(ភ្នំពេញ)៖ ក្រុមហ៊ុន Dell នារសៀលថ្ងៃទី២៧ ខែកម្ភៈ ឆ្នាំ២០១៩ បានបើកសម្ពោធ Showroom ថ្មីរបស់ខ្លួនក្នុងក្រុមហ៊ុន PTC កុំព្យូទ័រ សាខាព្រះមុនីវង្ស អគារលេខ២៥០, ២៥២ ក្រោមអធិបតីភាព លោកស្រី ភីយ៉ាណាត់ ធុងម៉ាក ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំឥណ្ឌូចិន Dell និងលោកឧកញ៉ា អ៉ឹង សែ អគ្គនាយកក្រុមហ៊ុន PTC កុំព្យូទ័រ ខូអិលធីឌី រួមទាំងគណៈគ្រប់គ្រង នៃក្រុមហ៊ុនទាំងពីរផងដែរ។
ក្នុងឱកាសនោះ លោកឧកញ៉ា អ៉ឹង សែ បានលើកឡើងថាក្រុមហ៊ុន PTC កុំព្យូទ័រ ខូអិលធីឌី គឺជាក្រុមហ៊ុនមួយ ដែលទទួលបានសិទ្ធិចែកចាយផ្តាច់មុខ លើផលិតផលម៉ាក Dell គ្រប់ម៉ូឌែលទាំងអស់ និងផ្តល់សេវាកម្មជួសជុល អស់រយៈពេលជាង១០ឆ្នាំ កន្លងមកក្នុងប្រទេសកម្ពុជា។
លោកបន្តថា PTC គឺជាក្រុមហ៊ុនធំជាងគេបំផុត ក្នុងការផ្គត់ផ្គង់សម្ភារបច្ចេកវិទ្យាព័ត៌មានវិទ្យា និងសេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យាចាប់តាំងពីឆ្នាំ១៩៩៦ មកម្លេះ គិតមកដល់ឆ្នាំ២០១៩នេះ មានរយៈពេលជាង២០ ឆ្នាំហើយ។
លោកស្រី ភីយ៉ាណាត់ ធុងម៉ាក បានលើកឡើងដែរថា ក្នុងនាមលោកស្រី ជានាយកប្រចាំឥណ្ឌូចិនក្រុមហ៊ុន Dell ពិតជាមានសេចក្តីសោមនស្សរីករាយជាអនេក ហើយលោកស្រីសង្ឃឹមយ៉ាងមុតមាំថា នឹងនៅតែបន្តនិរន្តភាព ក្នុងកិច្ចសហប្រត្តិបត្តិការអាជីកម្មជាមួយ ក្រុមហ៊ុន PTC ឲ្យកាន់តែរលូននិងល្អប្រសើរ ដើម្បីពង្រីកវិសាលភាពពាណិជ្ជកម្ម និងបំពេញតម្រូវការ របស់អតិថិជនគ្រប់មជ្ឈដ្ឋាន។
លោកស្រី ភីយ៉ាណាត់ ធុងម៉ាក បានបន្តថា ភាពជោគជ័យទាំងអស់របស់ ក្រុមហ៊ុន PTC និងក្រុមហ៊ុន Dell គឺដោយសារមានការគាំទ្រ និងជួយជ្រោមជ្រែងពី សំណាក់បងប្អូនដៃគូអាជីវកម្មទាំងអស់ ដែលមានវត្តមាននៅថ្ងៃនេះ និងដៃគូអាជីវកម្មផ្សេងៗទៀតទូទាំងប្រទេសកម្ពុជា។
លោកស្រីបញ្ជាក់ថា «នាងខ្ញុំសង្ឃឹមយ៉ាងម៉ុតម៉ាំថា បងប្អូនដៃគូអាជីវកម្មទាំងអស់ នៅតែបន្តគាំទ្រដល់ក្រុមហ៊ុន PTC និងក្រុមហ៊ុន Dell ដើម្បីភាពរីកចំរើន ក្នុងការទទួលបានផលចំណេញ និងជោគជ័យអាជីវកម្មទាំងអស់គ្នា»។
អតិថិជនទាំងអស់ អាចទំនាក់ទំនងមក ក្រុមហ៊ុន PTC កុំព្យូទ័រ ខូអិលធីឌី មាន៥សាខា គឺសាខាទី១ ការិយាល័យកណ្តាល អគារលេខ៦៦ ផ្លូវលេខ៦៣ កែងផ្លូវលេខ១៥៤ (ក្បែរផ្សារសូរិយា), សាខាទី២ អគារលេខ២៥០-២៥២ មហាវិថីព្រះមុនីវង្ស, សាខាទី៣ ផ្ទះលេខ៨១-៨៣ ខាងជើងផ្សារធំថ្មី, សាខាទី៤ ខេត្តបាត់ដំបង ផ្លូវលេខ២ ម្តុំសាលា២ធ្នូ, និងសាខាទី៥ ខេត្តសៀមរាប អគារលេខ៥៥៥ ផ្លូវទេពវង្ស៕