(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដឹកនាំបើកកិច្ចប្រជុំត្រួតពិនិត្យផែនការ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យទន្លេ នាថ្ងៃទី១៥-១៦-១៧ ខែមីនា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានការចូលរួមពី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោកឧត្តមសេនីយ៍ ជាអនុប្រធាន និងសមាជិក អនុប្រធានអនុគណៈកម្មការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ថ្នាក់ជាតិ, អភិបាលរងខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត ជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង, លោកស្នងការ-ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង មេបញ្ជាការ-មេបញ្ជាការរងសឹករងខេត្ត, មេបញ្ជាការ-មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងតំណាងក្រុមហ៊ុនដឹកជញ្ជូនផ្លូវគោក សរុបចំនួន១៤៦នាក់។
ក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បានផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសប្រារព្ធពិធីបុណ្យទន្លេ លើកទី៥ ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
នាយឧត្តមសេនីយ៍ អគ្គស្នងការរងរូបនេះ បានសង្កត់ធ្ងន់លើបញ្ហាបញ្ចៀសរថយន្តដឹកជញ្ជូនធុនធ្ងន់ ត្រូវវាងទីតាំងប្រារព្ធពិធី ដោយត្រូវពង្រាយ កម្លាំងនគរបាលចរាចរណ៍ និងកម្លាំងកងរាជអាវុធហត្ថបង្ហាញទិសចរាចរណ៍ និងកិច្ចសហការការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ដើម្បីធានាបានសុវត្ថិភាពល្អប្រសើរ។
ពិធីបុណ្យទន្លេលើកទី៥ នឹងរៀបចំនៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍»៕