(ភ្នំពេញ)៖ បន្ទាប់ពីចំណាយពេល២ថ្ងៃពេញ ដើម្បីសាកសួរដេញដោលលើជនជាប់ចោទចំនួន៤នាក់ និងសាក្សីសំខាន់ៗក្នុងសំណុំរឿងឃាតកម្មសម្លាប់នារីកំណាន់ លោក ឡាយ វណ្ណៈនោះ តុលាការមិនទាន់អាចបញ្ចប់សវនាការ បានទេ ដោយលើកពេលទៅបន្តសវនកាជាថ្មីម្តងទៀត នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។
សវនាការនេះ ក្រោមការដឹកនាំរបស់ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប្រធានក្រុុមប្រឹក្សាចៅក្រមជំនុំជម្រះ និងមានលោកព្រះរាជអាជ្ញារង ប្លង់ សុផល ជាតំណាងអយ្យការសវនាការ។
សូមជម្រាបជូនថា សវនាការកាត់ទោស ជនជាប់ចោទ ចំនួន៤នាក់ ដែលពាក់ព័ន្ធអំពើឃាតកម្មលើ ជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា ធ្លាប់បានធ្វើម្តងរួចហើយកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩កន្លងទៅ ដោយតុលាការ បានសាកសួរ ដេញដោលយកចម្លើយបានតែលោក ឡាយ វណ្ណៈ តែម្នាក់ប៉ុណ្ណោះ។ លោក ឡាយ វណ្ណៈ ធ្លាប់បានទទួលស្គាល់ថា ជនរងគ្រោះ និងលោក ពិតជាស្រលាញ់គ្នាមែន ប៉ុន្តែលោកអះអាងថា លោកមិនបានសម្លាប់នាងនោះទេ គឺនាងចងកធ្វើអត្តឃាត។
នៅក្នុងសវនាការ ចំនួន២ថ្ងៃនេះ ជនជាប់ចោទ ឡាយ ណារិទ្ធ ឆ្លើយថា ខ្លួនមិនបានសម្លាប់ជនរងគ្រោះទេ ការកសាងសំណុំរឿង ចោទប្រកាន់ បងប្អូនលោក ទាំង២នាក់ គឺជារឿងប្រឌិតទាំងស្រុង ព្រោះនៅថ្ងៃកើតហេតុ លោក នៅជាមួយ ឈ្មោះជាតិ ជាសមត្ថកិច្ចម្នាក់នៅខេត្តតាកែវ។
ដោយឡែក ជនជាប់ចោទឈ្មោះ ម៉េន សាម៉ៃ បានប្រាប់អង្គសវនាការថា វរសេនីយ៍ឯក ជាវ វិបុល ប្រធានការិយាល័យព្រហ្មទណ្ឌ បានវាយដុំ និងគំរាមកំហែងខ្លួន ឲ្យឆ្លើយទម្លាក់កំហុសលើ ឈ្មោះ ឡាយ វណ្ណៈ និងឈ្មោះ ឡាយ ណារិទ្ធ ជាអ្នករួមគ្នាសម្លាប់ជនរងគ្រោះ។ ប្រសិនបើពួកគេមិនព្រមឆ្លើយតាម អ្វីដែលលោក ជាវ វិបុល បញ្ជាទេគេនឹងឆក់។ ដោយមានការភ័យខ្លាច ទើបពួកគេព្រមធ្វើតាម ការបញ្ជារបស់លោក ជាវ វិបុល ទាំងអស់ រហូតដល់ដំណាក់កាល អយ្យការ និងចៅក្រមស៊ើបសួរ។ ឈ្មោះ ម៉េន សាម៉ៃ និយាយថា លោក ជាវ វិបុល ប្រាប់ឲ្យឆ្លើយទម្លាក់កំហុសលើឈ្មោះ ឡាយ ណារិទ្ធ និងឈ្មោះ ឡាយ វណ្ណៈ ទៅចាំគេជួយឲ្យឆាប់បានចេញពីគុកវិញ និងជួយសងបំណុលដែលជំពាក់គេ។
លោកស្រី ចាន់ រី ប្រពន្ធជនជាប់ចោទ ឈ្មោះ ជឹម វុធ បានឆ្លើយក្នុងនាមជាសាក្សីថា លោក ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចាប់កូនលោកស្រីម្នាក់ជាសង្ឃ ព្រះជន្ម១២វស្សា យកពីខេត្តព្រៃវែង មកក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងបានប្រគេនបច្ច័យលោកចំនួន១០ម៉ឺនរៀលទៀតផង។ ឈ្មោះ ចាន់ រី បន្តថា លោក ជាវ វិបុល និងលោក ប៉ុល រតនា បានសន្យាទិញម៉ូតូ, ឲ្យលុយសងបំណុលគេ និងធ្វើផ្ទះតូចមួយឲ្យនាង ប្រសិនបើនាង ឆ្លើយថា ឈ្មោះ ឡាយ ណារិទ្ធ និងឈ្មោះ ឡាយ វណ្ណៈ អ្នកសម្លាប់ជនរងគ្រោះ។
ឈ្មោះ ជឹម វុធ បានឆ្លើយថា សមត្ថកិច្ចចាប់ខ្លួនគេ នៅបុរីប៉េងហួតបឹងស្នោរ និងបានបង្ហាញវីដេអូ ថាប្រពន្ធ និងឈ្មោះ ម៉េន សាម៉ៃ ព្រមសារភាពហើយ ដូច្នេះកុំកុហក់ ត្រូវនិយាយ រឿង ឈ្មោះ ឡាយ វណ្ណៈ និងឈ្មោះ ឡាយ ណារិទ្ធ ជាអ្នកសម្លាប់ ជនរងគ្រោះទៅ។ ក្រោយពីសាកសួរ ឈ្មោះ ចាន់ រី និងឈ្មោះ ជឹម វុធ រួចសមត្ថកិច្ច បានយកអ្នកទាំង ២ទៅឃុំខ្លួននៅ ផ្ទះសំណាក់ ឈ្មោះ ពៅ សុខុម នៅម្តុំជ្រោយចង្វា រយៈពេល ២២ថ្ងៃ មុនពេលឈានដល់ការចាប់ខ្លួនឈ្មោះ ឡាយ ណារិទ្ធ និងឈ្មោះ ឡាយ វណ្ណៈ។
ជាការឆ្លើយតប លោក ជាវ វិបុល និងលោក ប៉ុល រតនា បានច្រានចោទការលើកឡើងពាក់ព័ន្ធ ការចោទថា បានធ្វើទារុណកម្មយកចម្លើយពីជនជាប់ចោទ។ ចំពោះការយក ឈ្មោះ ជឹម វុធ និងឈ្មោះ ចាន់ រី ទៅឲ្យស្នាក់នៅផ្ទះសំណាក់ ពៅ សុខុម គឺជាការការពារ សុវត្ថិភាព ដល់សាក្សី ដែលមានការអនុញ្ញាតពីព្រះរាជអាជ្ញា។
ជាការឆ្លើយតបនៅក្នុងសវនាការនោះ លោកឧត្តមសេនីយ៍ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ បាននិយាយថា «ខ្ញុំសូមបដិសេធ នេះជាជំនាញការស៊ើបអង្កេត មិនមែនជាការចាប់ កូនគាត់យកមកធ្វើអីទេ ពីព្រោះការស៊ើបអង្កេតដំបូង យើងរកសាវតារបស់សាក្សី ពីរនាក់ប្ដី-ប្រពន្ធ ទាល់តែយើងរកនៅតាមភូមិ-ឃុំ របស់ពួកគាត់ ចឹងនៅពេលដែលយើងរកឃើញភូមិ-ឃុំ របស់គាត់ពិតប្រាកដហើយ យើងទៅរកទីតាំងផ្ទះគាត់ អត់ជួបគាត់ យើងមានតែលោក (ព្រះសង្ឃ) ដោយនាំមកចង្អុលម្ដាយរបស់គាត់ អាហ្នឹងជាការពិត តាមការស្រាវជ្រាវ មិនមែនជាការចាប់កូនគាត់មកនោះទេ ព្រោះគាត់ជាសាក្សីសំខាន់»។
សូមបញ្ជាក់ថា តុលាការបាន ចោទប្រកាន់លើ៖
- ទី១៖ ឈ្មោះ ឡាយ វណ្ណ: ភេទប្រុស អាយុ៤៥ឆ្នាំ
- ទី២៖ ឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ (ជាបងប្រុស របស់លោក ឡាយ វណ្ណៈ) ពីបទ ឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
- ទី៣៖ ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតៃកុងឡានរបស់ លោក ឡាយ វណ្ណ: និងទី៤ឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកបម្រើនៅផ្ទះរបស់លោកស្រី ចែវ សុវឌ្ឍនា ពីបទ លាក់បំបាំងតម្រុង ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា ជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។ភ្លាមៗ ករណីនេះត្រូវបានសមត្ថកិច្ច សន្និដ្ឋានថា ជារឿង អត្តឃាត ព្រោះតែវិបត្តិស្នេហា។ ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណីខាងលើ មិនមែនជារឿង អត្តឃាតឡើយ ពោលគឺរឿង ឃាតកម្ម ដោយមានអ្នកបញ្ជា និងរៀបចំទុក និងបានឈានដល់ការឃាត់ខ្លួនក្រុមជនដៃដល់ទាំង៤នាក់ ខាងលើបញ្ជូនទៅតុលាការតែម្តង។
នៅក្នុងសវនាការសួរដេញដោល ជនត្រូវចោទ ឡាយ វណ្ណៈ បានរៀបរាប់ថា នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ មុននាងស្លាប់១ថ្ងៃ ខ្លួនបានប៉ះសម្តីគ្នា ជាមួយជនរងគ្រោះ ព្រោះរឿងប្រច័ណ្ឌថា ខ្លួនមានស្រីក្រៅ។ នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ដែលជាថ្ងៃកើតហេតុ ឡាយ វណ្ណៈ បានទៅជួបជនរងគ្រោះ នៅផ្ទះដែលខ្លួនជួលឲ្យស្នាក់នៅ ហើយពេលនោះ ឡាយ វណ្ណៈ និងជនរងគ្រោះបានឈ្លោះគ្នា ព្រោះតែនាងប្រច័ណ្ឌរឿងមានស្រីផ្សេងទៀត និងសុំឲ្យ ឡាយ វណ្ណៈ យកនាងធ្វើប្រពន្ធទី២ ដោយបើកចំហថែមទៀតផង។
ដោយសារតែនិយាគ្នាមិនត្រូវ ទើបជនជាប់ចោទជិះឡានចេញពីផ្ទះនោះ ទៅពិនិត្យការងារសួននៅក្បែរវិមានឯករាជ្យ ក្នុងខេត្តតាកែវ ដែលពេលនោះនាង ចាន់រី អ្នកបម្រើជនរងគ្រោះ បានទូរស័ព្ទប្រាប់ខ្លួនថា ជនរងគ្រោះយកកាំបិត អារដៃ សុំឲ្យខ្លួនទៅមើលវិញ។ ដោយសារខឹងជនរងគ្រោះពេក លោកបាននិយាយតបតាមទូរស័ព្ទទៅនាង ចាន់រី ថា «បើវាចង់ងាប់ ឲ្យវាងាប់ទៅ ជារឿងរបស់វា។ អញមានការងារអញត្រូវធ្វើ»។
លុះព្រលប់បន្តិចនាង ចាន់រី បានហៅទូរស័ព្ទមកម្តងទៀតថា ជនរងគ្រោះបានចងកសម្លាប់ខ្លួនហើយ ទើបខ្លួនប្រើតៃកុងឡានឈ្មោះ ម៉េន សាម៉ៃ ឲ្យទៅមើល និងហៅទូរស័ព្ទប្រាប់មកវិញថា នាងពិតជាចងកស្លាប់មែន។
ឡាយ វណ្ណៈ បានបញ្ជាក់ទៀតថា ខ្លួនបានផ្តល់ដំណឹងនេះ ហើយក៏ហៅទូរស័ព្ទទៅ ឡាយ ណារិទ្ធ ជាបងប្រុស និងជាស្នងការរង ឲ្យទៅជួយមើលកន្លែងកើតហេតុ។
គួររំលឹកដែរថា លោក កូយ សៅ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ បានសម្រេចចេញដីកាឃុំខ្លួនលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និង បក្ខពួក៣នាក់ទៀត ដាក់ពន្ធនាគារបណ្តោះអាសន្ន។ ចំណែកមនុស្សពីរនាក់ទៀត ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ព្រោះមិនជាប់ពាក់ព័ន្ធ។
ជនសង្ស័យត្រូវចោទទាំង៤នាក់រួមមាន៖ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ, លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ, ម៉េន សាម៉ៃ អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និងឈ្មោះ ជឹម វុធ ហៅ ថូត ជាអ្នកបំរើនៅផ្ទះនាង ចេវ សុវឌ្ឍនា។ ចំណែកមនុស្សពីរនាក់ទៀត ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញមានឈ្មោះ ឈ្មោះ ចាន់ រី ភេទស្រី និងឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឱ្យលោក ឡាយ ណារិទ្ធ។
លោក ឡាយ វណ្ណៈ អាយុ៤៥ឆ្នាំ និងលោក ឡាយ ណារិទ្ធ អាយុ៤៦ឆ្នាំ ជាប់ចោទប្រកាន់ពីបទឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ ចំណែកឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ និងឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាប់ចោទប្រកាន់ពីបទលាក់បំបាំងតម្រុយ ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ៕