្រគល់រថយន្តដឹក-ស្ទូចដល់មន្ទីរធនធានទឹក និងឧតុនិយមនៃខេត្ត ចំនួន២០រួចមក នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានបន្តប្រគល់រថយន្តដឹក-ស្ទូច ចំនួន០៥គ្រឿងទៀត ជាលើកចុងក្រោយ ជូនដល់មន្ទីរធនធានទឹក និងឧតុនិយម នៃខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងរាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានលើកឡើងថា ការប្រគល់រថយន្តដឹក-ស្ទូច សម្រាប់មន្ទីរធនធានទឹក និងឧតុនិយមគ្រប់រាជធានី-ខេត្ត គឺដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព ក្នុងការបំពេញការងាររបស់មន្ទីរតាមតម្រូវការចាំបាច់ និងដើម្បីប្រើប្រាស់ក្នុងការជួយអន្តរាគមន៍ លើការងារធនធានទឹកឲ្យបានទាន់ពេលវេលា។
បន្ថែមពីនេះ រដ្ឋមន្រ្តី លឹម គានហោ បានណែនាំដល់គ្រប់មន្ទីរ ត្រូវប្រើប្រាស់ និងថែទាំរថយន្តខាងលើឲ្យបានល្អ ដើម្បីជាប្រយោជន៍សម្រាប់ការងាររបស់ខ្លួន នាពេលបច្ចុប្បន្ន និងចំពោះមុខ។
សូមបញ្ជាក់ថា ក្នុងខណៈដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល នៃបាតុភូតអែល នីណូ (El Nino) បង្កឲ្យធាតុអាកាសនៅកម្ពុជា មានសភាពក្តៅហួតហែង ដូចបានផ្សព្វផ្សាយតាមរយៈសារាចរណែនាំនាពេលថ្មីៗនេះ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចាត់វិធានការថែរក្សាទឹកទុក មន្ទីរនៃខេត្តខ្លះ បាននិងកំពុងប្រើប្រាស់រថយន្តទាំងនេះ ដើម្បីដឹកទឹកយកទៅចែកជូនប្រជាពលរដ្ឋនៅតាមទីតាំង ដែលជួបប្រទះបញ្ហាកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ៕