(ហ្សឺណែវ)៖ នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ នៃសម័យប្រជុំលើកទី៤០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នាទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានក្រុមប្រឹក្សាសិទ្ធិមនុស្សថា បស្ចិមប្រទេសមានចេតនារំលោភលើអធិបតេយ្យភាព និងជ្រៀតជ្រែកកិច្ចការផ្ទៃកម្ពុជា។
ក្នុងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងថា នៅពេលដែលមេដឹកនាំគណបក្សប្រឆាំងប្រកាសជាសាធារណៈថា គាត់និងគណបក្សរបស់គាត់ បានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបចេ្ចកទេសពីអំណាចបរទេស ដើម្បីផ្តួលរំលំតាមរយៈមធ្យោបាយខុសច្បាប់ នូវរាជរដ្ឋាភិបាលស្របច្បាប់ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ យើងគ្មានជម្រើសអ្វីក្រៅពីចាត់វិធានការចាំបាច់ ដើម្បីការពារស្ថាប័ន សន្តិភាព និងស្ថិរភាពរបស់ប្រទេសយើងនោះទេ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលរំខានយើងនោះគឺថា ទោះបីជាមានភស្តុតាងច្បាស់លាស់យ៉ាងណាក៏ដោយ ក៏មានរដ្ឋាភិបាលបស្ចិមប្រទេសមួយចំនួន បានតវ៉ាដេញដោលលើអង្គហេតុដែលយើងយកមកបញ្ជាក់អំពីការសម្រេចចិត្តនេះ។ តាមរយៈការធ្វើដូច្នេះ គឺពួកគេមានចេតនារំលោភលើអធិបតេយ្យភាព និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសយើង ដែលនេះជាអាកប្បកិរិយាដែលយើងពិតជាមិនអាចទទួលយកបានទាល់តែសោះ»។
លោកប្រមុខការទូត បានបញ្ជាក់ថា បច្ចុប្បន្ននេះ បន្ទាប់ពីចាត់វិធានការការពារទាំងនេះ កម្ពុជាបានខិតខំធ្វើការចរចាជាមួយអ្នកទាំងឡាយណាដែលគាំទ្រឲ្យមានលទ្ធិប្រជាធិបតេយ្យប្រកបដោយសន្តិភាព ដើម្បីស្វែងរកមធ្យោបាយធ្វើឲ្យលទ្ធិប្រជាធិបតេយ្យរបស់យើងអាចដំណើរការទៅបាន ជាមួយស្ថិរភាពនយោបាយ និងធ្វើឲ្យប្រព័ន្ធពហុបក្ស និងសន្តិភាពសាធារណៈ ដើរស្របគ្នាបាន។ ក្នុងស្មារតីនេះ កម្ពុជាបានចាត់វិធានការតាមបញ្ញត្តិច្បាប់ ដើម្បីអនុញ្ញាតឲ្យអតីតថ្នាក់ដឹកនាំបក្សប្រឆាំងទាំង១១៨រូប ធ្វើសមាហរណកម្មពេញលេញ ទៅក្នុងជីវិតនយោបាយឡើងវិញ។
លោកបានអះអាងថា រាជរដ្ឋាភិបាលក៏បានបង្កើតយន្តការពិគ្រោះយោបល់ជាមួយសង្គមស៊ីវិល ហើយកាលពីថ្ងៃទី២៩ ខែមករា កន្លងទៅ រូបខ្ញុំផ្ទាល់ក៏បានផ្តួចផ្តើមកិច្ចសន្ទនាមួយ ដែលនឹងក្លាយជាការសន្ទនាជាទៀងទាត់ជាមួយអង្គការក្រៅរដ្ឋាភិបាលបរទេសផងដែរ។
លោកបានបន្តទៀតថា កាលពីប៉ុន្មានខែមុន យើងបានបន្តអាណត្តិ២ឆ្នាំទៀត ដល់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអ.ស.ប នៅទីក្រុងភ្នំពេញ ហើយកម្ពុជាគឺជាប្រទេសតែមួយគត់នៅក្នុងទ្វីបអាស៊ីដែលមានយន្តការបែបនេះ។ យើងក៏បានបន្តស្វាគមន៍ដំណើរទស្សនកិច្ចនិងអនុសាសន៍ពីសំណាក់អ្នករាយការណ៍ពិសេស។
នៅមុននឹងបញ្ចប់បទអន្តរាគមន៍នេះ លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់សាជាថ្មីនូវការអះអាងរបស់ សម្តេចតេជោ ហ៊ុន សែន ចំពោះមុខ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អ.ស.ប. ថ្មីៗនេះថា កម្ពុជាប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយក៏ប្តេជ្ញាការពារសន្តិភាព ដែលបានមកដោយលំបាកនេះ ជាសន្តិភាពដែលមានតម្លៃធំធេងបំផុត ចំពោះប្រជាជន ដែលបានឆ្លងកាត់អតីតកាលដ៏ខ្លោចផ្សា ដូចដែលអ្នកទាំងអស់គ្នាបានដឹងលឺយ៉ាងច្បាស់លាស់៕
ខាងក្រោមនេះជាបទអន្តរាគមន៍ទាំងស្រុងរបស់ ប្រមុខការទូតកម្ពុជា៖