(ប៉ៃលិន)៖ លោក លេង វី រដ្ឋលេខធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាលរងខេត្តប៉ៃលិនថ្មី លោក ឃ្លោក នួយ អតីតជាសមាជិកក្រុមប្រឹក្សាខេត្ត ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ជំនួសលោកស្រី សោ មុន្នីរ័ត្ន ដែលបានទទួលមរណៈភាព។
ពិធីនេះរៀបចំឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ផាន់ ចាន់ធុល អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំមន្ត្រីរាជការរដ្ឋបាលខេត្ត និងមន្ទីរជំនាញជុំវិញខេត្ត ជាច្រើននាក់ផងដែរ។
លោក ឃ្លោក នួយ ដែលទើបតែងតាំងមុខតំណែងថ្មី បានធ្វើការប្តេជ្ញាអនុវត្តន៍ យ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ គោរពគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានា របស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសប្ដេជ្ញាគោរពគាំទ្រ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវកម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក លេង វី បានលើកឡើងរំលឹកពីសង្គ្រាម ហែកហួរគ្នារវាងខ្មែរ និងខ្មែរ រហូតធ្វើឱ្យប្រជាជនរងទុក្ខវេទនា និងស្លាប់យ៉ាងរង្គាល ហើយសង្គ្រាមបានធ្វើឲ្យប្រទេសជាតិស្ទើរតែខ្ទេចខ្ទីគ្មានសល់ ប៉ុន្តែដោយសារនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ សែន បានធ្វើឱ្យប្រទេសជាតិទាំងមូល មានសន្តិភាពពេញលេញបរិបូណ៍។ មានតែខ្មែរគ្នាឯងទេ ដែលស្គាល់ពីសុខទុក្ខ និងស្គាល់ពីតម្លៃសន្តិភាព គឺគ្មានបរទេសណាមកស្គាល់ជាងយើងជាខ្មែរនោះទេ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសន្តិភាពនេះ។
លោក ឡេង វី ក៍បានជម្រុញដល់អភិបាលរងខេត្ត ដែលទើបទទួលបានមុខតំណែងថ្មី ត្រូវខិតខំពង្រឹងការងារ ដល់មន្ត្រីរាជការនៅក្នុងខេត្តទាំងអស់ ឱ្យបំពេញការងារ ដែលខ្លួនទទួលខុសត្រូវ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ឱ្យសក្តិសមជាមន្ត្រី ដែលជាអ្នកបម្រើរាស្ត្រពិតប្រាកដ ជាពិសេសត្រូវចេះគ្រប់គ្រង ដឹកនាំ ហើយលើកទឹកចិត្តដល់មន្រ្តីដែលមានសមត្ថភាព និងធ្វើការងារបានល្អ ព្រមទាំងដាក់វិន័យទៅតាមច្បាប់មន្ត្រីរាជការចំពោះមន្ត្រីអសកម្ម។
លោកបានបន្តថា ទន្ទឹមនឹងនេះត្រូវខិតខំទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្មនានាទាំងឡាយ ដែលធ្វើឲ្យប៉ះពាល់ និងបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ដោយត្រូវជំរុញការផ្ដល់សេវាសាធារណៈ សេវាសង្គម ឲ្យកាន់តែល្អ នៅជិតប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ផាន់ ចាន់ធុល បានលើកឡើងថា ការផ្លាស់ប្ដូរ ឬតែងតាំង សម្រួលភារកិច្ច គឺជាធម្មតាសម្រាប់ក្របខណ្ឌមន្ត្រីរាជការ របស់រាជរដ្ឋាភិបាល ទៅតាមគុណបំណាច់ និងស្នាដៃក្នុងការបម្រើជាតិ និងប្រជាជននាពេលកន្លងមក ដូច្នេះលោកសង្ឃឹមថា ក្រោយពីការតែងតាំងអភិបាលរងខេត្ត២រូប និងនាយករដ្ឋខេត្ត១រូប រដ្ឋបាលខេត្តប៉ៃលិន នឹងមានរចនាសម្ព័ន្ធ ថ្នាក់ដឹកនាំគ្រប់គ្រាន់ ដែលអាចមានលទ្ធភាពបំពេញការងារ បំរើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ និងទាន់ពេលវេលា តាមសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវមានទំនួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារៈកិច្ចថ្មី និងសាមគ្គីជាមួយគណៈអភិបាលខេត្តទីចាត់ការ អង្គភាពនានា សំដៅបំពេញកិច្ចការបម្រើជាតិ និងប្រជាជនឱ្យទទួលបានជោគជ័យថ្មីៗ និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងខេត្តប៉ៃលិនឱ្យបានជាបន្តបន្ទាប់។៕