(ភ្នំពេញ)៖ បុរសម្នាក់អួតខ្លួនឯងជាមន្ត្រីយោធាផ្កាយ៣ បានទះកំផ្លៀងអ្នកចម្រៀងប្រចាំភោជនីយដ្ឋានបឹងមាស បន្ទាប់ពីបុរសម្នាក់នោះ បបួលនារីចម្រៀងចេញក្រៅ តែនាងមិនព្រមទៅ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោងជាង១១យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភោជនីយដ្ឋានបឹងមាស សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ស្រ្តីរងគ្រោះឈ្មោះ ស្រីពៅ មានអាយុ៣៥ឆ្នាំ មុខរបរជាអ្នកចម្រៀងប្រចាំភោជនីយដ្ឋានបឹងមាស បច្ចុប្បន្នស្នាក់នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
ស្រ្ដីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ កំពុងតែច្រៀងសុខៗ ស្រាប់ជនបង្កខាងលើបានឃើញ ក៏ពេញចិត្តក៏ឲ្យគេហៅនាង មករាំលេងជាមួយគ្នា។ ស្រាប់តែមួយសន្ទុះក្រោយមក បុរសខាងលើបានអួតខ្លួនថា ជាមន្ត្រីយោធាផ្កាយ៣ ភ្លាមៗនោះបុរសខាងលើបានដកលុយចំនួន២០ដុល្លារ ដើម្បីឲ្យទៅនាង ហើយថែមទាំងបបួលនាងជាច្រើនដង ដើម្បីឲ្យចេញទៅក្រៅជាមួយគ្នាមួយយប់ អស់ប្រាក់ចំនួនប៉ុន្មានរយដុល្លារក៏ជនបង្កព្រមដែរ។ ប៉ុន្តែតែនាងបដិសេធ ទើបធ្វើឲ្យបុរសរូបនោះ ខឹងក៏ដើរទៅទះកំផ្លៀងស្រ្ដីរងគ្រោះចំនួនពីរកំផ្លៀង។ បន្ទាប់ពីបានទះកំផ្លៀងស្រ្ដីរងគ្រោះរួច ជងបង្កនិងបក្ខពួក បាននាំគ្នាបើករថយន្តគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្ដង។
ក្រោយពេលកើតហេតុស្រ្តីរងគ្រោះខាងលើ បានមកដាក់ពាក្យបណ្ដឹងនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារ ដើម្បីជួយរកយុត្តិធម៌ និងចាត់វិធានការទៅតាមផ្លូវច្បាប់ផងដែរ៕