(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា បានបញ្ជាក់ឲ្យដឹងថា អង្គការរបស់ជប៉ុនមួយ ដែលមានឈ្មោះថា Yume School ( School Aid Japan) បានសន្យាជួយសាងសង់អគារសិក្សា ដល់សាលាបឋមសិក្សា ចំនួន២ នៅខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង។
តំណាងអង្គការ Yume School ( School Aid Japan) តាមរយៈ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងលោកស្រី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានចុះពិនិត្យដោយផ្ទាល់ក្នុងបរិវេណ សាលាបឋមសិក្សាតាសួស ដែលមានទីតាំង នៅភូមិតាសួស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង និងសាលាបឋមសិក្សា ក្បាលដំរី ស្ថិតនៅឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលកំពុងខ្វះអគារ សម្រាប់សិស្សានុសិស្សសិក្សារៀនសូត្រ។
ជាមួយគ្នានោះ តំណាងអង្គការ Yume School បានសន្យាថា នឹងពិនិត្យលទ្ធភាព ជួយសាងសង់អគារមួយខ្នង នៅសាលា បឋមសិក្សាតាសួស ចំណែកនៅសាលាបឋមសិក្សាក្បាលដំរី លោកនឹងយកទៅសិក្សាជាមួយថ្នាក់លើសិន។
ជុំវិញការចុះពិនិត្យនេះ រដ្ឋមន្រ្តី វង សូត បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីមានសំណើរបស់ប្រជាពលរដ្ឋ ពិសេស នាយកសាលាមកសម្តេចពញាចក្រី ហេង សំរិន ទើបសម្តេច បានស្នើដល់អង្គការ Yume School ឲ្យជួយសាងសង់អគារ សិក្សាសម្រាប់កូនក្មួយបានរៀនតាមតម្រូវការ ។
បើតាមលោក ប៉ាង មុន្នីបញ្ញា នាយកសាលាបឋមសិក្សាតាសួស បានលើកឡើងថា សព្វថ្ងៃសាលារបស់លោក ខ្វះអគារសិក្សាចំនួន៦បន្ទប់ ខណៈសិស្សសរ៉ុប ៤០៦ នាក់។ លោកថាបើអង្គការខាងលើនេះ ជួយសាងសង់អគារតាមសំណើ នោះវានឹងជួយសម្រួលដល់ក្មួយៗសិស្សានុសិស្សបានមួយកម្រិត ធំព្រោះសព្វថ្ងៃពួកគេរៀនក្នុងបន្ទប់ធ្វើពីដែក នៅពេលថ្ងៃក្តី រៀនមិនកើតនោះទេ ហេតុនេះហើយទើបសព្វថ្ងៃរៀនតែពេល ព្រឹកមួយវេណប៉ុណ្ណោះ ។
បន្ថែមពីលើនេះ លោក ជូន ស៊ីធូ នាយកសាលាបឋមសិក្សាក្បាលដំរី បានឲ្យដឹងថា សព្វថ្ងៃសាលារបស់លោកខ្វះ បន្ទប់សម្រាប់សិស្សរៀនចំនួន៦បន្ទប់ ខណៈពេលនេះ មានសិស្សចំនួនមួយថ្នាក់បានរៀននៅខាងក្រៅ ដូចនេះបើ អង្គការ Yume School ជួយសាងសង់អគារមួយខ្នង៦បន្ទប់ តាមសំណើរគឺពិតជាល្អបំផុត សម្រាប់ក្មួយៗសិក្សារៀនសូត្រ៕