(ភ្នំពេញ)៖ លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា នៅខែតុលា ឆ្នាំ២០១៩ខាងមុខនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដើម្បីរួមចំណែកបង្កើនបរិមាណ ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋកាត់បន្ថយការចុះខ្សោយនៃសម្ពាធទឹកសម្រាប់ប្រើប្រាស់ផងដែរ។
លោកអគ្គនាយកបញ្ជាក់ថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន មានសមត្ថភាពផលិតទឹក៥២,០០០ម៉ែត្រគូបក្នុង១ថ្ងៃ ដែលបានការគាំទ្រហិរញ្ញប្បទាន ពីទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សរុបប្រមាណ២៥លានដុល្លារអាមេរិក។
ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក ស៊ឹម ស៊ីថា ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញដឹកនាំប្រតិភូមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងទីភ្នាក់ងារ AFD, ក្រុមហ៊ុនទទួលសិទ្ធិម៉ៅការសាងសង់ VINCI (វ៉ាងស៊ី) របស់ប្រទេសបារាំង ចុះពិនិត្យការដ្ឋានសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកអគ្គនាយកបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «គិតមកដល់ពេលនេះ ការសាងសង់រោងចក្រ ប្រព្រឹត្តកម្មទឹកស្អាតចំការមននេះ សម្រេចបានជាង៦០ភាគរយហើយ។ យើងនឹងជំរុញឲ្យដំណើរការសាងសង់ចប់តាមគម្រោង ហើយអាចនឹងដាក់ដំណើរការសាកល្បង នៅខែតុលា ឆ្នាំ២០១៩ខាងមុខនេះ»។
បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងដំណើការរោងចក្រផលិតទឹកស្អាតចំនួន៣ទីតាំង គឺរោងចក្រផលិតទឹកស្អាតនិរោធ ដែលមានសមត្ថភាពផលិតទឹកបាន២៦ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ, រោងចក្រផលិតទឹកស្អាតជ្រោចង្វារ ផលិតទឹកស្អាតបាន១៤ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ និងរោងចក្រផលិតទឹកស្អាតភូមិព្រែក ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានសមត្ថភាពផលិតទឹកបាន១៧ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ។ ប្រសិនបើរោងចក្រផលិតទឹកស្អាតចំការមន ដាក់ដំណើរការទៀតនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងអាចផលិតទឹកស្អាតកើនឡើងជាង៦២ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ។
សូមជម្រាបថា គិតត្រឹមដើមឆ្នាំ២០១៩នេះ រដ្ឋាករទឹកបានតភ្ជាប់បណ្តាញទឹកសរុបចំនួន៣,១១០គីឡូម៉ែត្រ និងមានអតិថិជនតភ្ជាប់បណ្តាញប្រើប្រាស់ទឹកចំនួន ៣៦៤,១៥០បណ្តាញនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល៕