(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣(CAMSOC) នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈនេះ បានបើកកិច្ចប្រជុំលើកទី២ របស់ខ្លួន ក្រោមការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC នៅវិមានមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ដោយបានសម្រេចជាផ្លែផ្កាចំនួន ៤ចំណុចទៀតផង ។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ CAMSOC ក្នុងនោះក៏មានវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដែលជាអនុប្រធានអចិន្ដ្រៃយ៍ ក៏ដូចជាលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការរបស់ CAMSOC រួមទាំងថ្នាក់ដឹកនាំជាច្រើនរូបនេះ ដើម្បីពិភាក្សាអំពីលទ្ធផល និងផែនការការងារបន្ទាប់របស់ខ្លួន ក្រោយបង្កើតជារូបរាង កាលពីចុងឆ្នាំ២០១៧ ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា «ក្រោមការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ កិច្ចប្រជុំនេះ បានទទួលលទ្ធផល ទី១៖ កំណត់ហេតុច្បាស់លាស់មួយ សម្រាប់បញ្ជូនទៅរាជរដ្ឋាភិបាល ។ ទី២៖ បន្ដរៀបចំគម្រោងថវិការជាមួយក្រសួងអប់រំ សម្រាប់ទ្រទ្រង់ការរៀបចំផែនការ និងការអនុវត្តការងារផ្សេងៗ ។ ទី៣៖ សម្ដេចបានពន្លឿនការបើកអគ្គលេខាធិការដ្ឋាន CAMSOC ដើម្បីធានាប្រសិទ្ធភាពអនុវត្តសកម្មភាពរបស់ខ្លួន និងទី៤៖ សម្ដេចបានសម្រេចក្នុងអង្គប្រជុំ ស្ដីពីបទបញ្ជា និងរបៀបធ្វើការ ទៅតាមតួនាទីរៀងៗខ្លួន ដោយសម្រេចឲ្យរៀបចំបទបញ្ជាផ្ទៃក្នុងដើម្បីចុះហត្ថលេខាទៀតផង» ។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានសម្ដែងការអរគុណ ចំពោះស្មារតីអង្គប្រជុំ ដែលឈរលើគោលដៅតែមួយ ក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកដំបូង នៅប្រទេសកម្ពុជា ។ សម្ដេចមានប្រសាសន៍ថា ឆ្លងកាត់កិច្ចប្រជុំនេះ ក្រៅពីទទួលបានលទ្ធផលវិជ្ជមាន ក៏មានចំណុចខ្វះខាតមួយចំនួន ដែលថ្នាក់ដឹកនាំ និងគណៈកម្មការជំនាញ ត្រូវខិតខំពង្រឹងបន្ថែមដែរ ពិសេសគឺគម្រោងបញ្ជូនកីឡាករ និងកីឡាការិនីទៅហ្វឹកហាត់នៅក្រៅប្រទេស ត្រូវរៀបចំការងារនេះឲ្យបានល្អបំផុត ដើម្បីធានាការប្រកួតប្រជែង ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ទទួលបានលទ្ធផលកាន់តែល្អប្រសើរ៕