(តាកែវ)៖ លោក ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកត្រាំកក់ និងលោក លឹម ឈីនឡាយ នាយកក្រុមហ៊ុនខេមលីស៊ែន ឯ.ក នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញអធិបតីភាពក្នុងពិធីជួបសំណេះសំណាលសម្ដែងការគួរសម និងចុះហត្ថលេខាអនុវត្តគម្រោងសាងសង់អគារចំនួន៥ ក្នុងមូលដ្ឋានស្រុកត្រាំកក់។
គម្រោងសាងសង់អគារទាំង៥ ដែលមានតម្លៃសរុបខ្ទង់១លានដុល្លារនេះ រួមមានអគារស្នាក់ការគណបក្ស១ខ្នង, សាលាបឋមសិក្សាចំប៉ាលើកចំនួន២ខ្នង, អគារបណ្ណាល័យបឋមសិក្សា សុខ អាន មង្គលមានលក្ខណ៍១ខ្នង និងអគារមន្ទីរពេទ្យបង្អែកអង្គរកាចំនួន១ខ្នង ក្នុងស្រុកត្រាំកក់។
ថ្លែងក្នុងឱកាសនោះ លោកតំណាងរាស្ដ្រ ច័ន្ទ សារុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់នាយក្រុមហ៊ុនខេមលីស៊ែន ឯ.ក ដែលបានឧបត្ថម្ភថវិកា ក្នុងការចូលរួមចំណែកកសាងប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោក ច័ន្ទ សារុន បានចាត់ទុកថា នេះជាការរួមចំណែកមួយដ៏សំខាន់ ពីសំណាក់ក្រុមហ៊ុនឯកជននៅកម្ពុជា និងសូមឲ្យក្រុមហ៊ុនកាន់តែទទួលបាន ជោគជ័យបន្ថែមទៀត ក្នុងការបំពេញមុខជំនួញរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា៕