(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាអ្នកផ្តួចផ្តើមបង្កើតឲ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ស្អែកនេះ នឹងអញ្ជើញបើកកិច្ចប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិនិត្យទៅលើសមិទ្ធផលការងារ ក៏ដូចជាបញ្ហាប្រឈមមួយចំនួនដែលបានកើតមានក្នុងរយៈពេល៦ខែកន្លងមកនេះ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០១៨ ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។
ក្រោយពេលបង្កើតឡើងហើយនោះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាក់ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលរួមមានការពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងច្បាប់នានាមុនដាក់ឲ្យរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានកោះអញ្ជើញថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា មកសាកសួរលើបញ្ហាមិនប្រក្រតីមួយចំនួន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នទាំងនោះផងដែរ។
ក្រៅពីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏ត្រូវបានគេមើលឃើញថា បានចុះធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាជម្លោះដីធ្លីនៅតាមបណ្តាខេត្ត។ លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយបានប្រមូលយកធាតុចូលជាច្រើនជូនរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងបញ្ហាដទៃទៀតកើតមាននៅក្នុងសង្គម។
លោក ឈឹម ផលវរុណ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ក្នុងរយៈពេល៦ខែមកនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានបើកកិច្ចប្រជុំសរុបប្រមាណ ១៣លើក។ ក្នុងនោះការបើកកិច្ចប្រជុំជាទៀងទាត់របស់ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់រៀងរាល់មួយខែម្តងចំនួន៦លើក, ពិនិត្យទៅលើសេចក្តីព្រាងច្បាប់ និងព្រាងគោលនយោបាយជាតិចំនួន ៤លើក និងកោះអញ្ជើញថ្នាក់ដឹកនាំក្រសួងមកឆ្លើយបំភ្លឺលើបញ្ហានានាចំនួន៣លើកបន្ថែមទៀត។ ក្រសួងដែលកោះហៅនោះរួមមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន។
បើតាមលោក ឈឹម ផលវរុណ ក្នុងរយៈពេល៦ខែនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែលជាប្រតិភូរបស់គណបក្សនយោបាយទាំង១៦ បានធ្វើបេសកកម្មចុះទៅតាមបណ្តាខេត្ត ដើម្បីដោះស្រាយបញ្ហាជាង ១០០លើក។ លោកលើកឡើងថា ក្នុងបេសកកម្មជាង ១០០លើកនេះ បានចូលរួមដោះស្រាយលើបញ្ហាជាច្រើនជាពិសេសជម្លោះដីធ្លី ហើយបានកសាងរបាយការណ៍ដាក់ជូនសម្តេចតេជោ ហ៊ុន សែន។ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានរកឃើញផងដែរថា ទាំងជម្លោះដីធ្លី បទល្មើសនេសាទ និងបទល្មើសព្រៃឈើជាដើម សុទ្ធតែមានជាប់ពាក់ព័ន្ធជាមួយបុគ្គលជាមន្ត្រីទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែរនោះ បានឲ្យដឹងថា ក្នុងរយៈពេល៦ខែនេះ លោកបានជំរុញឲ្យមានការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋរងគ្រោះក្នុងជម្លោះដីធ្លី និងបានលើកជាយោបល់មួយចំនួនក្នុងការទប់ស្កាត់ការប្រព្រឹត្តទង្វើខុសច្បាប់ ដូចជាការចាក់ដីលុបសមុទ្រ។
លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឲ្យដឹងប្រតិភូគណបក្សរបស់លោកបានចុះទៅតាមបណ្តាខេត្ត មានដូចជាក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ស្វាយរៀង កណ្តាល បន្ទាយមានជ័យ និងបាត់ដំបងជាដើម ដើម្បីដោះស្រាយបញ្ហារំលោភដីធ្លី និងពិនិត្យលើការជួលដីស្រែរបស់ប្រជាពលរដ្ឋនៅតាមព្រំដែនទៅឲ្យវៀតណាម និងសិទ្ធិជនជាតិដើមភាគតិចនៅភូមិភាគឦសាន។
លោក គង់ មុនីកា បានលើឡើងថា តាមការចុះអង្កេតផ្ទាល់ និងការផ្តល់ព័ត៌មានរបស់ប្រជាពលរដ្ឋ គឺនៅតែមានការជួលដីនៅតាមបន្ទាត់ព្រំដែន ក្នុងរូបជួលវៀតណាមមកធ្វើជាកម្មករ ឬ យាមដីស្រែជាដើម។
ក្នុងដំណើរការរយៈពេល៦ខែមកនេះមានបញ្ហាប្រឈមជាច្រើន ដែលតំណាងគណបក្សនយោបាយនីមួយៗបានជួបប្រទះផងដែរ ហើយបញ្ហាប្រឈមនោះគឺដូចៗគ្នា។ លោក ឈឹម ផលវរុណ ក៏ដូចជាលោក ពេជ្រ ស្រស់ និងលោក គង់ មុនីកា សុទ្ធតែបានលើកឡើងថា បញ្ហាប្រឈមសម្រាប់ឧត្តមក្រុមប្រឹក្សា គឺការខ្វះកិច្ចសហការពីអាជ្ញាធរនៅថ្នាក់ក្រោមជាតិ។
លោក ឈឹម ផលវរុណ បានលើកឡើងថា អាជ្ញាធរនៅថ្នាក់ក្រោមជាតិមិនទាន់យល់ និងមិនបានដឹងពីតួនាទីរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាហេតុធ្វើឲ្យអាជ្ញាធរនៅថ្នាក់ក្រោមជាតិមិនសូវផ្តល់កិច្ចសហការ។ ក្នុងនោះមានអភិបាលខេត្តខ្លះពេលណាត់ជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ហើយបែរជាមិននៅជួប ឬមិនមកជួបទៅវិញ។
លោក ឈឹម ផលវរុណ ចាត់ទុកកាយវិការនេះ គឺជាការមើលស្រាលមួយចំពោះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
ក្នុងជំនួបប្រជុំប្រចាំឆមាសនៅថ្ងៃស្អែកនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់សុទ្ធតែបានត្រៀមលើកយកបញ្ហាប្រឈមរបស់ខ្លួន ក៏ដូចជាបញ្ហាអសកម្មរបស់មន្ត្រីរាជការជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីស្វែងរកដំណោះស្រាយ។
ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃស្អែកនេះ លោក ពេជ្រ ស្រស់ គ្រោងលើកសំណើឲ្យសម្តេចតេជោ ពិនិត្យលទ្ធភាពការងារថ្នាក់ក្រោមជាតិ ថ្នាក់ក្រោមជាតិ និងស្នើឲ្យមានការគោរពការងាររបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ លោក ពេជ្រ ស្រស់ ក៏នឹងស្នើឲ្យពន្លឿនប្រសិទ្ធភាពការងាររបស់អាជ្ញាធរឆ្លើយតបបញ្ហាដែលបានកើតឡើង ជាពិសេសបញ្ហារបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះ។
សម្រាប់លោក គង់ មុនីកា វិញ គ្រោងនឹងលើកយកបញ្ហាទាំងឡាយដែលបានចុះទៅឃើញជាក់ស្តែង ហើយជំរុញឲ្យចាត់វិធានការ និងដំណោះស្រាយឲ្យមានប្រសិទ្ធភាពលើការងារនៅតាមព្រំដែន និងទំនាស់ដីធ្លី។ លោកក៏នឹងជំរុញឲ្យបញ្ជ្រាបតួនាទី ភារកិច្ច របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទៅដល់មន្ត្រីថ្នាក់ក្រោមជាតិ និងជំរុញឲ្យមានកែប្រែឥរិយាបថរបស់មន្ត្រីក្នុងកិច្ចសហការជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងចេះទទួលស្គាល់កំហុស និងចំណុចខ្វះខាតរបស់ខ្លួន។
លោក ឈឹម ផលវរុណ បានចាត់ទុកកិច្ចប្រជុំនៅថ្ងៃស្អែករវាងសម្តេចតេជោ ហ៊ុន សែន ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺជាការផ្តល់តម្លៃខ្ពស់បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដោយសារតែកិច្ចប្រជុំនេះ ត្រូវបានអញ្ជើញមន្ត្រីរាជរដ្ឋាភិបាលថ្នាក់ឧបនាយករដ្ឋមន្ត្រីទាំងអស់ចូលរួមប្រជុំ និងមានការផ្សាយបន្តតាមវីដេអូខុនវើរិនទៅតាមខេត្ត និងទីបញ្ជាការដ្ឋានកងទ័ព។ ជាពិសេសសេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកមានតម្លៃស្មើសេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីផងដែរ។
ក្រោយពេលកិច្ចប្រជុំលោក ឈឹម ផលវរុណ នឹងធ្វើសន្និសីទព័ត៌មានបង្ហាញលទ្ធផលនៃកិច្ចប្រជុំនោះ បន្ទាប់មកក៏នឹងមានការរៀបចំពិសារអាហាររួមគ្នារវាងសម្តេចតេជោ ហ៊ុន សែន និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់៕