(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ បានជួបពិភាក្សាការងារជាមួយ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដើម្បីពិគ្រោះ យោបល់អំពីការផ្លាស់ប្តូរទីតាំងរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញបម្រើឱ្យវិស័យកាត់ដេរទាំងអស់ ក្នុងរាជធានីភ្នំពេញ។

តាមសេចក្តីប្រកាស អំពីលទ្ធផលនៃជំនួបពិភាក្សា បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ជូន សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)ថា រដ្ឋបាលរាជធានីភ្នំពេញ ពុំមានវិធានការឱ្យរើរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញបម្រើឱ្យវិស័យកាត់ដេរទាំងអស់ដែលមានស្រាប់ ទៅទីតាំងជាយក្រុងឡើយ ដោយត្រូវបន្តចង្វាក់ផលិតកម្មនៅលើទីតាំងបច្ចុប្បន្ននេះជារៀងរហូត។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសំណូមពរដល់ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ឱ្យជួយចលនាដល់វិនិយោគិន ដែលមានបំណងបង្កើតរោងចក្រថ្មី ទៅសាងសង់នៅតំបន់ជាយក្រុង ឬនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

បន្ទាប់ពីការពិភាក្សាគ្នារួចមក ភាគីទាំងពីរបានឯកភាពដូចខាងក្រោម៖

១៖ បង្កើតក្រុមការងាររួមមួយ ដែលមានសមាសភាពខាង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា ដើម្បីប្រជុំកំណត់ប្រភេទ និងទំហំរថយន្តដឹកទំនិញធុនធ្ងន់ចេញ-ចូលរាជធានីភ្នំពេញ តម្រាយផ្លូវហាមឃាត់ និងកំណត់ពេលវេលាម៉ោងចេញ-ចូល សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ។

២៖ ក្រុមការងាររួមនេះ នឹងធ្វើការប្រជុំរៀងរាល់មួយខែម្តង ឬបីខែម្តងតាមការចាំបាច់ ដើម្បីពិភាក្សារកដំណោះស្រាយ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ និងដោះស្រាយ បញ្ហាកង្វល់របស់ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ។

៣៖ ចំពោះការសាងសង់រោងចក្រ ដែលមានក្រឡាផ្ទៃក្រោម ៣,០០០ម៉ែត្រក្រឡា (បីពាន់ម៉ែត្រការ៉េ) រដ្ឋបាល
រាជធានីភ្នំពេញ នឹងជួយសម្រួលបែបបទ តាមសេវាច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានី ភ្នំពេញ សំដៅជួយកាត់បន្ថយពេលវេលា ដើម្បីឆាប់បានដំណើរការសាងសង់៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ៖