(ស្ទឹងត្រែង)៖ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឲ្យយុវជន យុវនារី ត្រូវខិតខំរៀន យកជំនាញបច្ចេកទេសឲ្យចេះពិតប្រាកដ ដើម្បីងាយស្រួលរកការងារធ្វើផង និងអាចរកប្រាក់ចំណូលបានខ្ពស់ថែមទៀត ហើយធ្វើឱ្យសេដ្ឋកិច្ចគ្រួសារ មានជីវភាពរស់នៅបានស្រួល និងធូរធា។
លោកបណ្ឌិត ពេជ សោភ័ន បានលើកឡើងដូចនេះនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកអញ្ចើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ការអនុវត្តប្រពន្ធវាយតម្លៃលើសមត្ថភាព និងការផ្តល់គុណវុឌ្ឍ ដែលបានធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង ពិធីនោះដែរក៏មានការចូលរួមពីលោក ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែងផងដែរ។
លោក ពេជ សោភ័ន បានថ្លែងថា បើចង់បានប្រាក់ខែ ប្រាក់អាទិត្យ ប្រាក់ថ្ងៃ ឬប្រាក់ម៉ោងច្រើននោះ យើងជាកម្មករ-កម្មការិនី ឬជាបុគ្គលិកក្រុមហ៊ុន ត្រូវតែខិតខំបំពេញការងារឲ្យបានល្អ និងគ្រប់ពេលម៉ោងការងារ មិនត្រូវខ្ចិលច្រអូស លេះឡោះ ចាំតែបើកប្រាក់ខែនោះទេ ព្រោះថា ប្រាក់ទាំអស់វាមិនមែនធ្លាក់ពីលើមេឃទេ ទាល់តែខំប្រឹងទើបបានប្រាក់ ដូច្នេះមានជំនាញបច្ចេកទេស បូករួមនិងភាពឧស្សាហ៍ វាអាចធ្វើឱ្យយើងអាចរកប្រាក់ចំណូលបានច្រើន ដែលជាហេតុធ្វើឱ្យគ្រួសារមានជីវភាពធូរធា។
លោក ញ៉ែម សារី បានកោតសសើរចំពោះកម្មវិធីអភិវឌ្ឍជំនាញ ដែលគាំទ្រដោយ swiss contact ដែលបានបង្ហាត់បង្រៀនជំនាញបច្ចេកទេសដល់ប្អូនៗ ដែលមកពីគ្រួសារខ្វះលទ្ធភាព និងក្រីក្រ មិនអាចបន្តការសិក្សាឱ្យខ្ពស់ទៅមុខទៀត ឲ្យពួកគេបានចូលរៀនវគ្គជំនាញ ហើយអាចរកការងារធ្វើបានថែមទៀត ដែលអាចជួយរកប្រាក់ចំណូលជួយក្រុមគ្រួសារ ឱ្យមានជីវភាពល្អប្រសើ។
លោកបានបន្តថា កម្មវិធីអភិវឌ្ឍជំនាញបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាវៈ ដែលឧបត្ថមដោយ wsiss contact បានជ្រើសរើសយកខេត្តគោលដៅចំនួន៣ នៅភូមិភាគឥសាន្តគឺខេត្តព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ហើយការបណ្តុះបណ្តាលលើ៤មុខរបរ គឹការងារកំបោរ ការតបណ្តាញអគ្គិសនី ការជួសជុលម៉ាស៊ីនធុនតូច និងការជួសជុលទោចក្រយានយន្ត ស្របតាមកំរិត១ នៃក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា។
សូមរំលឹកថា នៅខេត្តស្ទឹងត្រែង មានមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:មួយកន្លែង ដែមជ្ឈមណ្ឌលខាងលើ បានចាប់ផ្តើមបើកតាំងពីឆ្នាំ២០០១ ហើយសព្វថ្ងៃមជ្ឈមណ្ឌល មានសិក្ខាកាមកំពុងសិក្សាវគ្គជំនាញបច្ចេកទេសចំនួន ១២៥នាក់ ដែលមកពីក្រុមគ្រួសារក្រីក្រ មិនមានលទ្ធភាពរៀនបន្តទៅមុខទៀត។ មជ្ឃមណ្ឌលនេះ មានការឧបត្ថមគាំទ្រពីអង្គការស្វិសខន់តាក់ (swiss contact)។ បើតាមរបាយការណ៍របស់មជ្ឈមណ្ឌលបានបង្ហាញថា មានសិក្សជាង៦០%ហើយ បានរៀនចប់ និងចេញទៅធ្វើការងារនៅខាងក្រៅ៕